អត្ថបទវិភាគ៖ មេរោគ Delta អាចសម្លា.ប់ជីវិត និងសេដ្ឋកិច្ចកម្ពុជា ដូចនៅវៀតណាមនិងថៃ ឬទេ?
- ភ្នំពេញ
ភ្នំពេញ៖ មេរោគ Delta បានក្លាយជាការព្រួយបារម្ភរបស់ពិភពលោក ដោយសារតែឆ្លងខ្លាំង និងសាហាវ ដោយធ្វើអោយមនុស្សឈឺចូលពេទ្យ និងស្លាប់។ ដោយក្រលែកមើលប្រទេសវៀតណាម និងថៃ…
ភ្នំពេញ៖ មេរោគ Delta បានក្លាយជាការព្រួយបារម្ភរបស់ពិភពលោក ដោយសារតែឆ្លងខ្លាំង និងសាហាវ ដោយធ្វើអោយមនុស្សឈឺចូលពេទ្យ និងស្លាប់។ ដោយក្រលែកមើលប្រទេសវៀតណាម និងថៃ…
ភ្នំពេញ៖ មេរោគ Delta បានក្លាយជាការព្រួយបារម្ភរបស់ពិភពលោក ដោយសារតែឆ្លងខ្លាំង និងសាហាវ ដោយធ្វើអោយមនុស្សឈឺចូលពេទ្យ និងស្លាប់។
ដោយក្រលែកមើលប្រទេសវៀតណាម និងថៃ ដែលមានព្រំដែនជាប់ប្រទេសកម្ពុជា អ្នកជំនាញសុខាភិបាល មានការព្រួយបារម្ភថា មេរោគដែលតា អាចនឹងធ្វើអោយថប់ដង្ហើមជីវិតមនុស្ស និងសេដ្ឋកិច្ច ដូចដែលមហន្តរាយមេរោគនេះ បានសាបព្រោះ នៅក្នុងប្រទេសជិតខាង និងពិភពលោក។
ខណៈដែលការឆ្លងកូវីដ១៩ ពិសេសមេរោគដែលតា នៅប្រទេសថៃ រាងធ្លាក់បន្តិចពីប្រមាណ ២ម៉ឺននាក់ ក្នុងមួយថ្ងៃ មកនៅជាង ១ម៉ឺននាក់ ក្នុងមួយថ្ងៃនោះ ការឆ្លងកូវីដ១៩ នៅប្រទេសវៀតណាម ហាក់ដូចជាកាន់តែធ្ងន់ ដោយឆ្លងពីខ្ទង់ពាន់នាក់ដល់ម៉ឺននាក់ ក្នុងមួយថ្ងៃ។
សារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃ បានរាយការណ៍ នៅថ្ងៃសុក្រថា ប្រទេសថៃ មានអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួនជិត ១៥០០០នាក់ និងអ្នកស្លាប់ចំនួន ២៧១នាក់ ក្នុងរយ:ពេល ២៤ម៉ោងចុងក្រោយ។ ចាប់តាំងពីការរាតត្បាតកូវីដ១៩ នៅកាលពីដើមឆ្នាំមុនមក ប្រទេសថៃ បានមានចំនួនអ្នកឆ្លងកូវីដ១៩ ចំនួនរហូតដល់ជិត ១ ២៥០ ០០០ នាក់ និងអ្នកស្លាប់ ១២៣៧៤នាក់។
ការវាយលុកខ្លាំង ដោយសារការរាតត្បាតកូវីដ១៩ នៅរលកទីបីក្នុងប្រទេសថៃ បានធ្វើអោយរដ្ឋាភិបាលថៃ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន មកត្រឹមតែ ០.៧ ទៅ ១.២ ភាគរយប៉ុណ្ណោះ ដោយចុះពីចំនួន ១,៥ ភាគរយ ទៅ ២,៥ភាគរយក្នុងឆ្នាំ២០២១។
ដូច្នេះការរាត្បាតកូវីដ១៩ នៅប្រទេសថៃ មិនគ្រាន់តែធ្វើអោយមនុស្សស្លាប់ច្រើនទេ វាថែមទាំងវាយប្រហារធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំណែកនៅប្រទេសវៀតណាមវិញ កូវីដ១៩ ក៏សាហាវខ្លាំងណាស់ដែរ ដោយសម្លាប់ មនុស្សជាច្រើន និងធ្វើអោយជាប់គាំងសកម្មភាពសេដ្ឋកិច្ចជាច្រើននៃប្រទេសនេះ។
ខណៈដែលមេរោគដែលតា បន្តឆ្លងមនុស្ស និងសម្លាប់មនុស្សជាច្រើន នៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីង ជីង ( Pham Ming Ching) បានព្រមានថា ប្រទេសកុម្មុយនិស្ត អាចនឹងប្រឈមមុខសមរភូមិវែងឆ្ងាយទៀតប្រឆាំងនឹងកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ Channel News Asia។
លោកនាយករដ្ឋមន្ត្រី និយាយថា “យើងមិនអាចពឹងផ្អែកលើវិធានការបិទខ្ទប់ និងចត្តាឡីស័ក រហូតនោះទេ ពីព្រោះវានឹងធ្វើអោយលំបាកដល់ប្រជាជន និងសេដ្ឋសកិច្ច”។
ប្រទេសវៀតណាម មានករណីកូវីដ១៩ ចំនួនរហូតដល់ ៤៨០ ០០០ នាក់ និងចំនួនអ្នកស្លាប់ ១២០០០នាក់ នៅពេលបច្ចុប្បន្ន ខណៈដែលប្រទេសនេះ មានករណីកូវីដ១៩ តែចំនួនពីរបីពាន់នាក់ប៉ុណ្ណោះ កាលពីត្រឹមចុងខែមេសា។ ទីក្រុងហូជីមីញ ដែលនៅជាប់កម្ពុជា គឺរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។
ដូច្នេះ តើភាពធ្ងន់ធ្ងរនៃកូវីដ១៩ នៅប្រទេសថៃ និងវៀតណាម អាចនឹងរាលដាលមកដល់ប្រទេសកម្ពុជាដែរ ឬទេ?
កម្ពុជាយើងមិនអាចមិនភ័យបានទេ នៅពេលដែលមើលឃើញមហន្តរាយកូវីដ១៩ កើតមាននៅក្នុងប្រទេសថៃ និងវៀតណាម ដែលមានព្រំដែនជាប់ខ្លួននោះ។ ដំបូងឡើយ ទាំងវៀតណាម និងថៃ គឺមិនសូវរកទុក្ខខ្លាំងដោយសារកូវីដ១៩ នោះទេ។ វៀតណាមវិញ ធ្លាប់ត្រូវចាត់ទុកជាប្រទេសដ៏ជោគជ័យខ្លាំង ក្នុងការទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ១៩នេះ។ ប៉ុន្តែពេលនេះ វៀតណាម កំពុងតែឈឺក្បាលខ្លាំងនឹងមេរោគនេះ ហើយប្រឈមនឹងអនាគតមួយ ដែលមិនប្រាកដប្រជា។
ដូច្នេះកម្ពុជា ក៏មិនត្រូវភ្លេចខ្លួនដែរ ហើយត្រូវប្រយ័ត្នគ្រប់ពេលទាំងអស់ បើសិនជាយើងមិនចង់ឃើញមហន្តរាយជីវិតមនុស្ស និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូចនៅប្រទេសថៃ និងវៀតណាម។
គិតត្រឹមថ្ងៃទី៣ ខែកញ្ញា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួនជាង ៩៤០០០នាក់ និងស្លាប់ជិត ២០០០នាក់ ដោយតិចជាងតួលេខ នៅប្រទេសថៃ និងវៀតណាមឆ្ងាយណាស់។ តួលេខនេះ អាចបញ្ជាក់ថា កម្ពុជា មានចំណាត់ការ បានល្អ និងមានសំណាងជាងប្រទេសជិតខាង នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ មនុស្សសឹងគ្រប់គ្នា នៅកម្ពុជា រងផលប៉ះពាល់ ដោយសារមេរោគនេះ ដោយខ្លះប៉ះពាល់សុខភាពផ្ទាល់ ឬប្រយោលពីការឆ្លងមេរោគនេះ ខ្លះស្លាប់ដោយសារមេរោគនេះ ខ្លះបាត់បង់ការងារ ខ្លះរកស៊ីខាត និងបិទក្រុមហ៊ុនជាដើម។ ដូច្នេះយើងបួងសួងអោយកូវីដ១៩ ឆាប់ចប់ ឬក៏ស្រាលទៅៗ នៅកម្ពុជា។
ដោយពិចារណាទៅលើចំណាត់ការ ដែលកម្ពុជា បានធ្វើ និងអ្វីដែលកើតមាននៅក្នុងប្រទេសជិតខាងនោះ កម្ពុជាទំនងជានឹងមិនអាចធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរនៃកូវីដ១៩ ដូចនៅថៃ និងវៀតណាមទេ។ វៀតណាម និងថៃ ប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ ដូចបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសទាំងពីរយឺតយ៉ាវ នៅក្នុងការរកវ៉ាក់សាំង ចាក់ជូនដល់ប្រជាជនរបស់ខ្លួន។
រហូតមកដល់ពេលនះ ប្រជាជនថៃតែចំនួន ៣០ភាគរយ បានចាក់វ៉ាក់សាំង បានមួយដង និងប្រមាណ ១១ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ ចំណែកប្រទេសវៀតណាមវិញ មានប្រជាជនតែប្រមាណ ២,៩ ភាគរយប៉ុណ្ណោះនៃ ប្រជាជន សរុប៩៨លាននាក់ ដែលបានចាក់វ៉ាក់សាំងពេញលេង។
ស្ថានភាពធ្ងន់ធ្ងរនៃប្រទេសទាំងពីរ ត្រូវបានគេបន្ទោសថា បណ្តាលមកពីការចាក់វ៉ាក់សាំង បានតិច។ ចំណែកប្រទេសកម្ពុជា មានសំណាងហើយចំនួនប្រជាជនចាក់វ៉ាក់សាំង គឺខ្ពស់ជាងប្រទេសទាំងពីរយ៉ាងឆ្ងាយ ដោយមានចំនួនជាង ៦៨ភាគរយនៃប្រជាជនសរុប ១៦លាននាក់ បានចាក់វ៉ាក់សាំង។
វ៉ាក់សាំងគួបផ្សំនឹងវិធានការសុខាភិបាលជាច្រើនទៀត បានធ្វើអោយប្រទេសកម្ពុជាមិនមានស្ថានភាពធ្ងន់ធ្ងរនៃកូវីដ១៩ ដូចនៅប្រទេសថៃ និងវៀតណាមនៅពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយចុះ ប្រទេសកម្ពុជានៅតែមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីជាច្រើន រយនាក់ជារៀងរាល់ថ្ងៃ និងស្លាប់ជាង ១០នាក់ ជារៀងរាល់ថ្ងៃនៅឡើយ។ ដូច្នេះ កម្ពុជាមិនត្រូវភេ្លចខ្លួនឡើយ នៅក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩ ដែលទាមទារទាំងរដ្ឋាភិបាល ទាំងគ្រូពេទ្យ និងប្រជាជនទាំងអស់ ចូលរួមយ៉ាងសកម្មបំផុត ដើម្បីយកឈ្នះកូវីដ១៩។
នយោបាយវ៉ាក់សាំង ការអនុវត្តច្បាប់ និងវិធានការសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងការចូលរួមពេញទំហឹងរបស់ប្រជាជនកម្ពុជា ដែលត្រូវតែចាក់វ៉ាក់សាំង ពាក់ម៉ាស រក្សាគម្លាត និងការឧស្សាហ៍ លាងដៃនឹងអាកុល ឬសាប៊ូ នឹងជួយអោយកម្ពុជាយកឈ្នះកូវីដ១៩ ទាំងលើផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច។
បើសិនជាកម្ពុជា អាចធ្វើដូច្នេះបាននោះ វានឹងមានន័យថា កម្ពុជានឹងមិនប្រឈមនឹង ស្ថានភាពប្រកបដោយមហន្តរាយ ដូចនៅប្រទេសថៃ និងវៀតណាមឡើយ។
ដោយពិចារណាទៅលើការដឹកនាំនយោបាយវ៉ាក់សាំង ដែលផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ការអនុវត្តច្បាប់ និងវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ បូកផ្សំនឹងការចូលរួមយ៉ាងពេញលេញរបស់ប្រជាជន ក្នុងការប្រឆាំងកូវីដ១៩ កម្ពុជានឹងឆាប់ក្រោកចេញពីវិបត្តិកូវីដ១៩ លឿនជាងប្រទេសជិតខាងរបស់ខ្លួន។
វាទំនងណាស់ថា ឆ្នាំ២០២២ នឹងក្លាយជាឆ្នាំថ្មីមួយ ដែលកម្ពុជា នឹងចាប់ផ្តើមងើបរើឡើងវិញពីវិបត្តិកូវីដ១៩៕
ចែករំលែកព័តមាននេះ