វិទ្យាស្ថានសន្ទនាមេគង្គ ដែលឈរលើទស្សនវិស័យដែលជំរុញដោយផ្នត់គំនិត និងគំរូជីវិតរបស់លោកហ្វាឌុលឡាល់ គូលិន (Fathullah Gulen) ដែលជាបញ្ញវន្ត ជាអ្នកឯកទេស ជាអ្នកត្រិះរិះ ជាមេដឹកនាំផ្នែកគំនិត ជាសកម្មជនអប់រំ និងជាអ្នកតស៊ូមតិ ដើម្បីសន្តិភាពជាតិតួកគីម្នាក់ ។ លោកត្រូវបានគេចាត់ទុកថាជាអ្នកផ្តួចផ្តើម និងជាអ្នកជំរុញទឹកចិត្តឱ្យមានចលនាសង្គមស៊ីវិលនៅជុំវិញពិភពលោក គឺចលនាបម្រើសង្គម ដែលបានស្តែងចេញចំពោះការងារអប់រំ កិច្ចសន្ទនា សន្តិភាព យុត្តិធម៌សង្គម និងភាពចុះសម្រុងក្នុងសង្គម ។
ខាងក្រោមនេះគឺជាការបោះពុម្ពផ្សាយដោយវិទ្យាស្ថានសន្ទនាមេគង្គ ដែលជាគុណតម្លៃមួយនៃការកសាងសន្តិភាព ដោយសារតែការអត់ឱន និងសេចក្តីស្រឡាញ់ ៖
សម្តេចព្រះនរោត្តម សីហនុ
សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅទីក្រុងភ្នំពេញ ហើយទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រិយ៍ ស៊ីសុវត្ថិ កុសមៈ ។ ព្រះអង្គបានសិក្សានៅសាលាបារាំងក្នុងទីក្រុងភ្នំពេញ ហើយបន្ទាប់មកទ្រង់បានបន្តថ្នាក់វិទ្យាល័យបារាំងនៅទីក្រុងព្រៃនគរ (ទីក្រុងហូ ជីមិញ ប្រទេសវៀតណាមបច្ចុប្បន្ន) និងសាលាយោធានៅទីក្រុងសូម័រ ប្រទេសបារាំង ។
នៅពេលដែលព្រះបិតុលារបស់ទ្រង់គឺព្រះបាទស៊ីសុវត្ថិ មុនីវង្ស បានសោយទិវង្គតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៤១ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របានជ្រើសរើសព្រះបាទសម្តេច នរោត្តម សីហនុ ជាស្តេចនៃប្រទេសកម្ពុជា ។ ទ្រង់បានឡើងសោយរាជ្យនៅខែកញ្ញា ឆ្នាំ១៩៤១ ខណៈដែលទ្រង់មានព្រះជន្មាយុ១៨ព្រះវស្សា ។
បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងដើមទសវត្សទី១៩៥០ ព្រះបាទសម្តេច នរោត្តម សីហនុ បានបង្កើតវិធានជាតិនិយម ហើយចាប់ផ្តើមទាមទារឯករាជ្យពីបារាំង ។ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិរបស់ព្រះអង្គ ប្រទេសកម្ពុជាបានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
រយៈពេលពីរឆ្នាំក្រោយទទួលបានឯករាជ្យព្រះបាទ នរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រឹត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា (សង្គមរាស្ត្រនិយម) ហើយទទួលងារជាសម្តេចព្រះឧបយុវរាជ។ បន្ទាប់ពីព្រះរាជបិតាសោយទិវង្គតទៅនៅក្នុងទសវត្សទី១៩៦០ ព្រះបាទសម្តេច នរោត្តម សីហនុ បានជាប់ឆ្នោតជាព្រះប្រមុខរដ្ឋ ។ ចាប់ពីពេលនោះមក ព្រះបាទសម្តេច នរោត្តម សីហនុ បានដឹកនាំប្រទេសរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ទ្រង់ចេញពីតំណែង ខណៈដែលទ្រង់កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាពសូវៀត ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញ រំសាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ពេលដែលទ្រង់គង់នៅជាប្រមុខរដ្ឋ ។ ប៉ុន្តែមួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឱ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩ ។ វៀតណាមបានចាប់ផ្តើមចូលមករំដោះកម្ពុជាពីរបបខ្មែរក្រហមនៅក្នុងខែធ្នូ ឆ្នាំ១៩៧៨ ។
កិច្ចចរចាសន្តិភាពរវាងសម្ព័ន្ធរដ្ឋកម្ពុជាប្រជាធិបតេយ្យ និងរដ្ឋាភិបាលរហូតមកដល់ឆ្នាំ១៩៩១ នៅពេលដែលគ្រប់ភាគីទាំងអស់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងប៉ារីស ។ បន្ទាប់ពីទ្រង់បានភាសព្រះកាយអស់រយៈពេល១៣ឆ្នាំ ព្រះបាទសម្តេច នរោត្តម សីហនុ ទ្រង់បានព្រះរាជនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរយ៉ាងឱឡារិកក្នុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ ។ នៅក្នុងឆ្នាំ១៩៩៣ ទ្រង់បានសោយរាជ្យក្នុងក្របខ័ណ្ឌរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថា (ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច) ។
នៅខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលទិវង្គតក្នុងព្រះជន្មាយុ៩០ព្រះវស្សា ។ អតីតព្រះមហាក្សត្រសម្តេច នរោត្តម សីហនុ ជាអង្គវីរក្សត្រដ៏មានប្រជាប្រិយភាពជាទីបំផុត ដែលប្រជាជនកម្ពុជាចាត់ទុកទ្រង់ថាជាព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងការបង្រួបបង្រួមជាតិ ។ ប្រជានុរាស្ត្រខ្មែរ តែងតែចងចាំនូវស្នាព្រះហស្តរបស់ទ្រង់ក្នុងសង្គមកម្ពុជាក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយសន្តិភាព និងភាពរុងរឿងរីកចម្រើនលើគ្រប់
វិស័យ ។
កិច្ចសន្ទនាអន្តរសាសនា
ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន
កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនាជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ (ជាតិ សាសនា ព្រះមហាក្សត្រ) នៅក្នុងឆន្ទៈលើកដំកើងឱ្យមានការរីកចម្រើនទន្ទឹមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល ។ ជាក់ស្តែងវិស័យសាសនាបានប្រៀនប្រដៅមនុស្សឱ្យស្គាល់អំពីសច្ចភាព ពោលគឺវៀរចាកអំពើទុច្ចរិតអកុសល វៀរចាកអំពីទោសៈ លោភៈ មោហៈធ្វើដំណើរឆ្ពោះទៅកាន់ត្រើយនៃសេចក្តីស្ងប់សុខ ។ នៅក្នុងអត្ថន័យដ៏ជ្រាលជ្រៅនេះរាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែងជំរុញ និងគាំទ្រដល់សាសនាដែលកំពុងប្រតិបត្តិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តកិច្ចការទាំងនោះ ទៅតាមក្រឹត្យក្រមនៃព្រះធម៌ ព្រះវិន័យក្នុងសាសនានីមួយៗ ដោយអនុលោមទៅតាមស្មារតី យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។
ជាការពិត ប្រជាពលរដ្ឋចំនួនប្រមាណជា៩៥%ជាពុទ្ធសាសនិកជន ហើយព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋក៏ដោយ ក៏កម្ពុជាមិនបានហាមឃាត់ និងរារាំងចំពោះការគោរពបូជារបស់សាសនិកជននៃសាសនាដទៃទៀតនោះទេ ។ ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជាកំពុងតែប្រតិបត្តិការងាររបស់ខ្លួនដោយរលូននៅគ្រប់ទិសទីទូទាំងប្រទេស ហើយក្នុងរយៈកាលកន្លងមកនេះ ក៏មិនមានបង្កជាបញ្ហាប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះទេ ។ សាសនានៅកម្ពុជា ត្រូវបានស្លាប់ទាំងអស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ។ ដូច្នេះហើយបានជានៅទីនោះ ទោះបីថា គ្រប់សាសនាបានបដិសន្ធិមកជាច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំមែន ប៉ុន្តែនៅកម្ពុជាគឺកើតឡើងវិញដំណាលគ្នាទាំងអស់ ។
នេះជាភាពចម្លែកនៅក្នុងប្រទេសនេះ ។ ដូច្នេះគេមិនគួរគិតថា របបប៉ុល ពត ជាជាតិនិយម ពោលគឺជាតិនិយមចង្អៀតចង្អល់ បើ មិនអីុចឹងទេ ពួកគេរក្សាទុកព្រះពុទ្ធសាសនា ហើយ បំផ្លាញតែសាសនា និងសាសន៍ដទៃប៉ុណ្ណោះ។ សច្ចភាពគឺថាឥឡូវពួកគេត្រូវទទួលខុសត្រូវចំពោះមុខតុលាការ ដែលកំពុងដំណើរការនេះ គឺបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។ បទពិសោធន៍របស់ប្រទេសកម្ពុជារយៈកន្លងទៅ បញ្ហាសំខាន់ដែលខ្ញុំព្រះករុណាខ្ញុំ ខ្លួនខ្ញុំបានសិក្សាពីឫសគល់នៃបញ្ហាទាំងនេះ ទើបខ្ញុំអាចចូលរួមក្នុងការរួមចំណែកគ្រប់គ្រងប្រទេសជាតិនេះជិត៣០ឆ្នាំ ហើយក្នុងតួនាទីប្រមុខរដ្ឋាភិបាលនេះជាង២០ឆ្នាំមកហើយ ។ ពីមុនរបបប្រល័យពូជសាសន៍ប៉ុល ពត ព្រះមហាក្សត្រគ្រប់ជំនាន់របស់យើង តែងធ្វើសុខដុមនីយកម្មរវាងជនជាតិ និងសាសនា ។ នេះជាលំនាំដ៏ល្អដែលមានពីអតីតកាល លើកលែងតែរបបប្រល័យពូជសាសន៍ ។ រយៈពេលក្រោយមកនេះ អ្វីដែលយើងផ្តោតការយកចិត្តទុកដាក់ គឺការបន្តដំណើរធ្វើសុខដុមនីយកម្មជនជាតិ។ ដំបូងត្រូវនិយាយពីជនជាតិសិន ។ មូលហេតុអ្វី0x017d7 មូលហេតុនៅត្រង់ថា ជនជាតិខ្លះអត់មានសាសនាទេ អត់មានកាន់សាសនា អត់កាន់អ្វីទាំងអស់ ព្រះពុទ្ធក៏មិនកាន់ មូស្លីមក៏មិនកាន់ គ្រីស្ទក៏មិនកាន់ តែមានជំនឿតាមមួយបែប ។ ប៉ុន្តែគេធ្លាប់ជាជនជាតិនៅក្នុងប្រទេសនេះ ។ ដូច្នេះយើងត្រូវចាប់ផ្តើមធ្វើសុខដុមនីយកម្មបណ្តាជនជាតិទាំងអស់ឱ្យរួមរស់នៅជាមួយគ្នាដើម្បីធានានូវសន្តិភាព មិនរើសអើងគ្នា ។ បន្ទាប់ពីនោះមក យើងធ្វើសុខដុមនីយកម្មលើបញ្ហាសាសនា និងវប្បធម៌។ ចំណុចនេះមានសារសំខាន់ណាស់ ព្រោះផ្សារភ្ជាប់គ្នាយ៉ាងដូច្នេះឯង ។ យើងមិនត្រូវភ្លេចថា បញ្ហាជនជាតិភាគតិច បន្ទាប់ទៅ សាសនា និងវប្បធម៌នេះឯង ។ ព្រោះថា នៅប្រទេសកម្ពុជាក៏មានជនជាតិខ្មែរខ្លះមិនមែនកាន់តែព្រះពុទ្ធសាសនាទាំងអស់ឯណា ខ្មែរខ្លះគាត់ទៅយកប្រពន្ធជនជាតិអ៊ិស្លាម អីុចឹងគាត់ត្រូវទៅកាន់សាសនាតាមអ៊ិស្លាម ព្រះអ៊ិស្លាមលើកឡើងថា បើសិនជាត្រូវយកប្រពន្ធអ៊ិស្លាម អ្នកឯងត្រូវតែកាន់សាសនាអ៊ិស្លាមអីុចឹងហ្មង ។ ដូច្នេះអ្នកខ្លះជឿគ្រិស្ទទៅ អ្នកខ្លះជឿនេះ ជឿនោះទៅអីុចឹងទេ ។ ហើយរឿងដើម្បីដោះស្រាយបញ្ហានេះផ្អែកគឺទៅតាមអព្យាក្រឹតភាពរបស់រដ្ឋបាលសាធារណៈ គឺមានការចាំបាច់ណាស់ ។ បុគ្គលណាក៏ដោយ ដែលកាន់តួនាទី ទោះបីថា គាត់ជាប្រធានភូមិ ប្រធានឃុំ ឬស្រុក មិនចាំបាច់ថា នេះដល់តួនាទីជានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីទេ ។ បើសិនជារដ្ឋមួយ ឬមេដឹកនាំមួយនៅក្នុងសហគមន៍ភូមិខ្លះ ប្រទេសកម្ពុជា មានភូមិខ្លះមានទាំងព្រះពុទ្ធសាសនា មានទាំងអ៊ិស្លាមសាសនា មិនមានសាសនាដទៃទៀត ។
បើសិនជាប្រធានភូមិហ្នឹង គាត់មិនអព្យាក្រឹត អាងតែគាត់ជាអ្នកកាន់ព្រះពុទ្ធសាសនា គាត់លំអៀងទៅលើព្រះពុទ្ធសាសនា ដោយមិនគិតយកចិត្តទុកដាក់ទៅលើសាសនាដទៃ ឬរហូតដល់ដាក់បម្រាមទៅលើសាសនាដទៃដែលនៅទីនោះ នោះគឺជាគ្រោះថ្នាក់ ។ ភូមិខ្លះទៀត ឬឃុំខ្លះទៀត ថ្នាក់ដឹកនាំនៅឃុំនោះកាន់សាសនាផ្សេង ឧទាហរណ៍សាសនាមូស្លីមដូច្នេះ បើសិនជាគាត់គិតតែពីមូស្លីម ដោយមិនបានគិតដល់ព្រះពុទ្ធ និងសាសនាគ្រិស្ត នេះក៏ជាបញ្ហា ។ រឿងនេះគឺទាក់ទងអព្យាក្រឹតភាពនៃអ្នកដឹកនាំ និងស្ថាប័នរដ្ឋចំពោះសាសនាទាំអអស់ គឺសំខាន់ណាស់ ។ បើសិនអីុចឹង ឥឡូវឧទាហរណ៍ កម្ពុជា មេដឹកនាំកំពូលធំៗព្រះមហាក្សត្រ ព្រះអង្គជាសាសនិក ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភានៃរាជរដ្ឋាភិបាល ភាគច្រើនអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជាក៏មាននិកាយ២ទៅទៀត ។
និកាយគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ អីុចឹងទេ ព្រះតេជគុណដែលស្លៀកដណ្តប់ស្បង់ចីវរពណ៌លឿង គឺជាមហានិកាយ ចំណែកឯស្បង់ចីវរពណ៌ក្រមៅបន្តិចជាធម្មយុត្តិកនិកាយ ។ ប៉ុន្តែធម្មយុត្ត ឬមហានិកាយ ព្រះពុទ្ធ ឬមូស្លីម មូស្លីម ឬក៏គ្រិស្ត ឬសាសនាដទៃទៀត វាមិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍប្រទេសជាតិនោះទេ ។ បទពិសោធន៍របស់ខ្ញុំគឺយ៉ាងដូច្នេះ ហើយអ្វីដែលជាបទពិសោធន៍ ហើយការមើលឃើញពីចម្ងាយទៅលើចំណុចខ្លះ ដែលខ្ញុំយល់ថា ខ្ញុំគួរតែមានសំឡេងនៅទីនេះផងដែរ ។ ដូចជានៅកម្ពុជា ដែលគ្មានជម្លោះសាសនា គឺត្រូវទប់ស្កាត់កុំឱ្យវាកើតមានតែម្តង អាហ្នឹងវាល្អបំផុត ។ ប៉ុន្តែសម្រាប់បញ្ហាដែលបានកើតមានរួចមកហើយ ត្រូវខិតខំរំលត់ដោយសន្តិវិធី ។
ចំណុចដែលគួរឱ្យសោកស្តាយនោះ នៅត្រង់ថា ពិភពលោកជ្រួលច្របល់ទៅលើបញ្ហាមួយចំនួន ដែលមិនគួរឱ្យកើតមាន ក៏ប៉ុន្តែវាបានផ្តើមចេញពីពាក្យសម្តីរបស់អ្នកដឹកនាំនយោបាយនៃពិភពលោកខ្លះ ឬអ្នកនិពន្ធខ្លះ រឿងនេះជារឿងគួរឱ្យសោកស្តាយណាស់ ។ ខ្ញុំលើកឧទាហរណ៍ មានពាក្យមួយម៉ាត់អាចយកប្រជាជន១ពាន់លាននាក់ធ្វើជាសត្រូវតែម្តង នោះនៅត្រង់អញ្ចេះ ឧទាហរណ៍ មានការវាយប្រហារភេរវកម្មនៅកន្លែងណាមួយគេនាំគ្នាថា ភេរវកម្មបង្កឡើងដោយពួកមូស្លីម ។ អីុចឹងទេ យើងទៅចាំបាច់ប្រើពាក្យហ្នឹងធ្វើអី ដូចជានៅក្នុងប៉ាគីស្ថានដែលវាយប្រហារភេរវកម្មនៅក្នុងអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារភេរវកម្ម ឬប្រទេសអីុរ៉ាក់ វាយប្រហារភេរវកម្មប្រទេសដទៃទៀត ។ តើគេសម្លាប់អ្នកណា? គេក៏សម្លាប់មូស្លីមដែរ ។ ដូច្នេះ ទាំងអ្នកនយោបាយ ទាំងអ្នកសារព័ត៌មាន មិនគួរប្រើពាក្យភេរវកម្ម បង្កដោយពួកមូស្លីមទេ ។ និយាយយ៉ាងដូច្នេះ ខ្ញុំគិតថា គួរត្រូវបានកែប្រែឥរិយាបថ ប៉ុន្តែនិយាយទៅគេថា អាហ្នឹងសេរីភាពខាងការនិយាយ វាទៅជាអញ្ចេះទៅទៀត ។ តើបណ្តារដ្ឋអាចកែតម្រូវបានខ្លះ ជាមួយនឹងអ្វីដែលហៅថា សេរីភាពបំផ្លាញពិភពលោកនោះបានទេ?យើងរង់ចាំមើល ឱ្យតែចាប់ផ្តើមដាក់គ្រឹប មូស្លីមជាអ្នកធ្វើ ។ ប៉ុន្តែយើងសួរថា តើហ្នឹងវាមិនមែនមនុស្ស១នាក់ ឬ២នាក់ ទៅបង្កើតបញ្ហាជាមួយប្រជាជនជាង១ពាន់លាននាក់ ។ ខ្ញុំគិតថា ខ្ញុំមិនមានចំណេះដឹងខ្ពស់ដូចប្រទេសនានាទេ ក៏ប៉ុន្តែ ខ្ញុំសិក្សាមើលដែរ តើយើងគួរកាត់បន្ថយភាសាស្អីឡើងមូស្លីម ស្អីឡើងមូស្លីមបានទេ? ឬក៏ថាជម្លោះនេះបង្កឡើងដោយហិណ្ឌូ ហិណ្ឌូ២នាក់ ហើយទៅបន្ទោសហិណ្ឌូ១ប្រទេសឥណ្ឌាជាប់១ពាន់លាននាក់
ដែរ ។ ហ្ន! បង្កឡើងដោយគ្រីស្ទ គ្រីស្ទតែ៣នាក់ ហើយគ្រីស្ទជាង១ពាន់លាននាក់ យ៉ាងម៉េចដែរ។ បង្កឡើងដោយពួកអ្នកកាន់ព្រះពុទ្ធសាសនាតែប៉ុន្មាននាក់ ហើយចុះគេប៉ុន្មានរយលាននាក់ទៀតកាន់ពុទ្ធសាសនាដែរ តើវាយ៉ាងម៉េចដែរ ។ អីុចឹងទេ យើងគួរតែថា ឧក្រិដ្ឋកម្ម គឺឧក្រិដ្ឋកម្មមិនជាប់ពាក់ព័ន្ធនឹងសាសនាទូទៅបានទេ ។
ការដឹកនាំសង្គមមួយ សាសនារួមចំណែកច្រើនណាស់ខាងផ្នែកស្មារតី ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីវិស័យសាសនា ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសាសនាដែលចេញពីវិស័យសាសនាមិនតូចទេ ព្រោះដើម្បីចេះសាសនាបាន វាទាល់តែរៀនអក្សរ ទាល់តែរៀនផ្នែកនេះ ផ្នែកនោះ ។ បើពុទ្ធសាសនាវិញចូលរួមចំណែកណាស់ មានពុទ្ធិកសិក្សា រហូតដល់សាកលវិទ្យាល័យ ហើយមិនមែនរៀនតែសូត្រធម៌ឯណា ចេញមកវិញ អាចធ្វើជាសាស្ត្រាចារ្យ អាចធ្វើអ្នកសេដ្ឋកិច្ចបាន ព្រោះនៅក្នុងនោះរៀនគ្រប់ រៀនសព្វមុខវិជ្ជា ។ ខាងមូស្លីមក៏អីុចឹង ខាងគ្រីស្ទក៏អីុចឹង គ្រប់សាសនាទាំងអស់ ហើយអ្វីដែលសំខាន់គ្មានសាសនាណាមួយដែលប្រដៅមនុស្សឱ្យធ្វើអាក្រក់ទេ អត់ទេ ។ អីុចឹងទេ យើងត្រូវទាញយកផលប្រយោជន៍ គួបផ្សំបំពេញឱ្យគ្នារវាងសាសនា គេហៅអាណាចក្រ និងពុទ្ធចក្រ ។ ឬថា និយាយឱ្យវាទូលំទូលាយបន្តិច រវាងសាសនា ជាមួយនឹងការគ្រប់គ្រងរដ្ឋ ព្រោះអត់មានសាសនាមួយប្រដៅថា ឯងត្រូវទៅប្លន់បានឡើងឋានសួគ៌ មិនមែនអីុចឹងទេ គឺអ្នកឯងធ្វើអំពើបាប ចុះនរក ឬក៏មានកម្មមានពៀរ ។ អត់មានសាសនាណាប្រដៅមនុស្សឱ្យធ្វើខុសឡើយ ។ អីុចឹងរដ្ឋគួរទាញយកផលប្រយោជន៍ពីនេះ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងសមត្ថភាព ទាំងគុណធម៌ និងសីលធម៌ សម្រាប់គ្រប់គ្រង ។
សាសនា និងសង្គម
ព្រះពុទ្ធសាសនា
សព្វថ្ងៃវត្តអារាម មានពាសពេញលើផ្ទៃប្រទេស ហើយវត្តទាំងនេះបានក្លាយជាបណ្តាមជ្ឈមណ្ឌលខាងស្មារតី វប្បធម៌ និងសង្គម ។ វត្តអារាមគឺជាកន្លែងដែលប្រជាជនមកជួបជុំ ធ្វើសេចក្តីល្អដែលជាបុណ្យកុសល រក្សាសីល ការសន្ទនាធម៌អាថ៌ និងជាកន្លែងធ្វើកម្មវិធីផ្សេងៗតាមការចេះដឹង ។ បន្ថែមផងដែរវត្តអារាមទុកជារោងរៀនហត្ថកម្មមួយខាងសិល្បៈរៀនពីជាងឈើកសាងវិហារ សាលា ផ្ទះ និងសិប្បកម្មដទៃទៀតជាដើម ។ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាវប្បធម៌ អក្សរសាស្ត្រ និងធ្វើឱ្យប្រទេសជាតិមានអក្សរសាស្ត្រ មានបុរាណវត្ថុជាគ្រឿង បង្ហាញសិល្បៈកេរដំណែល មានប្រជាជាតិជាម្ចាស់ប្រទេស មានព្រះមហាក្សត្រសោយរាជ្យ ។ ព្រះពុទ្ធសាសនាបានទ្រទ្រង់ ឬថាជាគ្រឹះ ជាឃ្លាំងរក្សាទុកនូវសិល្បៈ ព្រមទាំងអក្សរសាស្ត្រជាតិឱ្យមានជីវិតជារៀងរហូតមក ។ រួមសេចក្តីមក វត្តអារាម ព្រះពុទ្ធសាសនាគឺជាទីកន្លែងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា ជាសាលារៀន ជាមន្ទីរពេទ្យព្យាបាលរោគ ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត ដល់ប្រជាជន ។ ចំពោះពុទ្ធិកសិក្សា គឺជាប្រព័ន្ធអប់រំសម្រាប់បព្វជិត គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ។
ពុទ្ធិកសិក្សាគឺជាមជ្ឈមណ្ឌល ឬជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលដោយទាញយកទ្រឹស្តីព្រះពុទ្ធសាសនា ដែលភាគច្រើនផ្តោតសំខាន់ទៅលើការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ កាតព្វកិច្ចព្រះសង្ឃពុទ្ធសាសនា ច្បាប់ពុទ្ធសាសនិក និងវិន័យផ្សេងៗថែមទៀត ។ ក្នុងនោះគោលបំណងសំខាន់ដូចជាអប់រំព្រះសង្ឃឱ្យគេចផុតពីអនក្ខរភាពអប់រំទ្រឹស្តីព្រះពុទ្ធសាសនា ពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំវត្តអារាមផ្តល់ជំនាញក្នុងសកម្មភាពពុទ្ធសាសនិក ។ ជាការពិតណាស់ ព្រះសង្ឃក៏ជាសមាជិកមួយនៃកោសិកាសង្គម ក្រោយពីការបួសរៀនបានចប់សព្វគ្រប់ ព្រះអង្គអាចក្លាយទៅជាធនធានមនុស្សក្នុងសង្គមដែលជាតម្រូវការរបស់សង្គមជាតិ ។ ពេលសព្វថ្ងៃមានភិក្ខុ-សាមណេរ ទូទាំងប្រទេសចំនួនជាងប្រាំម៉ឺនអង្គ។ ប្រសិនបើមានចំណោមព្រះសង្ឃប្រាំមួយម៉ឺនអង្គ យើងកាត់ប្រាំម៉ឺនអង្គចោល ដោយហេតុផលវ័យជរា ឬអសមត្ថភាពក្នុងការងារ ឬហេតុផលណាមួយមិនអាចទទួលការអប់រំបាន ហើយយើងអប់រំព្រះសង្ឃមួយម៉ឺនអង្គឱ្យមានសមត្ថភាពសមស្រប ដើម្បីគ្រប់គ្រងដឹកនាំវត្ត និងពុទ្ធបរិស័ទ ប្រាកដជារកបានព្រះភិក្ខុមានចំណេះដឹងខ្ពស់មួយអង្គ ឬពីរអង្គពុំខាន ។ ព្រះចៅអធិការមួយអង្គចេះដឹងទាំងផ្លូវលោក ផ្លូវធម៌ដ៏ល្អប្រពៃ ប្រាកដជាបានជោគជ័យធំធេងក្នុងការអប់រំ និងបម្រើសហគមន៍ក្រោមព្រះធម៌ដោយសក្តានុពលរបស់វត្តជាមិនខាន ។ អាចកាត់បន្ថយអនក្ខរភាព ឈានទៅរកការកាត់បន្ថយភាពក្រីក្រដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ ។
ព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ។ ព្រះសង្ឃមិនគ្រាន់តែជាទីសក្ការៈសម្រាប់ផ្តល់ពុទ្ធឱវាទដល់ពុទ្ធសាសនិកនោះទេ ប៉ុន្តែព្រះអង្គគឺជាផ្នែកមួយនៃភ្នាក់ងារសង្គមកិច្ចផងដែរ ។ ព្រះអង្គបានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងនយោបាយរំដោះភាពក្រីក្រតោកយ៉ាកជនគ្មានទីពឹងទាំងឡាយ ។ លោក TOM FOWTHROP បានសរសេរថា ក្មេងកូនកសិករក្រីក្រ បានការអប់រំដំបូងរបស់គាត់ស្ថិតនៅក្នុងវត្តព្រះពុទ្ធសាសនា ព្រោះតែឪពុកម្តាយមិនអាចបង់លុយថ្លៃសាលាឱ្យបាន ធ្វើឱ្យព្រះរាជាទទួលគាត់ចាប់ចិត្ត ។ នៅក្នុងអត្ថបទនេះបញ្ជាក់យ៉ាងច្បាស់ថា វត្តអារាមជាជម្រកមានព្រះសង្ឃជួយទំនុកបម្រុងដល់កូនចៅអ្នកក្រីក្រឱ្យបានសិក្សារៀនសូត្រ រហូតមានចំណេះដឹងជ្រៅជ្រះអាចធ្វើឱ្យព្រះរាជាគាប់ព្រះទ័យ និងចាប់ចិត្តទទួលរាក់ទាក់ ។ ជារឿយៗព្រះសង្ឃតែងតែជួយសង្គ្រោះដល់ទុរគតជនទីទ័លក្រទាំងឡាយ ដែលជួបការលំបាក ជាក់ស្តែងមានយាយម្នាក់មានអាយុ១០៩ឆ្នាំ ព្រះចៅអធិការវត្តប្រាសាទ ស្រុកអង្គរជ័យ យកទៅបីបាច់ថែរក្សាយ៉ាងល្អ ដោយលោកយាយពុំមានកូនចៅ ឬញាតិមិត្តជួយទំនុកបម្រុង ។ ពេលខ្លះព្រះសង្ឃលោកជួយការពារការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីការពារបរិស្ថានតាមរយៈបិណ្ឌបាតសុំរក្សាព្រៃឈើទាំងនោះ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងឡាយនៅក្នុងសង្គមទៀតផង ។ ចំពោះការអប់រំវិញ ព្រះសង្ឃគឺជាគ្រូទីមួយរបស់កុលបុត្រខ្មែរពីសម័យបុរាណ បច្ចុប្បន្នព្រះសង្ឃក៏នៅតែជាអ្នកអប់រំដ៏មានប្រសិទ្ធភាពបំផុតក្នុងស្រទាប់ប្រជាជនខ្មែរ ។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានសរសេរនៅក្នុងសៀវភៅលោកជំទាវដូច្នេះថា (ព្រះសង្ឃ និងព្រះធម៌អាចជួយព្យាបាល ជួយពន្យល់ឱ្យបរិស័ទអ្នកមានទុក្ខ មានកង្វល់ ជួយរំលត់ទុក្ខព្រួយបាន ។ គ្រប់វិធីទាំងអស់នៅក្នុងគ្រួសារតាំងពីកើតកូនរហូតដល់ស្លាប់គេមិនដែលចោលព្រះសង្ឃទេ ។ ព្រះសង្ឃជួយអប់រំជនពាល ជនប្រមឹកឱ្យស្គាល់ផ្លូវត្រូវវិញបាន ។ ក្នុងន័យនេះ ព្រះសង្ឃគឺជាអ្នកអប់រំដ៏មានប្រសិទ្ធភាពខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ។ ដោយមានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានចាត់ចែងរៀបចំឱ្យមាននាទី (ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម) ដើម្បីអប់រំពុទ្ធបរិស័ទ យុវជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈឱ្យបានស្តាប់ ចោទសួរ និងឆ្លើយពីព្រះធម៌រៀងរាល់ថ្ងៃសីលក្នុងន័យអប់រំសីលធម៌ តាមរយៈព្រះធម៌របស់ព្រះពុទ្ធដល់បរិស័ទគ្រប់រូប ហើយបានបើកវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ចអាចារ្យនៅទូទាំងប្រទេស ។ ពេលខ្លះព្រះអង្គជួយអប់រំប្រជាជនឱ្យចេះពីរបៀបការពារមេរោគអេដស៍តាមរយៈសីលប្រាំទៀតផង ។
អ៊ិស្លាមសាសនា
អ៊ិស្លាមក្រោយឆ្នាំ១៩៩៣ ដល់ពេលបច្ចុប្បន្ន សាសនាអ៊ិស្លាមបានរីកដុះដាលយ៉ាងខ្លាំង ។ រាជរដ្ឋាភិបាលបានចេញច្បាប់អនុញ្ញាតឱ្យសាសនានេះបង្កើតវិហារ សាលារៀន ស្នាក់ការតាមបែបសាសនា មូលនិធិសហគមន៍ដើម្បីជួយបណ្តុះបណ្តាល អប់រំ ចំពោះសាសនិករបស់ខ្លួនដោយប្រើប្រាស់ច្បាប់សាសនា ច្បាប់សង្គម និងច្បាប់ជាតិ ។
សកម្មភាពនៃការអប់រំ យើងពិនិត្យឃើញថា កូនចៅរបស់សាសនិកអ៊ិស្លាមទាំងអស់បានចូលក្នុងវិហារ សាលារៀន ដើម្បីសិក្សារៀនសូត្រគោរពប្រណិប័តន៍ធម៌វិន័យរបស់សាសនាក្លាយខ្លួនទៅជាមនុស្សល្អនៅក្នុងសង្គម។ ដំណាក់កាលនេះ យើងឃើញថា ការអប់រំតាមវិហារសាសនារបស់អ៊ិស្លាមគឺស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់មេសាសនាមានអីុម៉ាំទួនជី និងគណៈគ្រប់គ្រងនៃគណៈកម្មការអ៊ិស្លាម ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ។ អ៊ិស្លាមសាសនាបានប្រដៅអប់រំសាសនិករបស់ខ្លួនអំពីក្រមសីលធម៌ដូចសាសនាផ្សេងៗទៀតដែរ ។ ក្នុងគម្ពីរទស្សនវិជ្ជាអារ៉ាប់ និងក្នុងសៀវភៅមហាទស្សនវិទូ អារ៉ាប់ដែលបានដកស្រង់ពីគម្ពីរកូអាន គេបានលើកឡើងអំពីឱវាទរបស់មហាម៉ាត់ ។
អ៊ិស្លាមសាសនិកបានបង្កើនការសិក្សារបស់ខ្លួនយ៉ាងសំខាន់ចំពោះព្រះវិហារ ដោយបានបណ្តុះបណ្តាលទាំងចំណេះដឹងសាសនា និងចំណេះដឹងទូទៅ ។ ព្រះវិហារមូស្ក (Mosque)ជាកន្លែងដែលអ្នកគោរពបូជាទាំងអស់មកជួបជុំគ្នាដើម្បីសូត្រធម៌ ។ នៅក្នុងសង្គម អ៊ិស្លាមដែលគ្រប់គ្រងដោយសាសនាព្រះវិហារមូស្កបំពេញតម្រូវការខាងនយោបាយ និងសង្គមក៏ដូចជាតម្រូវការសាសនាដែរ ។ ព្រះវិហារមូស្កបានក្លាយទៅជាវេទិកាមួយសម្រាប់ជួយបំពេញមុខងារសាធារណៈជាច្រើន បំពេញមុខងារជាសភាច្បាប់ផង ជាសាលារៀន ជាទីកន្លែងព្យុហយាត្រា ជាបណ្ណាល័យ ជាមន្ទីរពេទ្យ ឬជារតនាគារផង ។
គ្រិស្តសាសនា
រីឯវិស័យគ្រិស្តសាសនាវិញ គេឃើញមានការរីកចម្រើន ។ សកម្មភាពក្នុងសង្គមសាសនានេះបានបង្កើតឱ្យមានក្រុមស្ត្រី និងយុវជនរៀងរាល់ថ្ងៃសៅរ៍ សិក្សាព្រះគម្ពីរ សិក្ខាសាលាអ្នកដឹកនាំពួកជំនុំ និងគ្រូគង្វាល ហ្វឹកហ្វឺនគ្រូបង្រៀន សាលារៀនថ្ងៃអាទិត្យ ចំពោះការបណ្តុះបណ្តាលវិញ គេឃើញសាសនានេះជួយហ្វឹកហ្វឺនស្តីពីការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ហ្វឹកហ្វឺនពីសិទ្ធិមនុស្ស ការជួញដូរផ្លូវភេទលើកុមារ និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ យេនឌ័រ និងបរិស្ថាន ពេទ្យសត្វភូមិ និងនិរន្តរភាពកសិកម្មគ្រួសារ ។
ចំណែកឯការអភិវឌ្ឍសហគមន៍វិញគេឃើញមាន កម្មវិធីកាត់ដេរ ថ្នាក់អក្ខរកម្ម តម្បាញ សាលាមត្តេយ្យ ឥណទាន ថ្នាក់បឋមសិក្សា ចិញ្ចឹមគោជាដើម ។ សកម្មភាពទាំងអស់នេះ គ្រិស្តសាសនិកក៏ដូចជាមេដឹកនាំបានធ្វើសកម្មភាពសម្រាប់ជួយដល់សង្គមជាតិ ក្នុងការបណ្តុះបណ្តាលអប់រំដល់កុមារកំព្រា ជនអនាថាឥតទីពឹង ដោយប្រមូលផ្តុំឱ្យស្ថិតនៅក្រោមវិហារស្នាក់ការ សាលារៀន តាមបែបសាសនារបស់គេ ។ ក្នុងនោះមានការបង្រៀនជាភាសាបរទេស សាលាខ្លះសិក្សាតាមបែបក្រសួងអប់រំ សាលារៀន ខ្លះសិក្សាតាមបែបសាសនាដោយបន្ធូរបន្ថយការបង់ថ្លៃសិក្សា ឬក៏ជាកន្លែងខ្លះអនុគ្រោះក្នុងការសិក្សាទាំងស្រុង នេះជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ។
ចលនាសុខដុមរម្យនានៃសាសនា គឺជាកូនសោដ៏សំខាន់មួយជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមដោយចីរភាព ។ សង្គ្រាម និងជម្លោះនៃសាសនាបាននាំមកនូវសេចក្តីទុក្ខវេទនានិងវិនាសកម្មដល់មនុស្សលោកយ៉ាងច្រើន ។ នៅពេលកន្លងមក មានជម្លោះធំៗបានកើតឡើងដោយសារមូលហេតុសាសនាបានកើតឡើងនៅច្រើនកន្លែង ដូចជានៅអៀរឡង់ខាងជើង នីហ្សេរីយ៉ា ស៊ូដង់ មជ្ឈិមបូព៌ា កាស្មៀរ ហ្វ៊ីលីពីន និងឥណ្ឌូណេស៊ី និងព្រឹត្តិការណ៍អន្តរជាតិ ដែលនាំឱ្យកក្រើកពិភពលោកកាលពីឆ្នាំ២០០១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាេមរិក គឺជាការបំផ្ទុះយន្តហោះទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកន្លងទៅនោះជាដើម គឺមានការបកស្រាយព្រឹត្តិការណ៍នេះថាជាបូជនីយកិច្ច ពោលគឺសង្គ្រាមរវាងគ្រិស្តសាសនិក និងអ៊ិស្លាមសាសនិក ដែលធ្លាប់បានផ្ទុះឡើងនៅក្នុងមជ្ឈិមសម័យ ដែលបានអូសបន្លាយតាំងពីសតវត្សទី១១ រហូតដល់សតវត្សទី១៣ (១០៩៦-១២៧០) មកម្ល៉េះ ។ ជម្លោះមួយចំនួនបានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែមួយចំនួនទៀតកំពុងបន្តយ៉ាងក្តៅគគុកនៅពេលបច្ចុប្បន្នប្រៀបបាននឹងដំបៅដែលព្យាបាលមិនជា ។ មើលឃើញពីបទពិសោធន៍នេះ យើងយល់ឃើញថា ស្ថិរភាពសង្គមពិតជាមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងដោយឆន្ទៈ ឬកម្លាំងជំរុញ ឬបំណងប្រាថ្នារបស់មនុស្សដោយពិតៗ ពោលគឺឆន្ទៈនៃមេដឹកនាំសាសនា និងបរិស័ទម្នាក់ៗរបស់សាសនាទាំងនោះ ។ ប្រទេសកម្ពុជាធ្លាប់មានប្រវត្តិសុខដុមរម្យនានៃសាសនាតាំងពីព្រេងនាយរហូតមកដល់សព្វថ្ងៃ ហើយយើងចង់បានភាពសុខដុមរម្យនានេះបន្តទៅថ្ងៃអនាគតទៀត ។ ជាទស្សនវិស័យ យើងពឹងផ្អែកទៅលើឆន្ទៈរួម និងចំណេះដឹងរបស់សាសនានីមួយៗ ។ បណ្ឌិតភិធ័រ សៀរ អ្នកតំណាងអចិន្ត្រៃយ៍នៃមូលនិធិខុនរ៉ាដ អាដេណូអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជាបានសរសេរចូលរួមនៅក្នុងសិក្ខាសាលាជាតិស្តីពី (ពុទ្ធសាសនា និងការអភិវឌ្ឍសង្គមខ្មែរ) នៅថ្ងៃទី២១-២៣ ខែធ្នូ ឆ្នាំ១៩៩៤ ថា (តាមទស្សនៈខ្ញុំព្រះករុណា សាសនាក្នុងលោកសិក្ខាបទមាន៤យ៉ាងតិច ដែលជាមូលដ្ឋានរួមគ្នាគឺចូរកុំសម្លាប់, ចូរកុំលួច, ចូរកុំកុហក ?
ចែករំលែកព័តមាននេះ