ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ និង​ដី​នៅ​ភូមិ​អភិ​វឌ្ឍន៍​យោធិន​ពិការ​កោះ​ស្លា​ត្រៀម​សម្រាប់​អ្នក​ពិការ​នៅ​សមរ​ភូមិ​ព្រះ​វិហារ

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ភូមិ​អភិ​វឌ្ឍន៍​យោធិន​​ពិការ​កោះ​ស្លា ​នៅ​សល់​ផ្ទះ​២២​ខ្នង។ ខ្ញុំ​ត្រៀម​លក្ខណ​សម្បត្តិ​សម្រាប់​បង​ប្អូន​យើង បើ​មាន​ធ្លាក់​ខ្លួន​ពិការ​នៅ​សមរ​ភូមិ​ប្រាសាទ​ព្រះ​វិហារ គឺ​បង​ប្អូន​ទាំង​នោះ​នឹង​ត្រូវ​មក​រស់​នៅ​កន្លែង​នេះ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​បែប​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១១ ក្នុង​ឱកាស​ដែល​សម្តេច និង​លោក​ជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​ក្នុង​ពិធី​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​យោធិន​ពិការ និង​សម្ពោធ​វិទ្យា​ល័យ​ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ដែល​មាន​២​ជាន់ ១២​បន្ទប់ និង​អគារ​សម្ភព​១​ខ្នង នៅ​ភូមិ​អភិ​វឌ្ឍន៍​យោធិន​ពិការ​កោះ​ស្លា ស្ថិត​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ផ្ទះ​ទាំង​២២​ខ្នង​នោះ ក្នុង​ករណី​ដែល​មាន​​អ្នក​ពិការ​ថ្មី ហើយ​ដែល​បាត់​បង់​សមត្ថ​​ភាព​នឹង​ត្រូវ​បញ្ជូន​មក​កាន់​កន្លែង​នេះ។ នេះ​ជា​ការ​ត្រៀម​រៀបចំ​សំណាញ់​សុត្ថិ​ភាព​មួយ​ដែល​ខ្ញុំ​ចង់​បង្ហាញ​អំពី​កម្ម​វិធី​នយោ​បាយ បញ្ជាក់​អះ​អាង​នូវ​ការ​រៀបចំ​សំណាញ់​សុវត្ថិ​ភាព​ដោះ​ស្រាយ​អ្នក​ដែល​ពិការ​ជាន់​មុន និង​រៀបចំ​ស្ថាន​ភាព​នៃ​អ្នក​ដែល​​​​ពិការ​​ថ្មី ព្រោះ​​ពួក​ឈ្លាន​ពាន​ទឹក​ដី​របស់​យើង​​វា​មិន​ដែល​ចោល​ក្បួន​ទេ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​មក​កាន់​ទី​នេះ គឺ​មិន​មែន​គ្រាន់​តែ​បញ្ជូន​បង​ប្អូន​ចេញ​ពី​មណ្ឌល​ពិការ​កៀន​ស្វាយ ឱ្យ​រួច​ផុត​តែ​ពី​​ដៃ​នោះ​ទេ ខ្ញុំ​មិន​ធ្វើ​បែប​នេះ​ទេ។ ដូច្នេះ ​ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ដាន​មើល​អំពី​ចលនា​នៃ​ការ​វិវត្ត​​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​ដែល​បាន​មក​តាំង​ទីលំនៅ​​ថ្មី​នៅ​ទីនេះ មិន​មែន​គ្រាន់​តែ​មក​ដាក់​ឱ្យ​រួច​ពី​ដៃ​ ធ្វើ​ផ្ទះ​ហើយ​ប្រគល់​ដី​រួច​ ​ទីចុង​បំផុត​បោះ​បង់​ចោល ទីបំផុត​អ្នក​ទាំង​នោះ​ធ្លាក់​នៅ​ក្រោម​បន្ទាត់​​នៃ​ភាព​ក្រីក្រ​នោះ​ទេ។ បន្ថែម​ពី​លើ​នោះ សំខាន់​​​គឺ​ការ​សិក្សា​របស់​កូន​ចៅ​អស់​លោក លោក​ស្រី​ជា​យោធិន​​ដែល​ត្រូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ ដូច្នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​រៀបចំ ក្មួយ​ៗ​សិស្សា​នុសិស្ស​​​ដែល​ជា​កូន​ចៅ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នេះ​ ក៏​ដូច​ជា​កូន​យុទ្ធ​ជន​ពិការ​​ដែរ គឺ​​ធានា​ថា ក្មួយ​ៗ​ទាំង​អស់​​នឹង​បាន​ចូល​​រៀន​យ៉ាង​ហោច​ណាស់​៩​ឆ្នាំ និង​បន្ត​សិក្សា​​នៅ​មធ្យម​សិក្សា​កំរិត​២​ទៀត។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ទឹក សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា ត្រូវ​ដោះ​ស្រាយ​បន្ទាន់​ និង​បាន​ប្រគល់​ភារ​កិច្ច​ជូន​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ កសាង​​អណ្តូង​ស្នប់​បន្ថែម​​ចំនួន​៣០​​ទៀត ​ព្រម​ទាំង​ស្តារ​ស្រះ​ដែល​មាន​ស្រាប់​បន្ថែម​ទៀត។ ទន្ទឹម​នេះ ​សម្តេច​​ស្នើ​ឱ្យ​ក្រសួង​ធន​ធាន​ទឹក​ធ្វើ​ការ​សិក្សា​ស្ទឹង​សំបួរ តើ​តំបន់​ស្ទាក់​ទឹក​កន្លែង​ណា ដែល​អាច​ធ្វើ​បាន​ដើម្បី​បំរើ​ឱ្យ​ប្រជា​ជន​នៅ​តំបន់​​នេះ ដើម្បី​ឱ្យ​ប្រជា​ជន​នៅ​តំបន់​​​នេះ​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ផង​ដែរ​​សម្រាប់​ស្រោច​ស្រព​វិស័យ​កសិ​កម្ម។ ដូច្នេះ​​ផ្នែក​ទឹក​នេះ​ត្រូវ​តែ​ជា​អាទិ​ភាព​​ក្នុង​ការ​ដោះ​ស្រាយ​បន្ត។ ទាក់​ទង​នឹង​ការ​សាង​សង់​សាលា​ឃុំ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​​ទៅ​លោក​អភិ​បាល​ខេត្ត​កំពតថា ការ​សាង​សង់​គួរ​តែ​កុំ​ដាក់​នៅ​ក្នុង​មណ្ឌល​នេះ ព្រោះ​ការ​បោះ​ឆ្នោត​គឺ​ការ​បោះ​សមា​​មាត្រ សម្តេច​ព្រួយ​បារម្ភ​ក្រែង​មាន​ការ​មក​បង្ក​ហេតុ​ពី​បក្ស​ប្រឆាំង​ នាំ​​ឱ្យ​មាន​បញ្ហា​បណ្តាល​មក​ពី​ការ​ជេរ​ដល់​យុទ្ធ​ជន​ពិការ​។

សម្តេច​តេជោ​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ខ្ញុំ​ស្អប់​ណាស់​ចំពោះ​អ្នក​ដែល​ប្រមាថ​មើល​ងាយ​​អ្នក​ពិការ សូម្បីតែ​ខ្ញុំ​ក៏​ត្រូវ​គេ​​ប្រមាថ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​អ្នក​ដែល​ប្រមាថ​​អ្នក​ពិការ​គង់​តែ​ងាប់…។ ខ្ញុំ​ជា​ជន​ពិការ​ម្នាក់​ដែរ ខ្ញុំ​ត្រូវ​តែ​ការ​ពារ ហើយ​ម្យ៉ាង​ទៀត​វា​អសីល​ធម៌​ ព្រោះ​ជន​ពិការ​គេ​គោរព​ណាស់ ឥឡូវ​សូម្បី​តែ​ច្បាប់​សម្រាប់​ជន​ពិការ​ត្រូវ​ដាក់​កូតា​​សម្រាប់​​ឱ្យ​ទទួល​យក​ជន​ពិការ​ចំពោះ​ស្ថាប័ន​រដ្ឋ​ និង​ក្រុម​ហ៊ុន។ មនុស្ស​ដែល​ប្រមាថ​ជន​ពិការ បើ​ឱ្យ​ដឹក​នាំ​ប្រទេស​វិញ​គឺ​រលាយ កុំ​ថា​ឱ្យ​ដឹក​នាំ​ប្រទេស​ ឱ្យ​ធ្វើ​ជា​មេ​ភូមិ​ក៏​វា​រលាយ​ដែរ សូម្បី​តែ​គ្រួសារ​របស់​គេ​ក៏​មិន​ត្រូវ​គ្នា​ដែរ។ គួរ​ណាស់​ត្រូវ​តែ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ជន​ពិការ ហើយ​​​អ្នក​ទាំង​នេះ​ទៀត ពិការ​ដោយ​សារ​ជាតិ ដោយ​សារ​សាសនា។ បើ​សិន​ជា​កុំ​មាន​ចម្បាំង យើង​ក៏​មិន​មាន​អ្នក​ពិការ​ទេ។

ក្នុង​ឱកាស​នោះ សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត ក៏​បាន​ចែក​អំណោយ​ និង​សំភារ​ ថវិកា​សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​យោធិន​ពិការ​ភូមិ​អភិ​វឌ្ឍន៍​កោះ​ស្លា​៣១៧​គ្រួសារ នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ចំនួន​២៣៤​គ្រួសារ ដោយ​​ក្នុង​១​គ្រួសារ​ៗ​​ទទួល​បាន​ស្មើ​ៗ​គ្នា ​គឺ​ទឹក​ក្រូច​១កេស, មី​យើង​១​កេស, ប្រេង​ឆា​៥​លីត្រ, អំបិល​អុីយ៉ូត​១០​គីឡូ​ក្រាម, សារុង​២, មុង​នីឡុង​១, អង្ករ​៥០​គីឡូ​ក្រាម, ត្រីខ​១២​កំប៉ុង, ប៊ី​ចេង​១​គីឡូ​ក្រាម, ស្ករស​៥​គីឡូ​ក្រាម, ក្រមា​២, ភួយ​ពោះ​គោ​១ និង​ថវិកា​២០​ម៉ឺន​រៀល។ គ្រូ​បង្រៀន​ចំនួន​៥៦​នាក់ និង​គ្រូ​ពេទ្យ​៣៣​នាក់ ក៏​បាន​ទទួល​សំភារ និង​ថវិកា​ដូច​​គ្រួសារ​យោ​ធិន​ពិការ​​ដែរ។ សិស្សា​នុសិស្ស​១.៣៧៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សៀវ​ភៅ​២​ក្បាល ប៊ិច​១​ដើម និង​ថវិកា​៥​ពាន់​រៀល។ ចំពោះ​ម៉ូតូវីវ៉ា​​ចំនួន​២៦​គ្រឿង ក្នុង​នោះ​លោក​គ្រូ អ្នក​គ្រូ​បាន​២៥​គ្រឿង និង​១​គ្រឿង​ជូន​ដល់​លោក​គ្រូ​ពេទ្យ។

ចំពោះ​អ្នក​​ជំងឺ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ចំនួន​២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ទឹក​ក្រូច​១​កេស, មី​១​កេស, ត្រីខ​១២​កំប៉ុង, ទឹក​ដោះ​គោ​ឆៅ​២៤​កំប៉ុង, ស្ករស​៥​គីឡូ​ក្រាម, សារុង​១, ក្រមា១ និង​ថវិកា​១០​ម៉ឺន​រៀល។
លោក​ឧត្តម​សេនីយ៍​ទោ ទិត្យ ម៉េង​ឡុង តំណាង​ភូមិ​អភិ​វឌ្ឍន៍​យោធិន​ពិការ​កោះ​ស្លា បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ជីវ​ភាព​រស់​នៅ និង​ការ​រីក​​ចម្រើន​នៅ​ភូមិ​អភិ​វឌ្ឍន៍ បន្ទាប់​ពី​យោ​ធិន​ពិការ និង​ក្រុម​គ្រួសារ​បាន​មក​រស់​នៅ​រយៈ​ពេល​៣៥​ខែ គឺ​តាំង​ពី​ឆ្នាំ​២០០៨​មក។ របាយ​ការណ៍​លោក​ឧត្តម​សេនីយ៍ទោ​បាន​បង្ហាញ​ថា ជីវ​ភាព​រស់​នៅ​របស់​យោ​ធិន​ និង​ក្រុម​គ្រួសារ​កាន់​តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ការ​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ ការ​ចិញ្ចឹម​សត្វ​លើ​ផ្ទៃ​ដី​ដែល​បាន​ចែក​ជូន​បង​ប្អូន​ គឺ​ការ​បង្ក​បង្កើន​ផល​បាន​ប្រមាណ​៨៥%។

លោកឧត្តម​សេនីយ៍ទោ​បន្ត​ថា នៅ​ឆ្នាំ​២០១១នេះ យោ​ធិន​ពិការ​នឹង​អាច​សម្រេច​បាន​១០០% លើ​​ផ្ទៃ​ដី​ដែល​បាន​ចែក​ជូន ដើម្បី​ប្រែ​ក្លាយ​ជីវ​ភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​ឱ្យ​​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ឆ្លើយ​តប​នូវ​គុណ​បំណាច់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​គិត​គូរ​ខ្ពស់ និង​ជួយ​ឧបត្ថម្ភ​គ្រប់​​បែប​យ៉ាង​ដល់​យោធិន​ពិការ និង​ក្រុម​គ្រួសារ​ គ្រូ​ពេទ្យ គ្រូ​បង្រៀន ក្នុង​ភូមិ​អភិ​វឌ្ឍន៍​​យោ​ធិន​ពិការ​កោះ​ស្លា​នេះ។ ទន្ទឹម​នេះ លោក​​ក៏​បាន​សំណូម​ពរ​ដល់​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត​ សូម​ជួយ​ដោះ​ស្រាយ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ប្រើ​ប្រាស់ និង​ស្រោច​ស្រព​វិស័យ​កសិ​កម្ម​ក្នុង​ការ​បង្ក​បង្កើន​ផល​ក្នុង​តំបន់​អភិ​វឌ្ឍន៍​យោធិន​ពិការ​នេះ៕