ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA និយាយថា ស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុននៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែហាក់ដូចជាស្ថិតក្នុងកម្រិតមានស្ថិរភាព ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយស្តីអំពីបញ្ហានៅរោងចក្រនុយក្លេអ៊ែរជប៉ុនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីដ៏ខ្លាំងកម្រិត៩រីស្ទ័រ លោក Graham Andrew ជាជំនួយការជាន់ខ្ពស់របស់ប្រធាន IAEA ថ្លែងថា ស្ថានការណ៍នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ារបស់ជប៉ុន កាលពីថ្ងៃម្សិលមិញពុំមានភាពធ្ងន់ធ្ងរនោះទេ ។
លោក Andrews ថ្លែងទៀតថា ម៉ាស៊ីនរេអាក់ទ័រលេខ១ លេខ២ និងលេខ៣ នៅរោងចក្រនុយក្លេអ៊ែរនោះស្ថិតក្នុងលក្ខខណ្ឌអស្ថិរភាព ហើយគេកំពុងចាក់ទឹកលើចង្ក្រានរេអាក់ទ័រទាំង៣ ដើម្បីបញ្ចុះកំដៅរេអាក់ទ័រទាំងនោះ ពីព្រោះចង្ក្រានរេអាក់ទ័រទាំង៣នេះមិនមានប្រព័ន្ធត្រជាក់ទេ ។
ប៉ុន្តែលោក Andrews គូសបញ្ជាក់ថា ស្ថានការណ៍នៅម៉ាស៊ីនរេអាក់ទ័រលេខ៤ របស់រោងចក្រនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ