ខេត្តកំពង់ស្ពឺ ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ាញ់ ជាបហ៊ង បានស្តីបន្ទោសដល់អ្នកសាងសង់ទាំងអស់ក្នុងខេត្ត ដែលបានចាក់លុបមុខទឹកហូរ បង្កឱ្យមានការជន់លិចកំណាត់ផ្លូវជាតិ៤ ជារៀងរាល់ឆ្នាំ។ ការស្តីបន្ទោសនេះធ្វើឡើង ខណៈពេលមានជំនន់ទឹកភ្លៀងបាននិងកំពុងបង្កការជន់លិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ ទៅលេខ៤៤ ស្ថិតនៅចំណុចភូមិរលាំងសង្កែ ក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានប្រវែងជាង១០០ម៉ែត្រ។
លោក ញ៉ាញ់ ជាបហ៊ង បានប្រាប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងតាំងពីព្រលប់ថ្ងៃទី៣០ ខែសីហា រហូតដល់ព្រឹកថ្ងៃទី៣១ ខែសីហា បានធ្វើឱ្យប្រឡាយ បឹងបួរមួយចំនួនពេញប្រៀបទៅដោយទឹកភ្លៀង មិនតែប៉ុណ្ណោះទឹកភ្លៀងនេះដែរ ក៏បានហូរចាក់ទៅទីទំនាបមួយចំនួនផងដែរ។ ជាក់ស្តែងទឹកក៏បានហូរកាត់លើកំណាត់ផ្លូវជាតិខាងលើ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូន ហើយផលប៉ះពាល់ទាំងនេះបានកើតមានឡើងជារៀងរាងរាល់ឆ្នាំ ឱ្យតែមានភ្លៀងធ្លាក់ជោកជាំម្តងៗ។
លោក ញ៉ាញ់ ជាបហ៊ង បានបញ្ជាក់ថា កាលដើមឡើយ នៅក្បែរចំណុចលិចលង់នេះ គឺសុទ្ធសឹងតែជាបឹងធំ និងមានប្រព័ន្ធបង្ហូរទឹកច្រើនមិនដែលបង្កឱ្យមានទឹកហូរលើផ្លូវទេ តែក្រោយមានការអភិវឌ្ឍន៍ផ្នែករោងចក្រ សហគ្រាសមក ឃើញថា ចំណុចនេះបានលិចលង់រាល់ឆ្នាំ។ ទាំងនេះ គឺបណ្តាលមកពីការចាក់លុបប្រព័ន្ធប្រឡាយដែលជាប្រភពរំដោះទឹកចេញពីទីប្រជុំជន។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានចុះពិនិត្យ និងដោះស្រាយកង្វល់នេះភ្លាមៗ ដើម្បីរំដោះទឹកចេញពីការជន់លិចកំណាត់ផ្លូវជាតិលេខ៤ នេះ។ ដោយក្នុងនោះមន្ទីរបានដាក់គ្រឿងចក្រកាយប្រឡាយបង្ហូរទឹកចេញពីលើផ្លូវជាតិ។
តែទោះជាយ៉ាងនេះ លោកក៏បានបង្ហាញពីកង្វល់ និងផលវិបាកមួយចំនួនដែលមន្ទីរបានជួបប្រទះ។ មន្ទីរអាចកាយប្រឡាយបង្ហូរទឹកអមសងខាងផ្លូវជាតិបាន តែចំពោះប្រភពផ្លូវទឹកដែលអាចរំដោះចេញនៅមានភាពស្មុគស្មាញ និងមានកម្រិត ដោយសារតែមុខទឹកមួយចំនួន ត្រូវបានចាក់លុប និងសាងសង់អគាររោងចក្រអស់ទៅហើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ជុំវិញករណីដែលបង្កឱ្យមានការខូចខាតផ្លូវជាតិនៅចំណុចខាងលើនាពេលខាងមុខ។ ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធជួយពិនិត្យ និងពន្លឿនការដោះស្រាយបញ្ហានេះបន្ទាន់ផង មុនផ្លូវរងការខូចខាត ព្រោះបញ្ហានេះ មិនមែនទើបកើតមាននោះទេ គឺអូសបន្លាយមកជាច្រើនឆ្នាំហើយ៕
ចែករំលែកព័តមាននេះ