ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកែប មានគម្រោងរុះរើ​របងព្រំដី​ព្រៃ​លិច​ទឹក តែត្រូវផ្អាកទៅវិញ

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប​៖ អាជ្ញាធរខេត្តកែប មាននគរបាលខេត្ត និងស្រុកដំណាក់ចង្អើរ រួមទាំងមន្ត្រីពាក់ព័ន្ធ ប្រមាណ ៣០នាក់​ កាលពីព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១…

ខេត្ត​កែប​៖ អាជ្ញាធរខេត្តកែប មាននគរបាលខេត្ត និងស្រុកដំណាក់ចង្អើរ រួមទាំងមន្ត្រីពាក់ព័ន្ធ ប្រមាណ ៣០នាក់​ កាលពីព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានទៅដល់​មាត់ព្រែកមួយ ដែល​សំបូរទៅដោយដើមចាក និងដើមកោងកាង ជាព្រៃលិច​ទឹក ស្ថិត​នៅ​ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ការដាក់កម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធនោះ គឺ​គ្រោងនឹ​ង​ដកបង្គោលរបងជាព្រំដី នៅជាប់មាត់ព្រែក ដែល​ស្ថិតនៅក្នុង​ភូមិអំពេងនោះ។

ប៉ុន្តែកម្លាំងមន្ត្រីទាំងអស់ បានចាកចេញពី​មាត់ព្រែកនោះវិញ​ ដោយមើលឃើញប្រជាពលរដ្ឋ នៅភូមិអំពេងជាច្រើននាក់ បានចេញមកគាំទ្រលោកយាយ យិត ញ៉ អាយុ ៧៩ឆ្នាំ ជាម្ចាស់ដី ធ្លាប់អាស្រ័យផល។

ពាក់ព័ន្ធករណីចម្រូងចម្រាស់នេះ លោកយាយ យិត ញ៉ ដែល​អះអាងថា ជាម្ចាស់ដី បាន​អោយដឹងថា ដីនៅមាត់ព្រែកនេះ គាត់កាន់កាប់ តាំងពីឆ្នាំ១៩៧៩ មកម្លេះ កាលណោះ ប្ដីគាត់បានថែរក្សា តាំងពីព្រៃលិចទឹក ជាពិសេសដើមចាក គឺគាត់រក​ចំណូលបានពីលក់ស្លឹកចាក់មួយចំណែក គ្រាន់ដោះដូរក្នុងជីវភាពគ្រួសារ រហូតប្ដីរបស់គាត់ បានស្លាប់ទៅ ក៏គាត់ និងកូនៗ បន្តថែមើលជាប្រចាំ។

លោកយាយបន្តថា ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែមានគេលួចកាប់ដើមចាកគាត់ចោលជាប់ ៤០គុម្ព នៅតាមបណ្ដោយព្រែក ហើយរកមុខមិនឃើញអ្នកណាកាប់ ទើបកូនៗគាត់ បានធ្វើរបង​ព្រំដីរបស់គាត់ មិនអោយគេលួចកាប់ បន្តបានទៀត។

លោកយាយ យិត ញ៉ និយាយថា កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា មា​នន​គរបាល មកជាច្រើននាក់ មានគម្រោង មកដកបង្គោល​ព្រំដីគាត់ចេញ។ប៉ុន្តែគាត់បាននិយាយប្រាប់ថា ដីរបស់គាត់ នៅមាត់ព្រែកពិតជាមិនទាន់មានប័ណ្ណកម្មសិទ្ធិ​កាន់កាប់មែន។ ប៉ុន្តែបើរដ្ឋ ត្រូវការគាត់មិនជំទាស់ទេ គឺ​ប្រគល់ដីមាត់ព្រែកអោយទៅរដ្ឋវិញ។

លោកយាយ យិត ញ៉ និយាយថា ដកដីរបស់គាត់ទុកជាសម្បត្តិរដ្ឋ ក៏ត្រូវដកដី​អ្នកផ្សេងៗ នៅជិតដីគាត់ដែរ ព្រោះអ្នកខ្លះ គេលក់បានលុយរាប់ម៉ឺនដុល្លារទៅហើយ ក៏ត្រូវដកដែរ។ មកដកអី តែដីគាត់ ព្រោះនៅជិតនោះដែរ គេដាំដូងរាប់ពាន់គុម្ព គេដាំបានសុទ្ធតែអត់បណ្ណ ដូចតែគ្នា​។

លោកឧត្តមសេនីយ៍ត្រី ង៉ែត ទូច ស្នងការរងខេត្តកែប កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា បានឲ្យ​ដឹង​ថា អាជ្ញាធរ មកទីនេះ គឺតាមគោលការណ៍​ការពារសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ង៉ែត ទូច បន្តថា ការដាំបង្គោលរបង ធ្វើជាព្រំដីបែបនេះ ប៉ះពាល់ដីសាធារណៈ​របស់រដ្ឋ ហើយអាជ្ញាធរខេត្ត កំពុងដាក់ផែនការអន្តរាគមន៍ ទៅលើដីកន្លែងផ្សេងៗទៀត អ្នកដែលធ្វើរំលោភយកដីរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី និយាយថា ករណីដីធ្វើរបងព្រំដីមាត់ព្រែកនេះ ខាងអាជ្ញាធរ មានគម្រោងដករបងចេញ ហើយគាត់ធ្លាប់កាប់ស្លឹកចាកលក់អី ក៏លក់ចុះ គ្មានអ្នកណាជំទាស់ទេ។

យ៉ាងណាក៏ដោយ ក្រុមគ្រួសារលោកយាយ យិត ញ៉ នៅតែមិនទុកចិត្ត ព្រោះគាត់អះអាងថា ដីនោះ មានទំនាស់រវាងប្អូនថ្លៃ និងបងថ្លៃដណ្ដើម​គ្នា​កាន់កាប់លើ​ដីព្រៃលិច​ទឹកនោះ៕ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ