ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុលសម្ព័ន្ធ Yanomami មាន​ប្រពៃណី​គួរ​ឱ្យ​ខ្លាច​សម្រាប់​នារី

8 ឆ្នាំ មុន

ហូប​ចំណី​មាន​ជាតិពុល​តែ​អត់​ពុល
កុលសម្ព័ន្ធ Yanomami រស់​យ៉ាង​ជ្រៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅ​អា​មេ​រិ​កឡា​ទី​ន​។ សមាជិក​របស់​កុលសម្ព័ន្ធ​មួយ​នេះ​មាន​គ្នា​ប្រមាណ​៣៥.០០០​នាក់ ។ ពួក​គេ​ចិញ្ចឹមជីវិត​ដោយ​ការ​បេះ​ផ្លែ​ឈើ​ក្នុង​ព្រៃ និង​បរបា.ញ់​សត្វ​។

ហូប​ចំណី​មាន​ជាតិពុល​តែ​អត់​ពុល
 កុលសម្ព័ន្ធ Yanomami រស់​យ៉ាង​ជ្រៅ​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅ​អា​មេ​រិ​កឡា​ទី​ន​។ សមាជិក​របស់​កុលសម្ព័ន្ធ​មួយ​នេះ​មាន​គ្នា​ប្រមាណ​៣៥.០០០​នាក់ ។ ពួក​គេ​ចិញ្ចឹមជីវិត​ដោយ​ការ​បេះ​ផ្លែ​ឈើ​ក្នុង​ព្រៃ និង​បរបាញ់​សត្វ​។ ប្រការ​ដែល​ចម្លែក គឺ​ពួក​គេ​ប្រើ​ជ័រ​ឈើ​មាន​ជាតិពុល​សម្រាប់​ការ​បរបាញ់​ព្រោះ​ជឿ​ថា​ព្រះ​បង្កើត​ជ័រ​ឈើ​ពុល​នេះ​សម្រាប់​សង្គ្រោះ​ជីវិត​ពួក​ខ្លួន ។ សត្វ​ដែល​បាញ់​បាន​ដោយ​ប្រើ​ជ័រ​ឈើ​ពុល​នោះ ពួក​គេ​ហូប​ធម្មតា​អត់​មាន​បញ្ហា​អ្វី តែ​អ្នកទេសចរ​ដែល​ទៅ​ពី​ក្រៅ​វិញ បើ​ហ៊ាន​តែ​ហូប​សាច់សត្វ​ទាំងនោះ​មុខតែ​ពុល​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ ។ ក្រៅពី​នេះ​ត្រី​ដែល​ជា​ចំណី​ចាំបាច់​របស់​ពួក​គេ ក៏​ពួក​គេ​ចាប់​ដោយ​ប្រើ​ជ័រ​ពុល​ដែរ​។ ពួក​គេ​កាប់​មែកឈើ​ដែល​មាន​ជ័រ​ពុល​យក​ទៅ​បោះ​ប្រមូលផ្ដុំ​ក្នុង​ទឹក​ត្រង់​កន្លែង​ណាមួយ​ដូច​សម្រាស់​សម្រាប់​ឱ្យ​ត្រី​ជ្រក​នៅ ប៉ុន្តែ​ត្រី​ដែល​ចូល​ជ្រក​នៅ​ទីនោះ ចូល​ប៉ុន្មាន​ងាប់​អស់​ប៉ុណ្ណឹង ពួក​គេ​ចាំតែ​ស្រង់​យក​មក​ធ្វើ​អាហារ​ហូប​ធម្មតា​អត់​ពុល​សោះឡើយ ។

កុលសម្ព័ន្ធ​Yanomami ប្រុស​ក៏​ដូច​ស្រី​ស្លៀក​ប៉ឹង​ពណ៌​ក្រហម​តែ​បន្តិច​បាំង​ត្រង់​កេរ្តិ៍ខ្មាស​ប៉ុណ្ណោះ ក្រៅពី​នោះ​ខ្លួនប្រាណ​នៅ​កណ្ដាលវាល​ទាំងអស់ ។ ពួក​គេ​និយម​តុបតែង​ខ្លួន ដោយ​គូររូប​ពណ៌​ខ្មៅ​ក៏​មាន ក្រហម​ក៏​មាននៅ​ពាសពេញ​រាង​កាយ ហើយ​យក​ស្លាប​សត្វ​ដោត​លើ​ក្បាល ។ ពិសេស​ក្នុង​ឱកាស​សំខាន់​របស់​កុលសម្ព័ន្ធ​ខ្លួន ម្ដង​ៗ ពួក​គេ​ពុះ​ឫស្សី​ជា​ចម្រៀក តូច​ៗ ខ្លះ​វែង ខ្លះ​ខ្លី យក​មក​ដោត​ច្រមុះ និង​មាត់ ដើម្បី​បង្កើន​សម្រស់ ។ ពួក​គេ​មិន​រស់នៅ ដាច់​ៗ​ពី​គ្នា​ទេ គឺ​ធ្វើ​ផ្ទះ​រាង​មូល​រស់នៅ​ជុំ​គ្នា ។ ផ្ទះ​តូច​អាច​រស់នៅ​បាន​៤០ ឬ​៥០​នាក់ ។ ផ្ទះ​ធំ​អាច​រស់នៅ​បាន​២៥០​នាក់ ។ ផ្ទះ​ទាំងអស់​ធ្វើ​ពី​ឈើ​លាយ​ឫស្សី និង​ប្រើ​ស្លឹក​ចាក​សម្រាប់​ប្រក់ ។

ក្មេង​ស្រី​ជំទង់​ត្រូវ​ធ្វើបាប​,​ស្ត្រី​មាន​ប្តី​ត្រូវ​រង​អំពើ​ហិង្សា
ប្រពៃណី​របស់​កុលសម្ព័ន្ធ Yanomami គួរ​ឱ្យ​ខ្លាច​ណាស់​សម្រាប់​កុមារី​ជំទង់ ។ ក្មេង​ស្រី​ពេល​ចូល​ដល់​វ័យ​១០​ឆ្នាំ ឬ​១២​ឆ្នាំ ដែល​ជា​វ័យ​ឡើងខ្លួន ពួក​នាង​ចាប់ផ្ដើម​ស្គាល់​រសជាតិ​ទារុណកម្ម​យ៉ាង​ចម្លែក គឺ​គេ​ចាប់​ពួក​នាង​បង្ខាំង​ក្នុង​ទ្រុង​រយៈពេល​១​ខែ មិនតែប៉ុណ្ណោះ ស​ប្ដា​ហ៍​ដំបូង​អត់ឱ្យ​ហូប​អ្វី​ទាំងអស់ ។  ក្រោយ​ពេល​នាង​ទ្រាំទ្រ​រស់នៅ​ក្នុង​ទ្រុង​បាន​មួយ​ខែ​ហើយ សាច់ញាតិ​របស់​នាង​យក​ថ្នាំ​ពណ៌​លាប​លើ​ខ្លួន​នាង ហើយ​នាំ​នាង​ទៅ​ឧទ្ទេសនាម​ប្រាប់​ចាស់​ៗ​ក្នុងភូមិ ។ កុលសម្ព័ន្ធ​Yanomami ជឿ​ថា បើ​មិន​ធ្វើ​ឱ្យ​ត្រឹមត្រូវ​តាម​ប្រពៃណី​ដូច្នេះ​ទេ កុលសម្ព័ន្ធ​ទាំងមូល​នឹង​ត្រូវ​ស្លាប់​ផុត​ពូជ ដោយ​មហា​ទឹកជំនន់​មក​ដល់​ក្នុង​ពេល​ណាមួយ​យ៉ាង​ពិតប្រាកដ ។

ថ្វីបើ​មាន​ប្រពៃណី​តឹងតែង​សម្រាប់​នារី តែ​របៀប​រៀប​ការ​របស់​កុលសម្ព័ន្ធ​មួយ​នេះ បែរជា​ធូររលុង​យ៉ាង​ចម្លែក​ទៅ​វិញ ។ បើ​បុរស​ណា​ម្នាក់​ស្រឡាញ់​នារី​ណា​ម្នាក់ គេ​គ្រាន់​តែ​មក​ផ្ទះ​ដែល​នារី​នោះ​រស់នៅ ហើយ​សុំ​ខ្លួន​ធ្វើការ​ជំនួស​ឪពុក​នាង បើ​ឪពុក​នាង​អត់​បដិសេធ​ទេ បុរស​នោះ​គ្រាន់តែ​ធ្វើការ​បម្រើ​គេ​ត្រឹម​បួន​ប្រាំ​ថ្ងៃជា​ការ​ស្រេច គឺ​បុរស​នោះ និង​កូនស្រី​របស់​គាត់​ក្លាយជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​តែ​ម្ដង មិនបាច់​មាន​ពិធី​ស្អី​ទៀត​ឡើយ ។

និយាយ​ពី​នារី​ដែល​មាន​ប្ដី​វិញ នារី​ក្នុង​កុលសម្ព័ន្ធ​មួយ​នេះ​អត់​មាន​សិទ្ធិ​អំណាច​អ្វី​សូ​ម្បី​តែ​បន្តិច​ក្នុង​គ្រួសារ មិនតែប៉ុណ្ណោះ​តែង​ទទួល​រង​ការ​ទះ គប់ និង​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង​ពី​ប្ដី​។ បើ​ស្រី្ត​ណា​ចង់​លែង​ប្ដី​ចោល នាង​អាច​រក​មើល​ប្រុស​ណា​ដែល​ខ្លួន​ពេញចិត្ត  ហើយ​ទៅ​ដេក​ក្បែរ​ប្រុស​នោះ ។ ប្ដី​មុន​ឃើញ​ដូច្នេះ​ដឹង​ថា ប្រពន្ធ​ខ្លួន​ពេញចិត្ត​ប្រុស​ផ្សេង​ហើយ បើ​ខ្លួន​ចង់​ដណ្ដើម​មក​វិញ​ត្រូវ​ដណ្ដើម​តាម​របៀប​ប្រយុទ្ធ​គ្នា ដោយ​ដៃជើង​ជាមួយ​ប្រុស​ក្រោយ ,​ហាម​ដាច់ខាត​ប្រយុទ្ធ​ដោយ​ប្រើ​អាវុធ​បណ្ដាល​ឱ្យ​ស្លាប់ ,​បើ​ប្ដី​មុន​ប្រយុទ្ធ​ឈ្នះ​ប្រុស​ក្រោយ គឺ​មាន​សិទ្ធិ​ទាញ​ដៃ​ប្រពន្ធ​យក​ទៅ​វិញ តែបើ​ប្រយុទ្ធ​ចាញ់​គេ​ប្រពន្ធ​របស់​ខ្លួន​នឹង​ក្លាយជា​ប្រពន្ធ​របស់​គេ​ដោយ​ស្របច្បាប់ ។ ដូច្នេះ​ប្ដី​មុន​សល់​តែ​ផ្លូវ​ម្យ៉ាង​គត់ គឺ​ទៅ​រកប្រពន្ធ​ថ្មី​ទៀត ។ ប៉ុន្តែ​បើ​ប្ដី​មុន​មិន​ចង់​ឈឺខ្លួន​ក៏​បាន គឺ​នៅ​ពេល​ឃើញ​ប្រពន្ធ​ស្រឡាញ់​ប្រុស​ផ្សេង គេ​អាច​រកប្រពន្ធ​ថ្មី​តែ​ម្ដង គ្មាន​អ្នក​ណា​បង្ខំ​ទាស់​តែ​ប្រយុទ្ធ​គ្នា​រហូត​ដល់​ចាញ់​គេ​ពិតប្រាកដ​សិន ទើប​រកប្រពន្ធ​ថ្មី​បាន​ឡើយ ។

ហូប​ធ្យូង​ឆ្អឹង​សព​អ្នក​ស្លាប់
កុលសម្ព័ន្ធ Yanomami នៅ​មាន​ទំនៀមទម្លាប់​គួរ​ឱ្យ​ខ្លាច​មួយទៀត គឺ​នាំ​គ្នា​ហូប​ធ្យូង​ឆ្អឹង​សព​អ្នក​ស្លាប់ ដោយសារ​ជឿ​ថា ទាល់តែ​ធ្វើ​ដូច្នេះ​ទើប​កុលសម្ព័ន្ធ​ទាំងមូល​សាមគ្គី​ភាព​ជាមួយ​គ្នា​រឹង​មាំ ។ កាលណា​សមាជិក​ណា​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​អស់​ជីវិត អ្នក​ភូមិ​ទាំងមូល​នាំ​គ្នា​ចាត់ចែង​សព​អ្នក​នោះ ។ ពួក​គេ​សែង​សព​យក​ទៅ​ឆ្ងាយ​ពី​ភូមិ ហើយ​រៀប​ធ្នើ​សម្រាប់​ដុត​សព គឺ​ដុត​ទាល់តែ​សព​ឆេះ​សុស​អស់​សល់​តែ​ឆ្អឹង រួច​បន្ត​ដុត​ឆ្អឹង​នោះ​ទាល់តែ​ក្លាយជា​ធ្យូង​ទៀត ។ ពេល​កំពុង​ដុត​សព​នោះ ពួក​គេ​យក​ធ្យូង​ប៉ាត​មុខ​ទាល់តែ​ខ្មៅ​ឃ្លី​ក​គ្រប់​គ្នា រួច​នាំ​គ្នា​យំ​ស្រែក និង​ច្រៀង​នូវ​ពាក្យ​ស្ដាយស្រណោះ​ចំពោះ​អ្នក​ចែក​ឋាន​ទៅ ។

ក្រោយ​ពេល​សព​ឆេះ​សល់​តែ​ធ្យូង​ឆ្អឹង​ហើយ ពួក​គេ​ប្រមូល​ធ្យូង​ឆ្អឹង​ទាំងនោះ ច្រកចូល​ផ្លែ​ឃ្លោក​ស្ងួត ហើយ​យក​ទៅ​រក្សា​ទុក​ក្នុងផ្ទះ ។ លុះ​ឆ្នាំ​ក្រោយ ពេល​ដល់​ថ្ងៃ​ខួប​១​ឆ្នាំ​របស់​សព​ពួក​គេ​ចាក់​ធ្យូង​ឆ្អឹង​សព​ចេញពី​ឃ្លោក​វិញ ចែក​គ្នា​ហូប គ្រប់​ៗ​គ្នា គឺ​ហូប​ជាមួយ​ចំណី ផ្សេង​ៗ ពិសេស​ជាមួយ​ផ្លែ​ក​ចេក ។ អ្នក​ភូមិ​ទាំងអស់​ក៏​ដូច​មនុស្ស​ក្នុង​គ្រួសារ​សព​ត្រូវ​តែ​ហូប​ធ្យូង​ឆ្អឹង​សព​នោះ គ្រប់​ៗ​គ្នា ព្រោះ​គេ​ជឿ​ថា ទាល់តែ​នាំ​គ្នា​ហូប​ធ្យូង​ឆ្អឹង​អ្នក​ស្លាប់​អី​ុ​ចឹ​ង​ទើប​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បាន​ទទួល​ការ​សង្គ្រោះ ។ ចំណែក​អ្នក​ដែល​ជា​សាច់ញាតិ​របស់​សព​វិញ ពួក​គេ​ជឿ​ថា ហូប​ធ្យូង​ឆ្អឹង​អ្នក​ស្លាប់​នឹង​បាន​ព្រលឹង​អ្នក​ស្លាប់​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ជួយ​ឱ្យ​ខ្លួន​ខ្លាំងក្លា​ទាំង​កម្លាំងកាយ ទាំង​ស្មារតី អាច​ប្រឆាំង​បាន​គ្រោះថ្នាក់ ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយ​ព្រៃ​ភ្នំ ។

កុលសម្ព័ន្ធ​Yanomami ជឿ​ថា បើ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​នូវ​ពិធី​កម្ម​បែប​នេះ ព្រលឹង​អ្នក​ស្លាប់​នឹង​ជាប់​គាំង​រហូត​នៅ​ចន្លោះ​ភព​អ្នក​រស់ និង​ភព​អ្នក​ស្លាប់ ។ ពួក​គេ​ព្រួយបារម្ភ​ណាស់ ប្រសិនបើ​មាន​សមាជិក​ណា​ម្នាក់​ស្លាប់​ក្នុង​ព្រៃ​ជ្រៅ ដោយ​ពុំ​អាច​រក​សព​ឃើញ​ដើម្បី​ធ្វើ​ពិធី​កម្ម​តាម​ទំនៀមទម្លាប់​បែប​នេះ ។

ចំពោះ​កុលសម្ព័ន្ធ Yanomami ប្រសិនបើ​មាន​មនុស្ស​២​នាក់​ជាស​ត្រូវ​នឹង​គ្នា ពួក​គេ​តែង​ព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​ដូច​គ្នា គឺ​បារម្ភ​ក្រែង​ខ្លួន​ជួប​គ្រោះថ្នាក់​នៅ​ពេល​ណាមួយ ហើយ​ត្រូវ​ស្លាប់​មុន​ម្នាក់​ទៀត ហើយ​ម្នាក់​ទៀត​នោះ​ដែល​ស្អប់​ខ្លួន​ស្រាប់​ផង គេ​នឹង​មិន​ព្រម​ហូប​ធ្យូង​ឆ្អឹង​របស់​ខ្លួន ធ្វើ​ឱ្យ​ព្រលឹង​របស់​ខ្លួន​ជាប់​គាំង​នៅ​ចន្លោះ​ភព​ទាំង​២ ៕