ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យទន្តសាស្ត្ររំចង់​បរិច្ចាគថវិកា២០លាន​រៀល និងបរិច្ចាគឈាម​ដល់មន្ទីរពេទ្យគន្ធបុប្ផា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ក្រោយពីមានការអំពាវនាវស្វែង​រកថវិកាដើម្បីផ្គត់ផ្គង់ជួយ​មន្ទីរពេទ្យគន្ឋបុប្ផានោះរួចមក ​មន្ទីរពេទ្យទន្តសាស្រ្តរំចង់​បានបរិច្ចាគថវិកា​ផ្ទាល់២០លានរៀល​

រាជធានីភ្នំពេញ៖ក្រោយពីមានការអំពាវនាវស្វែង​រកថវិកាដើម្បីផ្គត់ផ្គង់ជួយ​មន្ទីរពេទ្យគន្ឋបុប្ផានោះរួចមក ​មន្ទីរពេទ្យទន្តសាស្រ្តរំចង់​បានបរិច្ចាគថវិកា​ផ្ទាល់២០លានរៀល​និងបុគ្គលិកមន្ទីរពេទ្យរំចង់​ប្រមាណ២០នាក់ ​បានស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះ​អ្នករង​របួសរឺអ្នកជំងឺធ្ងន់ធ្ងរជូនដល់មន្ទីរពេទ្យគន្ឋបុប្ផាទី៤​ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី​ ០១ ខែកុម្ភៈ​ ឆ្នាំ២០១៦ ។

អគ្គនាយកមន្ទីរពេទ្យទន្តសាស្រ្តរំចង់​ លោកទន្តបណ្ឌិត ទិត ហុងយឺ ​បានមានប្រសាសន៍ថាការបរិច្ចាគថវិកាថ្ងៃនេះ ​ដើម្បីជាការអបអរសាទរគំរប់ខួប​២០ឆ្នាំ​របស់មន្ទីរពេទ្យ​ទន្តសាស្ត្រ​រំចង់ ។ លោកថាមន្ទីពេទ្យទន្តសាស្ត្ររំចង់ ​បានធ្វើបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន២០លាន​រៀលជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ​ដើម្បីផ្តល់លទ្ធភាព​ដល់មន្ទីរពេទ្យ​បន្តរក្សាបាននូវសេវាព្យាបាល​មានគុណភាពសំរាប់កុមារ ​និងស្រ្តីកម្ពុជា​ជារៀងរហូត ។

ជាមួយគ្នានោះដែរគណៈគ្រប់គ្រង​ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់​ ក៍បានអំពាវនាវនិងលើកទឹកចិត្តដល់​សាធារណជនទាំងអស់ ​ចូលរួមបរិច្ចាគឈាម ​ដើម្បី​ជួយសង្គ្រោះជីវិតកុមាររងគ្រោះ ​និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់ ​។ លោកអគ្គនាយកមន្ទីទេព្យលើក​ឡើងទៀតថា​រយៈពេល២០ឆ្នាំ​កន្លង​មកនេះ​”រំចង់”បាន​ពុះពារគ្រប់បែបយ៉ាងដើម្បីផ្តល់​ជូននូវសេវាពេទ្យធ្មេញ​ដែលមានគុណភាព ​និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ ​និងអន្តរជាតិ ​និងត្រូវបានទទួល​ស្គាល់គុណភាព​ស្តង់ដាអន្តរជាតិ​ ប្រកបដោយភាពល្បីល្បាញ​ជាពេទ្យធ្មេញល្អបំផុត​នៅក្នុងរាជធានីភ្នំពេញ ។

បើតាមលោកវេជ្ជបណ្ឌិត ​Beat Richner(បេអាត រីច្នឺ) ​ប្រធាននិងស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា​ ​បានបង្ហាញនៅក្នុងរបាយការណ៍មួយដែល​ផ្សព្វផ្សាយនៅក្នុងហេ្វសប៊ុក​ផ្ទាល់ខ្លួនថា ក្នុងរយៈពេល២៤ឆា្នំកន្លងមកនេះ​ ពោលគឺចាប់តំាងពីឆ្នាំ១៩៩២មក​ មន្ទីរពេទ្យគន្ធបុប្ជាបានចំណាយថវិកាអស់​ចំនួន៥៦៣លានដុល្លារហើយ​ ក្នុងបេសកកម្ម​សង្គ្រោះជីវិតកុមារក្រីក្ររបស់កម្ពុជា ​។ បើតាម លោក បេអាត រីច្នឺ ​ក្នុងចំណោមថវិកាទាំង៥៦៣​លានដុល្លារនោះ ៨៦,៤ភាគរយ ​គឺជាវិភាគទានសប្បុរសជន​​ដែលភាគច្រើន​មក​ពីប្រជាជនរស់នៅក្នុងប្រទេសស្វីស ​៤,៧ភាគរយ ​បានមកពីការចូលរួមវិភាគទាន​របស់រាជរដ្ឋាភិបាលកម្ពុជា ​និង៨,៩ភាគរយបានមកពី​ការចូលរួមវិភាគទាន​របស់​រដ្ឋាភិបាលស្វីស ។​ របាយការណ៍ដដែលបានបង្ហាញទៀតថា ​ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ​មានកុមារឈឺចំនួន១៤,៨៣៧,១៥៥នាក់​ ដែលបានទទួលការពិនិត្យ ព្យាបាល​នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ​និងកុមារដែលមានជំងឺនិងរបួសធ្ងន់ៗ ​មានចំនួន១,៥១៦,៤៧១នាក់ ត្រូវបានជួយសង្គ្រោះ​ និងបានជាសះស្បើយនៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។ ៨០ភាគរយនៃកុមារ​ដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ ​នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានដាក់​ឲ្យសម្រាកនៅមន្ទីរពេទ្យទេនោះ។ ​សម្រាប់ផ្នែក​សម្ភពវិញ មានស្ត្រីចំនួន១៩២,៨៩៧នាក់​មកសម្រាលកូន ​និងមានការពិនិត្យ​តាមដានផ្ទៃពោះចំនួន ១,៣៩០,៣២៣ដង ​នៅក្នុងផ្នែកពិគ្រោះ​ជំងឺក្រៅនៃសម្ភព ។

គួរបញ្ជាក់ថា ​ក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផា ​ត្រូវចំណាយថវិកាចំនួន១២ម៉ឺនដុល្លារ​ដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារកម្ពុជា ៕