ខេត្តកំពង់ចាម ៖ កូនប្រសាប្រុសចិត្តទុរយសម្នាក់ឈ្មោះឈួន គឹមឈឿន អាយុ៤៤ឆ្នាំ រស់នៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ បានត្រូវកំលាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំព្រៃចារចាប់ខ្លួនយោងទៅតាមបណ្តឹងរបស់ស្រ្តីជាម្តាយក្មេកអាយុ៦៦ឆ្នាំ រស់នៅផ្ទះជាមួយគ្នាដែលចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈរហូតបានសំរេចចំនួន២ដងនៅយប់ថ្ងៃទី៥ មីនា ខណៈពេលដែលស្ត្រីជាម្តាយក្មេកកំពុងសំរាកលើគ្រែ ។
លោកវរសេនីយ៍ត្រីហេង វុទ្ធី អធិការនគរ បាលស្រុកជើងព្រៃបានឱ្យដឹងថា នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៦ មីនា លោកមេភូមិបានរាយការណ៍ ពីករណីចាប់រំលោភសេពសន្ថវៈមួយដែលបានកើតឡើងទៅលើម្តាយក្មេក ។ បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាមរូបលោកបានចាត់ឱ្យកំលាំងជំនាញរបស់ស្រុកចុះទៅសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃចារបើកប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ ។
ចំណែកស្ត្រីជាម្តាយក្មេកបានបំភ្លឺថា រយៈពេល៤ឆ្នាំមកហើយ ដែលរូបគាត់មករស់នៅជាមួយកូនស្រី និងកូនប្រសាប្រុសក្រោយនេះ ហើយប្រហែលជា២ខែកន្លងមក កូនស្រីគាត់បានចេញទៅរាជធានីភ្នំពេញមើលថែទាំកូនរបស់នាង នៅសល់តែគាត់និងកូនប្រសាប្រុសប៉ុណ្ណោះ ។ ចាប់តាំងពីពេលប្រពន្ធចេញទៅភ្នំពេញបាត់កូនប្រសាប្រុសឈ្មោះគឹមឈឿន តែងតែផឹកស្រាស្រវឹងជាញឹកញាប់ព្រមទាំងជេរប្រមាថមកលើរូបគាត់ទៀតផង ។ លុះនៅថ្ងៃទី៤ មីនា ២០១១វេលាម៉ោង៨យប់ កូនប្រសារូបនេះបានយកពិល មកបញ្ចាំងដាក់ប្រដាប់ភេទរបស់គាត់ ក្នុងខណៈពេលដែលគាត់កំពុងតែអង្គុយចោងហោងលើគ្រែ ។
ស្ត្រីជាម្តាយក្មេកបន្តទៀតថា បន្ទាប់មកគាត់បានដើរទៅប្រាប់ប្រធានភូមិ ហើយលោកមេភូមិក៏បានហៅទៅប្រដៅកុំឱ្យធ្វើបែបនេះទៀត រួចក៏នាំគ្នាត្រឡប់មកផ្ទះវិញ ។ ស្រាប់តែ នៅវេលាម៉ោង១០យប់ ថ្ងៃទី៥មីនា ២០១១ ក្នុងពេលដែលគាត់កំពុងសម្រាកនៅលើគ្រែ ស្រាប់តែកូនប្រសានេះបានមករំលោភរហូតបានសំរេច ។ ពេលនោះគាត់ខឹងណាស់ និងបានគំរាមកូនប្រសាចិត្តទុរយសនេះថា «ស្អែកនេះអញនឹងយករឿងទាំងនេះទៅប្រាប់លោកមេភូមិហើយ» ហើយគាត់ក៏បានសំរាកបន្ត ។ រយៈពេលប្រហែលជា១ម៉ោង ក្រោយមកទៀត ស្រាប់តែកូនប្រសាប្រុសនេះមកចាប់គាត់រំលោភម្តងទៀត លុះព្រឹកថ្ងៃទី៦ មីនា ទើបគាត់បានមកប្តឹងសមត្ថកិច្ច ។
រីឯកូនប្រសាឈ្មោះឈួន គឹមឈឿន បាន ឆ្លើយដោះសាបែបអគតិថា នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី៥ មីនា ខ្លួនបានដើរត្រឡប់មកពីផឹកស្រានៅផ្ទះអ្នកភូមិជាមួយគ្នាមកដេកនៅលើគ្រែក្នុងរោងខាងមុខផ្ទះរហូតដល់ម៉ោងប្រហែលជា១០យប់ ស្រាប់តែម្តាយក្មេកស្លៀកសារុងចោមពុងមកជិះពីលើដោយអង្អែលចុះឡើងៗ ទើបទ្រាំមិនបានចាប់ម្តាយក្មេកផ្តួលរំលោភ រហូតបានសំរេច ។ ក្នុងពេលដែលដេកនោះ មិនបានចាប់អារម្មណ៍មើលម៉ោងទេ ស្រាប់តែម្តាយក្មេកនៅតែស្ទាបអង្អែល ក៏បានរួមភេទម្តងទៀត ។ លោកវរសេនីយ៍ត្រីហេង វុទ្ធី ថ្លែងថា បុរសកំហូចជាកូនប្រសារូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី៧ មីនា ដើម្បីត្រៀមនាំខ្លួនទៅកាន់សាលាដំបូង ។ នេះជាទង្វើដ៏ថោកទាបបំផុតពីសំណាក់កូនប្រសាប្រុសមកលើស្ត្រីចំណាស់ជាម្តាយក្មេក ៕
ចែករំលែកព័តមាននេះ