ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស​ស៊ីជី ចេញ​របាយការណ៍​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ថា នឹង​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន​បាន​បញ្ចេញ​របាយការណ៍​លទ្ធផល​ប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​កាលបរិច្ឆេទ​ឆ្នាំ​២០១៥ កន្លង​ទៅ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន​បាន​បញ្ចេញ​របាយការណ៍​លទ្ធផល​ប្រតិបត្តិការ​របស់​ខ្លួន​សម្រាប់​កាលបរិច្ឆេទ​ឆ្នាំ​២០១៥ កន្លង​ទៅ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន អេស ស៊ី ជី រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​ឆ្នាំ​២០១៤ រហូត​ដល់​៣៥% ដោយសារ​ការ​រីក​ចំរើន​នៃ​អាជីវកម្ម​ផ្សេង​ៗ​របស់​ខ្លួន ។ ក្រុមហ៊ុន​បាន​លើក​ឡើង​ថា នឹង​បន្ត​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មី​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​អតិថិជន​ក្នុង​តំបន់​អាស៊ាន ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល លោក Roongrote Rangsiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន អេស ស៊ី ជី បាន​និយាយ​ថា សម្រាប់​ឆ្នាំ​២០១៥ ទាំងមូល សរុប​ចំណូល​ពី​ការ​លក់​នៅ​ទូ​ទាំង​ពិភពលោក គឺ​មាន​ចំនួន​៥១.៧១៩​ពាន់​លាន​រៀល (​ឬ​១២.៨៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ការ​ថយ​ចុះ​១០% ពី​ឆ្នាំ​មុន ដោយសារ​តម្លៃ​ប្រេង​ធ្លាក់​ចុះ ។ ប៉ុន្តែ​ប្រាក់​ចំណេញ​សរុប​ក្នុង​ឆ្នាំ​២០១៥ បាន​កើនឡើង​ទៅ​ដល់​៥.៣៤១​ពាន់​លាន​រៀល (​ឬ​១.៣២៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ការ​កើនឡើង​រហូត​ដល់​៣៥% ធៀប​នឹង​ឆ្នាំ​២០១៤ ។

លោក Roongrote Rangsiyopash បាន​បន្ថែម​ទៀត​ថា «​យើង​កំពុង​បន្ត​ធ្វើការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ការ​គ្រោងទុក ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ក្នុង​តំបន់ ។ រោងចក្រ​ស៊ីម៉ង់ត៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ចាប់ផ្តើម​ដំណើរការ​ហើយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ខណៈ​រោងចក្រ​ស៊ីម៉ង់ត៍ ដែល​កំពុង​សាងសង់​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ឡាវ គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧ រៀង​គ្នា ។ ការ​វិនិយោគ​ថ្មី​ៗ​ទាំងនេះ គឺ​ដើម្បី​គាំទ្រ​ការ​ពង្រីក​ទីផ្សារ​របស់​យើង​ក្នុង​តំបន់​អាស៊ាន និង​បំពេញ​តាម​តម្រូវការ​កើនឡើង​របស់​អតិថិជន ។ យើង​ជឿជាក់​ថា តំបន់​អាស៊ាន​នឹង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម នឹង​រីក​ចំរើន​ឡើង​ដោយសារ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​» ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល គិត​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន អេស ស៊ី ជី នៅ​ទូ​ទាំង​ពិភពលោក គឺ​ស្មើនឹង​ទឹកប្រាក់​៥៦.៦៦៥​ពាន់​លាន​រៀល (​ឬ​១៤.១៣៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ខណៈ​ដែល​ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន អេស ស៊ី ជី នៅ​ក្នុង​តំបន់​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) មាន​ចំនួន​១២.០២០​ពាន់​លាន​រៀល (​ឬ​២.៩៩៩​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​២១% នៃ​ទ្រព្យសកម្ម​ប្រមូលផ្តុំ​សរុប ។

ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គិត​ត្រឹម​ចុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ក្រុមហ៊ុន អេស ស៊ី ជី មានទ្រព្យ​សកម្ម​សរុប​ស្មើនឹង​១.២៣០​ពាន់​លាន​រៀល (​ឬ​៣០៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ការ​កើនឡើង​១៩% ធៀប​នឹង​ឆ្នាំ​មុន ហើយ​ចំណូល​ពី​ការ​លក់​សរុប​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៥​ទាំងមូល គឺ​ស្មើនឹង​ចំនួន​ទឹកប្រាក់ ៥៨៦​ពាន់​លាន​រៀល (​ឬ​១៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ការ​កើនឡើង​១៧% ធៀប​នឹង​ឆ្នាំ​មុន ដែល​បណ្តាល​ជា​ចម្បង​មក​ពី​ការ​រីក​ចំរើន​នៃ​អាជីវកម្ម​ស៊ីម៉ងត៍ បេតុង​លាយ​ស្រេច និង​សេវា​ភ័ស្តុភារ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន SCG Concrete Roof (Cambodia) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ អេស ស៊ី ជី បាន​ក្លាយជា​ក្រុមហ៊ុន​ផលិត​ក្បឿង​បេតុង​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​គុណភាព​អន្តរជាតិ ISO 9001:2008 ។

បន្ថែម​ពី​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១៦ មក​រា កន្លង​ទៅ ក្រុមហ៊ុន​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​ជើង​ខ្លាំង​មួយ​របស់​ថៃ គឺ SCG Muangthong United និង​ក្រុម K-Cement Cambodian All Stars ដែល​ជា​ក្រុម​ប្រមូលផ្តុំ​កំពូល​តារាបាល់ទាត់​ល្បី​ៗ​ក្នុង​លី​ក​កម្ពុជា ។ ការ​ប្រកួត​នេះ គឺជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​អាស៊ាន ដែល​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន អេស ស៊ី ជី ហៅ​ថា SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ ដែល​សំដៅ​រឹត​បន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក៏​ដូច​ជា​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ប្រាក់​បរិច្ចាគ​បន្ថែម​ពី​ក្រុមហ៊ុន​ផ្ទាល់ និង​ប្រគល់​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ហេតុផល​មនុស្សធម៌ ។