ខេត្តកំពង់ស្ពឺ ៖ រថយន្ត៥គ្រឿង បានបើកបរវាក់គ្នាប៉ះទង្គិចជាបន្តបន្ទាប់ បណ្តាលឱ្យក្រពឹតក្រពាវ ហើយក្នុងចំណោមនោះរថយន្តកុងតឺន័របានជ្រុលទៅក្រឡាប់សង្កត់លើរថយន្តម៉ាកអ៊ីស៊ុយហ្សុយ បណ្តាលឱ្យក្រពឹតសំប៉ែតដូចចេកចៀន មើលទៅគួរឱ្យញាក់សាច់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ។
សូមបញ្ជាក់ថា គ្រោះថ្នាក់បន្តបន្ទាប់ប៉ះទង្គិចគ្នារហូតដល់រថយន្ត៥គ្រឿងនេះមិនបណ្តាលឱ្យអ្នកជិះក្នុងរថយន្តក៏ដូចជាអ្នកបើកបររងរបួសធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតទេ គឺគ្រាន់តែទទួលរងចុកច្អល់ប៉ុណ្ណោះ…ដោយឡែកម្ចាស់រថយន្តម៉ាកអ៊ីស៊ុយហ្សុយ ដែលរថយន្តកុងតឺន័រក្រឡាប់សង្កត់ពីលើសំប៉ែតដូចចេកចៀនមិនមានរងរបួសនោះ ព្រោះមុនដំបូងបុរសម្ចាស់រថយន្តជាមន្ត្រីយោធាបានបើករថយន្តទៅសំចតចោលលើចិញ្ចើមផ្លូវ រួចហើយចូលទៅពិសាអាហារនៅហាងមួយក្បែរនោះ…មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តវាក់គ្នារហូតដល់ទៅ៤គ្រឿង ជាន់ហ្វ្រាំងបង្ខំឈប់ងឺតៗ គួរឱ្យភ្ញាក់ផ្អើល ភ្លាមនោះរថយន្តកុងតឺន័រដែលទៅពីក្រោយគេបង្ខំគេចចូលខាង និងជាន់ហ្វ្រាំងបង្ខំដែរនោះ ក៏បោកខ្លួនក្រឡាប់ភីងលើអ៊ីស៊ុយហ្សុយ បណ្តាលឱ្យក្រពឹតសំប៉ែតដូចេកចៀនតែម្តង ក្រៅពីនេះរថយន្តផ្សេងទៀតក្រពឹតក្រពាវបែកបាក់តិចតួច ។
មិនយូរប៉ុន្មានសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងតាមបច្ចេកទេស ហើយស្ទូចរថយន្តដែលពាក់ព័ន្ធយកទៅរក្សាទុកនៅការិយាល័យប៉ូលិស ដើម្បីចាត់ការតាមច្បាប់។ រថយន្តទាំង៥គ្រឿង ដែលប៉ះទង្គិចគ្នាគួរឱ្យញាក់សាច់នេះមានម៉ាកសាន់យ៉ុង១គ្រឿង, តូយ៉ូតា ប្រភេទ១បាំងកន្លះ១គ្រឿង, ទីតាន់១គ្រឿង, អ៊ីស៊ុយហ្សុយ១គ្រឿង និងកុងតឺន័រ១គ្រឿង ៕


ចែករំលែកព័តមាននេះ