ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិណ​អង្គរធំ​និង​អង្គរតូច នឹង​មានទឹក​ពេញ​ឡើង​វិញ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កសិណ​អង្គរធំ និង​អង្គរតូច នឹង​មានទឹក​ពេញ​ឡើង​វិញ​រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាង​មុខ​នេះ ខណៈ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចូល​ទឹកស្ទឹង​សៀមរាប ត្រង់​ទំនប់​បារាំង ។ ការ​បញ្ចូល​ទឹក​នេះ​

ខេត្តសៀមរាប ៖ កសិណ​អង្គរធំ និង​អង្គរតូច នឹង​មានទឹក​ពេញ​ឡើង​វិញ​រយៈពេល​ប៉ុន្មាន​ថៃ្ង​ខាង​មុខ​នេះ ខណៈ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចូល​ទឹកស្ទឹង​សៀមរាប ត្រង់​ទំនប់​បារាំង ។ ការ​បញ្ចូល​ទឹក​នេះ​អាច​នឹង​ប្រើ​រយៈពេល​ប្រហែល​១០​ថ្ងៃ​ទើប ពេញ​កសិណ​ទាំង​ពីរ ។ នេះ​ជា​ការ​អះអាង​របស់​លោក​ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៦ ។

លោក សុ ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា លោក​បាន​បង្ហូរទឹក​ចូល​ទៅ​ក្នុង​កសិណ​ទាំងនេះ រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​ហើយ ។ ការ​រៀបចំ​បង្ហូរ​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​បើក​ស្ទឹង​សៀមរាប រយៈពេល​ជាង​២​ខែ​បញ្ជូន​ទឹក​ទៅ​ផ្នែក​ខាងក្រោម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ ប្រើ ប្រាស់​ស្រោចស្រព​ដំណាំ និង​ស្រែ​ចម្ការ​របស់​ពួក​គាត់ តាម​សំណើ​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ។ ដោយ​ពិនិត្យ​ឃើញ​ថា កម្ពស់​ទឹក​នៅ​ភ្នំ​គូលែន​កាន់តែ​តិច ទើប​លោក​ប្រញាប់ប្រញាល់​ប្រមូល​ទឹក​បញ្ចូល​ទៅ​ក្នុង​កសិណ​អង្គរ​ឱ្យ​ហើយ ព្រោះ​បើ​ទុក​រយៈពេល​យូរ​ជាង​នេះ ទឹកនឹង​ហូរ​ធ្លាក់​ទៅ​ទន្លេសាប​អស់ ហើយ​មិន​អាច​បញ្ចូល​ទឹក​ឱ្យ​ខ្ពស់​បង្ហូរ​ចូល​ទៅ​កសិណ​ទាំង​២​នោះ​បាន​ឡើយ​។ ទឹក​ដែល​ស្ថិត​នៅ​ក្នុង​កសិណ នីមួយ​ៗ​នេះ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ថែរក្សា​រចនាសម្ព័ន្ធ​ប្រាសាទ និង​ប្រព័ន្ធ​ទឹក​ក្រោម​ដី ព្រោះ​ប្រាសាទ និង​រចនាសម្ព័ន្ធ​សុទ្ធតែ​មាន​គ្រឹះ​ជា​ដីខ្សាច់ ដែល​ទាមទារ​សំណើម​ជា​ប្រចាំ ។ ចំពោះ​កសិណ​អង្គរធំ​ក្រៅពី​ទ្រទ្រង់​រចនាសម្ព័ន្ធ​ប្រាសាទ ទឹក​នេះ​ក៏​ត្រូវ​បាន​បើ​ប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ​ដំណាំ​នៅ​សង្កាត់​គោក​ចក​មួយ​ចំនួន​ផង​ដែរ ។

អាង​ដ៏​ធំ​នៃ​កសិណ​អង្គរធំ​អាច​ផ្ទុក​ទឹក​ជិត​២​លាន​ម៉ែត្រគូប វា​ជា​កសិណ​ទឹក​ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ ព័ទ្ធ​ជុំវិញ​ក្រុង​អង្គរធំ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក មាន​តែ​កសិណ​ទឹក​ផ្នែក​ខាងត្បូង​ឆៀង​ខាងលិច​ប្រមាណ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ដែល​មានទឹក ខណៈ​ដែល​ផ្នែក​ខាងត្បូង​ឆៀង​ខាងកើត​នៃ​កសិណ​គ្មាន​ទឹក​ទៀត​ឡើយ​នៅ​រដូវវស្សា ។ បន្ទាប់​ពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ជួសជុល​កាលពី​ឆ្នាំ​២០១០​មក កំណាត់​នៃ​កសិណ​ខាងត្បូង​ឆៀង​ខាងកើត​ប្រវែង​៣០០​ម៉ែត្រ មានទឹក​ពេញ​រាល់​ឆ្នាំ​ជាប់​ជា​ប្រចាំ ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា ។

ចំណែក​កសិណ​អង្គរតូច​វិញ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ទឹកបាន​ជាង​១​លាន​ម៉ែត្រគូប កាលពីមុន​ឆ្នាំ​២០១០ ប្រព័ន្ធ​បង្ហូរទឹក​គឺ​ប្រើ​ប្រឡាយ​មួយ ដែល​គេ​កសាង​ឡើង​នៅ​ចន្លោះ​កសិណ​ទឹក​របស់​ក្រុង​អង្គរធំ​ខាងត្បូង​ឆៀង​ខាងលិច រហូត​ដល់​ត្រពាំង​សេះ ឆ្លងកាត់​ខាងក្រោយ​កន្លែង​បង្ហោះ​បា​ឡុ​ង ក្នុង​សម័យ​ថ្មី​នេះ ។

បច្ចុប្បន្ន នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ស្តារ ប្រព័ន្ធ​បុរាណ​ឡើង​វិញ ដោយ​ភ្ជាប់​កសិណ​ទឹក​របស់​ក្រុង​អង្គរធំ​ផ្នែក​ខាងត្បូង​ឆៀង​ខាងកើត​ទៅ​កសិណ​ទឹក​អង្គរវត្ត​ផ្នែក​ខាង​ជើង​ឆៀង​ខាងលិច​ផ្ទាល់ ដោយ​ឆ្លងកាត់​កសិណ​ទឹក​របស់​ភ្នំ​បាខែង និង​អូរ​សំពៅ​លូន ។ ប្រព័ន្ធ​នេះ​បាន​ធ្វើ​ឱ្យ កម្រិត​ទឹក​ក្នុង​កសិណ​អង្គរវត្ត​កើន​បាន​កម្ពស់​១​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​ទឹក​របស់​វា​នៅ​ពេល​មុន ៕