ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តម​សេនីយ៍​ សៅ សុខា សាក​សួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​​ដល់​កង​​ទ័ព

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ មីនា ​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អគ្គ​​មេ​បញ្ជា​ការ​​​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​ បាន​​​​អញ្ជើញ​ទៅ​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​​ដល់​កង​រាជ​អាវុធ​ហត្ថ​ អង្គ​ភាព​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤ កង​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៥០១ ​វរ​សេនា​តូច​នគរ​បាល​ការ​ពារ​ព្រំដែន​​គោក​លេខ​៨២៥ វរ​សេនា​​តូច​លេខ​៥០៨ និង​​កង​វិស្វ​កម្ម​ទ័ព​ជើង​គោក

ខេត្ត​ពោធិ៍​សាត់ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ មីនា ​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា អគ្គ​​មេ​បញ្ជា​ការ​​​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​ បាន​​​​អញ្ជើញ​ទៅ​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​ជូន​​ដល់​កង​រាជ​អាវុធ​ហត្ថ​ អង្គ​ភាព​កង​ពល​តូច​អន្តរា​គមន៍​លេខ​១៤ កង​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៥០១ ​វរ​សេនា​តូច​នគរ​បាល​ការ​ពារ​ព្រំដែន​​គោក​លេខ​៨២៥ វរ​សេនា​​តូច​លេខ​៥០៨ និង​​កង​វិស្វ​កម្ម​ទ័ព​ជើង​គោក ដែល​កំ​ពុង​ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​នៅ​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ។ ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​លោក​ស្រី ជុក សុផានី អភិ​បាល​​រង​ខេត្ត លោក​ឧកញ៉ា ទុយ គី ប្រធាន​​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​​ភ្នំពេញ ​ខេត្ត​កណ្តាល កំពង់​​ឆ្នាំង ប៉ៃលិន និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ ។

​ក្នុង​ឱកាស​នោះ​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា បាន​សម្តែង​ទឹក​ចិត្ត​រីក​រាយ​ និង​​កោត​សរសើរ​ និង​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​​សួរ​សុខទុក្ខ​ពី​​សំណាក់​សម្តេច​​អគ្គ​មហា​ទាំង​៣​ជូន​​ចំពោះ​កង​រាជ​អាវុធ​ហត្ថ​​ នគរ​បាល​​ជាតិ  ពិសេស​កង​ទ័ព​អន្តរា​គមន៍​ និង​កង​​កម្លាំង​ជួរ​មុខ​ដែល​កំពុង​ត្រៀម​ និង​ឈរ​ជើង​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​​ឃុំ​ថ្ម​ដា​ នេះ ។ ​ពួក​សៀម​​មួយ​ចំនួន​ធំ​ជា​ពួក​វង្វេង​ប្រវត្តិ​សាស្ត្រ គូរ​ផែន​ទី​ឯក​តោ​ភាគី​បង្រៀន​​កូន​ចៅ​របស់​គេ​ជំនាន់​ក្រោយ​ឱ្យ​វង្វេង​តាម​ បញ្ជូន​​កង​ទ័ព​ឱ្យ​​ចូល​​មក​ឈ្លាន​ពាន​​​ទឹក​ដី​កម្ពុជា និង​នៅ​​តែ​មាន​មហិច្ឆ​តា​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ ដែល​ជា​កេរ​មរតក​របស់​បុព្វ​បុរស​យើ​ង​ដោយ​​ឥត​អៀន​ខ្មាស​​ដដែល ទោះ​បី​ជា​​ដឹង​ថា ​​ប្រាសាទ​ព្រះ​វិហារ​បាន​ក្លាយ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​​ក៏​ដោយ ។ ប្រទេស​​​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច​តេជោ​ ហ៊ុន សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​​ បាន​ខិត​ខំ​ព្យា​​យាម​ចរចា​តាម​ការ​ទូត តាម​ផ្លូវ​ច្បាប់​ជា​ច្រើន​លើក​ច្រើន​​សា​មក​ហើយ ​ប៉ុន្តែ​ពួក​សៀម​នៅ​តែ​ប្រើ​រូប​ភាព​ចាប់​ដៃ ​ជើង​ជាន់​ដដែល រហូត​ប្រើ​កម្លាំង​យោ​ធា​បង្ក​ឱ្យ​​មាន​សង្គ្រាម និង​​ភាព​តាន​តឹង​ដល់​​​សព្វ​​ថ្ងៃ​ ប្រៀប​ដូច​​ជា​ចង់​​ក្តិច​បណ្តូល​ ខណៈ​ពេល​ឃើញ​ប្រទេស​កម្ពុជា​យើង​កំពុង​​មាន​ការ​អភិ​វឌ្ឍ​​បោះ​ជំហាន​ទៅ​មុខ​ជា​លំដាប់​។

​លោក​នាយ​ឧត្តម​សេនីយ៍​បាន​ជំរាប​​ជូន​ថា ដោយ​​មាន​ការ​គិត​គូរ​ពី​​សុខ​ទុក្ខ​​ជីវ​ភាព​រស់​នៅ​ ពិសេស​ជិត​​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​នោះ លោក​​បាន​ស្វែង​រក​អំណោយ​ពី​សប្បុរស​ជន​ដើម្បី​​យក​មក​ជួយ​ឧបត្ថម្ភ​​ដល់​កង​រាជ​អាវុធ​ហត្ថ ។ ទោះ​បី​ទិស​ព្រះ​វិហារ​ជា​ទិស​​សំខាន់ ប៉ុន្តែ​យើង​មិនដែល​​ចោល​ទិស​ផ្សេង​ៗ​​នោះ​ទេ ហើយ​បើ​ផ្តល់​ជូន​តែ​ខ្សែ​បណ្តោយ​​កង​រាជ​អាវុធ​ហត្ថ​ មិន​ផ្តល់​ជូន​កង​ទ័ព និង​នគរ​បាល​ក៏​មិន​កើត​ដែរ ព្រោះ​​សុទ្ធ​តែ​​ជា​កង​កម្លាំង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ដូច​គ្នា ដែល​នេះ​ជា​មនោ​សញ្ចេត​នា​របស់​ខ្មែរ​យើង​ដែល​មាន​​តាំង​ពី​ដើម​រៀង​មក។ លោក​បាន​ផ្តាំ​ផ្ញើ​​សូម​ឱ្យ​កង​​រាជ​អាវុធ​ហត្ថ​ធ្វើ​អ្វីៗ​តាម​តួនាទី ភារ​កិច្ច​ និង​ផ្អែក​លើ​ច្បាប់​ជា​គោល ចេះ​ទទួល​ខុស​ត្រូវ​ មាន​សាម​គ្គី និង​ទំនាក់​ទំនង​ល្អ​ ធ្វើ​យ៉ាងណា​ឱ្យ​អាជ្ញា​ធរ​​ ស្ថាប័ន​ផ្សេង​ និង​ប្រជា​ជន​គោរព​ស្រឡាញ់ ។

​អំណោយ​ដែល​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា យក​ទៅ​ប្រគល់​ជូន​ដល់​កង​កម្លាំង​​​នា​ពេល​នោះ​រួម​មាន​ មី​យើង​ចំនួន​១.០២០​កេស ​​ត្រី​ងៀត​កញ្ចុះ​​៥០០​គីឡូ​ក្រាម ​ត្រី​ឆ្អើ​​រ​៩០០​ចង្កាក់ ​ត្រី​ខ​កំប៉ុង​៥០​កេស ​ទឹក​ស៊ី​អ៊ីវ​៤២០​យួរ ​និង​ថវិកា​​៦៧.០០០.០០០​រៀល​ ដោយ​​បាន​ធ្វើ​ការ​​បែង​​ចែក​​ដល់​​អង្គ​ភាព​​ទាំង​៦​ខាង​លើ តិច​ច្រើន​ទៅ​តាម​​ចំនួន​ទ័ព​របស់​អង្គ​ភាព​នីមួយៗ ៕