ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​កង់​​៣រូប​ នឹង​វិល​ត្រឡប់​មក​វិញ​នា​ដើមខែ​នេះ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រុម​កីឡាករ​ជម្រើសជាតិ​ទោចក្រយាន​កម្ពុជា (​ផ្នែក​កង់​គួ​ក​) ៣​រូប ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក ខ្លូត

​រាជធានី​ភ្នំពេញ ​៖ ក្រុម​កីឡាករ​ជម្រើសជាតិ​ទោចក្រយាន​កម្ពុជា (​ផ្នែក​កង់​គួ​ក​) ៣​រូប ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក ខ្លូត ករណី ​ដែល​បាន​ចេញដំណើរ​ទៅ​ប្រទេស​បារាំង​បោះ​ជំរុំ​ហាត់​ហ្វឹក​ហ្វឹ​ន​អស់​រយៈពេល​៣​ខែ​ នឹង​ត្រូវធ្វើ​ដំណើរ​ត្រឡប់​មក​មាតុភូមិ​វិញ នា​ថ្ងៃ​ទី​៦ ខែកញ្ញា នេះ​ហើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​។

អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ចំពោះ​ការ​ហ្វឹកហាត់​​នា​រយៈពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ៗ​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស​។ ប៉ុន្ដែ​តាម​ផែនការ​ក្រោយ​ត្រឡប់​មក​ដល់​មាតុភូមិ សហព័ន្ធ​ក៏​នឹង​សិក្សា​ក្នុង​ការ​បញ្ជូន​ពួក​គេ​ទៅ​ហ្វឹកហាត់​នៅ​បារាំង​ម្ដងទៀត នា​អំឡុង​ដំណាច់ឆ្នាំ​២០២១ ដើម្បី​សម្រួច​សមត្ថភាព​បន្ថែម សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​វៀតណាម ដែល​ត្រូវ​បាន​ពន្យារពេល​ទៅ​ប្រកួត​នា​ឆ្នាំ​២០២២​។

លោក​ថា «​ក្រោយ​ពី​ការ​ហ្វឹកហាត់​នៅ​បារាំង​អស់​រយៈពេល​៣​ខែ​កន្លង​មក​នេះ​ យើង​បាន​សង្កេត​ឃើញ​ពី​កា​រវិ​វ​ឌ្ឍ​នូវ​ការ​កើនឡើង​សមត្ថភាព​របស់​ពួក​គាត់ ធៀប​នឹង​ការ​ហ្វឹកហាត់​ក្នុងស្រុក ពិសេស​ការ​ប្រកួត​ដកស្រង់​បច្ចេកទេស​នៅ​តំបន់​អឺរ៉ុប​នោះ យើង​ឃើញ​ថា ពួក​គាត់​បាន​បំបែក​នូវ​លទ្ធផល​ថិរវេលា​នៃ​ការ​ប្រកួត​របស់​គាត់​ផង​ដែរ​។ ជា​ការ​វាយតម្លៃ​ក្នុង​នាម​ខ្ញុំ​ជា​អគ្គលេខាធិការ​សហ​ព័ន្ធ ខ្ញុំ​បាន​មើលឃើញ​ពី​ការ​ហ្វឹកហាត់​នេះ គឺ​មានការ​រីក​ចម្រើន​ទាំង​សមត្ថភាព និង​ការ​ដក​បទ​ពិសោធន៍​របស់​កីឡាករ​ជម្រើសជាតិ​របស់​យើង​» ។

«​តាម​ការ​គ្រោងទុក​របស់​យើង សហព័ន្ធ​នឹង​បញ្ជូន​ពួក​គាត់​ទៅ​ហ្វឹកហាត់​រយៈពេល ៣​ខែ​បន្ត​ទៀត នៅ​បារាំង អំឡុង​ដំណាច់ឆ្នាំ​នេះ ឬ​អាច​ដើមឆ្នាំ​ក្រោយ ប្រសិនបើ​យើង​រៀបចំ​បាន​ស្រួល ក្នុង​ករណី​សមាគម​កីឡា​ទោចក្រយាន​កម្ពុជា នៅ​ប្រទេស​បារាំង គាត់​មាន​លទ្ធភាព​ក្នុង​ការ​ទទួលយក​ទៅ​ម្ដងទៀត ដើម្បី​ឲ្យ​ក្រុម​កីឡាករ​យើង​ត្រៀមលក្ខណៈ​ហ្វឹកហាត់​បាន​កាន់តែ​ល្អ​ប្រសើរ ឈាន​ទៅ​រក​ការ​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២១ ដែល​គ្រោង​ធ្វើ​នា​ខែមេសា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​»​។

លោក​បន្ដ​ថា ចំពោះ​ផែនការ​ទៅ​ហាត់​នៅ​បារាំង​លើក​ទី​២ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ព្រោះ​ក្រោយ​ត្រឡប់​មក​ដល់​មាតុភូមិ ទាំង​គ្រូបង្វឹក និង​កីឡាករ ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។ បន្ទាប់​មក សហព័ន្ធ​នឹង​បញ្ជូន​ពួក​គេ​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ខេត្តសៀមរាប ជាមួយ​ក្រុម​ជម្រើសជាតិ​កង់​ភ្នំ​។ ទោះជា​យ៉ាងណា សហព័ន្ធ​នឹង​ព្យាយាម​សម្របសម្រួល​ឲ្យ​បាន​ទៅ​ហាត់​នៅ​បារាំង​ម្ដងទៀត ព្រោះ​ការ​ហ្វឹកហាត់​ក្រៅប្រទេស​នេះ បាន​ជំរុញ​ឲ្យ​កីឡាករ​មានការ​រីក​ចម្រើន​ច្រើន​សម្រាប់​ត្រៀម​ការ​ប្រកួត​អន្ដរជាតិ​។

សម្រាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​ទោចក្រយាន​ទាំង​៣​​រូប​ ដែល​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ទៅ​ហ្វឹកហាត់​​រយៈ​ពេល​​៣​ខែ​នៅ​បារាំង រួម​មាន​កីឡាករ គឹ​ម ចាន់ធូ​, កីឡាករ​សាន ណា​ម៉ា​, កីឡាករ សាន ណា​ម៉ា​វ ដែល​បាន​ចេញដំណើរ​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ដោយ​ទទួល​បានការ​គាំទ្រ​ពី​ពេញទំហឹង​ពី​​លោក​ ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​ប្រធាន​សហព័ន្ធ ក្រោម​ការ​សម្របសម្រួល​របស់​សមាគម​ខ្មែរ​កីឡា​ទោចក្រយាន​នៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​វៀតណាម ក៏​ដូច​ជា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ