តាមការសិក្សាថ្មីមួយបានរកឃើញថា សុខភាពជាទូទៅរបស់បុរសគឺជាប់ពាក់ព័ន្ធនឹងគុណភាពមេជីវិតរបស់គេ ។ បណ្តាបុរសដែលទឹកកាមរបស់ខ្លួនមានគុណភាពអន់ប្រឈមនឹងបញ្ហាសុខភាពមួយចំនួនក្នុងនោះមានដូចជា ជំងឺអ័រម៉ូន បញ្ហាលើសឈាមជាដើម ។
ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បញ្ហាខាងដើមអាចនឹងកើតមានលើបុរសវ័យ៣០ឆ្នាំផងដែរ ។ មួយវិញទៀត បុរសដែលអសមត្ថភាពក្នុងការផ្តល់កំណើត ភាគច្រើនឆាប់ស្លាប់មុនអាយុ ហើយជំងឺដែលចូលមកយាយីមួយចំនួនជាជំងឺបេះដូង ។
សាស្ត្រាចារ្យ Michael Eisenberg មកពីសាកលវិទ្យាល័យ Stanford University ចក្រភពអង់គ្លេសថ្លែងថា បច្ចុប្បន្នមានគូស្វាមីភរិយាប្រហែលជា១៥ភាគរយជួបប្រទះនឹងបញ្ហាគ្មានកូន និងប្រហែលពាក់កណ្តាលនៃចំនួននេះគឺបណ្តាលមកពីភាគីបុរស ។ បុរសទាំងនោះផលិតទឹកកាមដែលខ្វះមេជីវិតបន្តពូជ។ ការយកចិត្តទុកដាក់ឱ្យខ្លាំងចំពោះបញ្ហានេះពីព្រោះ អសមត្ថភាពក្នុងការផ្តល់កំណើតជាសញ្ញាព្រមានចំពោះសុខភាពទូទៅ ។
គួរកត់សម្គាល់ថា នេះជាលើកទី១ហើយដែលការសិក្សាតាមបែបវិទ្យាសាស្ត្របានភ្ជាប់ទឹកកាមមានគុណភាពអន់ទៅនឹងបញ្ហាសុខភាពច្រើនយ៉ាង ។
ទោះជាយ៉ាងណាក៏ដោយ តាមការសិក្សានេះមិនបានបង្ហាញពីមូលហេតុនៃការជាប់ពាក់ព័ន្ធគ្នារវាងគុណភាពទឹកកាម និងជំងឺបេះដូង ឬលើសឈាមឱ្យបានច្បាស់ប្រាកដនោះឡើយ។ ចំណុចនេះសាស្ត្រាចារ្យ Eisenberg បានបញ្ជាក់ថា ១៥ភាគរយនៃបណ្តាហ្សែនទាំងអស់ក្នុងហ្សែនព័ត៌មានបានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងផ្នែកបន្តពូជ ហើយភាគច្រើននៃហ្សែនទាំងនេះក៏មានមុខងារផ្សេងក្នុងប្រព័ន្ធរាងកាយផងដែរ ។
លោកបានបន្ថែមថា សុខភាពបុរសជាប់ទាក់ទងយ៉ាងស្និតរមួតជាមួយនឹងគុណភាពទឹកកាម ។ ការទៅកាន់មន្ទីរព្យាបាលឯកទេសគឺជាជម្រើសល្អដើម្បីធ្វើឱ្យប្រសើរដល់លទ្ធផលព្យាបាលក៏ដូចជា បញ្ហាសុខភាពទូទៅ ៕
ចែករំលែកព័តមាននេះ