រាជធានីភ្នំពេញ ៖ មនុស្សពីរក្រុម បានវាយកាប់ចាក់គ្នាបណ្តាលឱ្យភាគីម្ខាងស្លាប់ម្នាក់ និងភាគីម្ខាងទៀតរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ដែលតាមប្រភពពីសមត្ថកិច្ចបានអះអាងថា ក្រុមអ្នកស្លាប់បានលើកគ្នាទៅកាប់ចាក់ក្រុមអ្នករងរបួសដែលកំពុងអង្គុយផឹកស៊ីជួបជុំគ្នានៅមុខផ្ទះ។ តាមប្រភពដដែលថា ការដេញវាយគ្នានោះក៏មានការស្រែកបង្អើលថា ចោរៗបង្កឱ្យផ្អើលអ្នកភូមិជួយដេញវាយបន្ថែមបណ្តាលឱ្យស្លាប់ម្នាក់ចំណែកបក្សពួកឯទៀតរត់រួចខ្លួន ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី ២០ មីនា នៅក្នុងភូមិទៀន សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសដែលស្លាប់ឈ្មោះចំរើន ចន្ថា អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បុរសរងគ្រោះមានបក្សពួក៣នាក់ ប៉ុន្តែពីរនាក់ទៀតរត់រួចពីការដេញវាយសម្លាប់។ ចំណែកឯភាគីម្ខាងទៀតមានគ្នា៥នាក់ រួមជាមួយអ្នកភូមិជាច្រើននាក់ទៀត ហើយក្នុងនោះមានអ្នករងរបួសធ្ងន់ម្នាក់ឈ្មោះជា បូរី ហៅគោ អាយុ១៩ឆ្នាំ រងរបួសបែករយះក្បាលខាងក្រោយដេរចំនួន៦ថ្នេរ និងម្នាក់ទៀតឈ្មោះដាំ សំរេច អាយុ២២ឆ្នាំ រងរបួសរយះដៃដោយសារអ្នកស្លាប់កាប់ប្រហារក្នុងពេលកំពុងអង្គុយផឹកស៊ីជុំគ្នា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មិត្តភក្តិបងប្អូនរបស់ឈ្មោះ ជា បូរី ហៅគោ ក្នុងនោះក៏មានឈ្មោះដាំ សំរេច ម្នាក់ផង បាននាំគ្នាអង្គុយផឹកស៊ីជុំគ្នាយ៉ាងសប្បាយ ។ លុះមួយសន្ទុះក្រោយមកទើបឈ្មោះជា បូរី ហៅគោដើរទៅដល់ហើយ បងប្អូន និងមិត្តភក្តិបានហៅឱ្យចូលផឹកស៊ីជាមួយ ។ ពេលនោះឈ្មោះជា បូរី បានដើរចូលទៅបំរុង ឡើងអង្គុយលើគ្រែដើម្បីផឹកស្រាប់តែលេចមុខអ្នកស្លាប់ឈ្មោះចំរើន ចន្ថា រួមជាមួយបក្សពួក២នាក់ទៀតប្រដាប់ដោយកាំបិត និងពូថៅស្ទុះចេញមកពីទីងងឹតកាប់ទៅលើឈ្មោះជា បូរី ហៅគោ និងឈ្មោះដាំ សំរេច បណ្តាលឱ្យរងរបួសដេកដួលនៅនឹងកន្លែងដោយពុំដឹងថា ពួកគេសម្ងំតាំងពីពេលណានោះទេ។ ពេលនោះបងប្អូន និងមិត្តភក្តិដែលផឹកជាមួយក៏បាននាំគ្នាដេញវាយតបតវិញ ព្រមទាំងស្រែកថា ចោរៗបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិប្រដាប់ដោយដំបងព្រនង់គ្រប់ដៃជួយដេញវាយបណ្តាលឱ្យស្លាប់ម្នាក់នៅចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីកន្លែងកើតហេតុស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។
ក្រោយពេលកើតហេតុប៉ូលិសមូលដ្ឋានបានចុះទៅកាន់កន្លែងដែលមានការវាយកាប់ចាក់គ្នានោះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ព្រមទាំងស្រាវជ្រាវរកមូលហេតុទំនាស់ និងវែកមុខជនដៃដល់វាយសម្លាប់មនុស្សនេះ ។ ប៉ូលិសបានសន្និដ្ឋានថា ការប្រទូស្តរាយនេះអាចផ្តើមចេញពីរឿងគំនុំក្នុងពេលកន្លងមក ហើយទំនងជាអ្នកស្លាប់លើកគ្នាទៅកាប់សងសឹកជាមួយភាគីម្ខាងទៀតក៏ត្រូវគេលើកគ្នាដេញវាយវិញ បណ្តាលឱ្យស្លាប់បែបនេះតែម្តង។ ព្រោះភាគីទាំងសងខាងជាអ្នករស់នៅភូមិផ្សេងគ្នា បើអ្នកស្លាប់មិនលើកគ្នាទៅកាប់គេដល់ផ្ទះទេនោះ មិនអាចមានរឿងបែបនេះ កើតឡើងឡើយ៕



ចែករំលែកព័តមាននេះ