ខេត្តកំពង់ចាម ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាអុង បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះបាន ប៊ន់ អាយុ២៩ឆ្នាំ រស់នៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ មីនា ២០១១ ពីបទប៉ុនប៉ងរំលោភនាងក្រមុំម្នាក់អាយុ១៨ឆ្នាំ ក្នុងខណៈពេលនាងទៅបត់ជើងនៅក្នុងឡូត៍កៅស៊ូលេខ១២ ខាងកើតភូមិ៣៣ ចម្ងាយប្រមាណ៣៥០ម៉ែត្រ ។
តាមលោកអនុសេនីយ៍ឯក អ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើ បានឱ្យដឹងថា ក្នុងខណៈពេលដែលនាងក្រមុំម្នាក់នោះជិះម៉ូតូចេញពីផ្ទះទៅបត់ជើងនៅក្នុងឡូត៍កៅស៊ូនាព្រឹកថ្ងៃនោះ ស្រាប់តែបុរសកំហូចកូន៣ម្នាក់នេះលបលួចមើលឃើញ ហើយទ្រាំមិនបានក៏ស្ទុះចូលទៅបំណងចាប់រំលោភ ព្រមទាំងបានប្រវាយប្រតប់គ្នាទៀតផង ។ ប៉ុន្តែសំណាងល្អមានអ្នកដទៃ ជិះម៉ូតូឆ្លងកាត់កន្លែងនោះ និងឮសូរសំឡេងស្រែកឱ្យជួយជាហេតុធ្វើឱ្យបុរសកំហូចរត់គេចខ្លួនបាត់ស្រមោលតែម្តង។
លោកអធិការបានបន្តថា បន្ទាប់មកនាងរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញតែដោយមិនឃើញម្តាយក៏ទៅតាមរកម្តាយរហូតដល់កន្លែងបុណ្យសពរបស់អ្នកភូមិនៅភូមិ៣៣ ហើយរ៉ាយរ៉ាប់ប្រាប់អំពីហេតុការណ៍ដែលបានកើតឡើង។ ខណៈនោះស្ត្រីជាម្តាយបានទៅប្តឹងលោកមេភូមិ៣៣ឱ្យជួយអន្តរាគមន៍ ហើយលោកមេភូមិក៏បានផ្តល់ដំណឹងនេះមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាអុងជាបន្ទាន់ ដើម្បីស្វែងរកតាមចាប់ខ្លួនបុរស ឈ្មោះប៊ន់។ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែលនោះដែរ រូបលោក បានបញ្ជាឱ្យលោកនាយប៉ុស្តិ៍រដ្ឋបាលកោះហៅជនសង្ស័យឈ្មោះបាន ប៊ន់ មកសួរនាំជុំវិញករណីចោទប្រកាន់របស់នាងរងគ្រោះ ហើយបុរសនោះក៏បានឆ្លើយសារភាពពីទង្វើរបស់ខ្លួនថា ពិតជាបានប្រព្រឹត្តដូច្នោះមែន ទើបសមត្ថកិច្ចសំរេចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បាន ប៊ន់ បានឆ្លើយសារភាពថា នៅម៉ោង៦ព្រឹកថ្ងៃទី១ មីនា រូបគេបានជិះម៉ូតូម៉ាក Kriss Angkor ពណ៌ក្រហម ចេញពីផ្ទះនៅភូមិ៣៤ ដើម្បីទៅថែមប្រេងម៉ាស៊ីននៅផ្ទះរបស់ឈ្មោះលី នៅភូមិបុសខ្នុរ លុះប្រហែលម៉ោងជិត៨ព្រឹកបានត្រឡប់មកផ្ទះវិញ។ ពេលមកដល់ត្រង់ឡូត៍កៅស៊ូខាងកើតភូមិ៣៣ ប្រទះឃើញមនុស្សស្រីម្នាក់អាយុប្រហែល១៨ឆ្នាំ មិនស្គាល់ឈ្មោះទេ តែដឹងថា ជាអ្នកភូមិ៣៣ ជិះម៉ូតូម៉ាក DH ពណ៌ក្រហម ។ ខណៈឃើញបែបនេះខ្លួនបានជិះទៅតាមមើល ម្យ៉ាងដោយកន្លែងនោះស្ងាត់ក៏បានទុកម៉ូតូចោលហើយដើរតាមបានប្រហែល ជា៥០ម៉ែត្រ ឃើញស្រ្តីនោះបំរុងឡើងជិះម៉ូតូទើបខ្លួនទៅចាប់ប៉ងរំលោភ តែ ត្រូវនាងស្រែកជេរយ៉ាងខ្លាំង ជាហេតុធ្វើឱ្យរូបគេមានការភិតភ័យក៏ស្ទុះរត់មកកន្លែងទុកម៉ូតូវិញ ហើយជិះគេចខ្លួន ។
លោកអធិការនគរបាលស្រុកចំការលើបាន បញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់នាងរងគ្រោះ ទើបសមត្ថកិច្ចសម្រេចបញ្ជូនជនឈ្មោះប៊ន់ ទៅសាលាដំបូងខេត្តហើយលោកចៅក្រមថាន់ ឡេង ក៏បានចេញដីកាឃុំខ្លួន ដោយចោទប្រកាន់ពីបទប៉ងរំលោភសេពសន្ថវៈ ៕
ចែករំលែកព័តមាននេះ