ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូលផលត្រីនិងការបង្ក្រាបបទល្មើសនេសាទ

13 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មន្ត្រីជំនាញ​ជលផល​ខេត្ត​សហការជាមួយអង្គភាពពាក់ព័ន្ធ បាន​ចុះត្រួត​ពិនិត្យសកម្មភាពនេសាទស្រប​ច្បាប់​ និង​នេសាទ​មិន​​​​ស្រប​ច្បាប់​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជលផល ដោយ​សំរេច​រឹបអូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ និង​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីព្រៃ​លិចទឹក​បានមួយ​ចំនួន​ទៀតផង។​ តាម​របាយការណ៍​របស់​សមត្ថ​កិច្ច​ជលផល​ខេត្ត​បាន​ឱ្យ​ដឹងថា គិត​ចាប់​តាំង​ពី​ខែ​មករា ២០១០ រហូត​ដល់​បច្ចុប្បន្ន​នេះ មន្ត្រី​ជលផល​​​​ខេត្ត​សំរេច

ខេត្តកំពង់ធំ ៖ មន្ត្រីជំនាញ​ជលផល​ខេត្ត​សហការជាមួយអង្គភាពពាក់ព័ន្ធ បាន​ចុះត្រួត​ពិនិត្យសកម្មភាពនេសាទស្រប​ច្បាប់​ និង​នេសាទ​មិន​​​​ស្រប​ច្បាប់​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជលផល ដោយ​សំរេច​រឹបអូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ និង​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីព្រៃ​លិចទឹក​បានមួយ​ចំនួន​ទៀតផង។​ តាម​របាយការណ៍​របស់​សមត្ថ​កិច្ច​ជលផល​ខេត្ត​បាន​ឱ្យ​ដឹងថា គិត​ចាប់​តាំង​ពី​ខែ​មករា ២០១០ រហូត​ដល់​បច្ចុប្បន្ន​នេះ មន្ត្រី​ជលផល​​​​ខេត្ត​សំរេច​ចុះ​ត្រួតពិនិត្យ​និង​ស្រង់​ស្ថិតិ​សកម្មភាព​ប្រមូល​ផល​នេសាទស្រប​ច្បាប់​គ្រប់​ប្រភេទ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បានចំនួន​សរុប​២៤.១៣៣,១៤ តោន​​ ក្នុង​នោះ​មាន​នេសាទ​ឧស្សាហកម្ម​បាន​៨.៥១៥,៣២តោន នេសាទ​សិប្បកម្ម​បាន​២.១៧៤,៤១​តោន នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ​បាន​៦.៥៨២,៥១​តោន​​ និង​នេសាទ​គ្រួសារ​តាម​វាល​ស្រែ​បាន​៦.៨៦០,៩០តោន។ ទន្ទឹម​នេះ ចំពោះ​ផល​នេសាទ​កែច្នៃ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សំរេច​អនុវត្ត​បាន​សរុប​៣.០០១,៥០​តោន​ ក្នុង​នោះ​ត្រី​ងៀត ៥៥៧,៣០​តោន​ ត្រី​ឆ្អើរ​៣៣០,២០​តោន ផ្អក​៤៧៧,៩០​តោន ម៉ាំ​៤៦​តោន ប្រហុក​១.១៥៨,៩០តោន​​ ត្រី​ប្រឡាក់​៤២៧,៩០​តោន កំពឹស​ក្រៀម​៣,៣០តោន និង​ទឹក​ត្រី​១៥៦.៦០០​លីត្រ។

រីឯការ​ប្រមូល​ថ្លៃឈ្នួល​​ឡូត៍​នេសាទ​ទាំង​៧​ក្នុង​រដូវ​​នេសាទឆ្នាំ​​២០០៩-២០១០​ មន្ត្រី​ជលផល​ខេត្ត​សំរេច​ប្រមូល​បាន​តែ​៨០១.៤០០.០០០រៀល គឺនៅ​ខ្វះ​មួយ​ចំនួន​ទៀត​ដោយ​សារ​តែ​ឡូត៍​នេសាទ​លេខ៣ ត្រូវ​បង់​៨៤លាន​រៀល តែបច្ចុប្បន្ន​បង់​បាន​តែ​៦១​លាន​រៀល​ គឺនៅ​ខ្វះ​២៣លាន​រៀល​ទៀត ដែល​ពេលនេះ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត​បាន​ត្រៀម​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ហើយ។ ដោយ​ឡែក លើ​ការ​បង្រ្កាប​បទល្មើស​​ជលផល​ពិសេស​នៅ​រដូវ​បិទ​នេសាទ មន្ត្រី​ជល​ផល​ខេត្ត​បាន​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ចុះរុះរើ​និង​បំផ្លាញ​ចោល​ឧបករណ៍​​នេសាទ​ល្មើស​ច្បាប់​​រួម​មាន​របាំង​ស្បៃ​មុង សរុប​៣.៣៧៨ម៉ែត្រ លូ​ស្បៃ​មុង​៧៨​ របាំង​សាច់​អួន​៣៧.៤៧៣​ម៉ែត្រ​ ​លូ​សាច់​អួន​៤០៦ របាំង​ព្រួល​២.៣៦០​ម៉ែត្រ បង្គោល​៣២.៣៣៧​ដើម សំរាស់​១២​.១៧៧​ម៉ែត្រការ៉េ លប​សាច់អួន​២០​គ្រឿង លប​ឫស្សី​​១១០គ្រឿង ចាក់​លែង​ត្រី​បាន​៣០០​គីឡូ​ក្រាម។​ទន្ទឹម​នេះ​សមត្ថ​កិច្ច​ជល​ផល​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ល្មើស​កាប់​​ឆ្ការ​ឈូស​ឆាយដី​ព្រៃលិចទឹក​ និង​ជន​ល្មើស​ធ្វើ​នេសាទ​​ខុស​ច្បាប់​​បានចំនួន​១៩​នាក់ ដោយ​សំរេច​រឹបអូស​វត្ថុ​តាង​​រួម​មាន ត្រាក់​ទ័រ​​៥គ្រឿង ​អេស្កាវ៉ាទ័រ៣​គ្រឿង​ គោយន្ត​២​គ្រឿង ម៉ូតូ​៥គ្រឿង​ ថ្នាំ​បំពុល​២​ដប ដុំភ្លើង​ឆក់​៨គ្រឿង​ ដងឆក់​៦ដើម អាគុយ​៧គ្រឿង​ និង​​​ឧបករណ៍​ល្មើស​ផ្សេងៗ​មួួ​យចំនួន​ទៀត ព្រមទាំង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​ដើម្បី​​ធ្វើ​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​។

តាម​របាយការណ៍​បាន​ឱ្យ​ដឹងទៀតថា កន្លង​មក​ឡូត៍​នេសាទ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ​មាន​សរុប​៧ឡូត៍ ក្នុង​នោះ​ឡូត៍​លេខ​១ លេខ២ និង​លេខ​៣ ស្ថិត​ក្នុង​ស្រុក​កំពង់​ស្វាយ ឡូត៍លេខ​៤​ លេខ​៥ និង​លេខ​៦ ស្ថិត​​ក្នុង​ស្រុក​ស្ទោង​ និង​ឡូត៍​លេខ​៧ ស្ថិត​ក្នុង​ស្រុក​បារាយណ៍-​សន្ទុក។ ដែន​ឡូត៍​នេសាទ​លេខ​១ មាន​វិសាល​ភាព​គ្រប​ដណ្តប់​លើ​ដងស្ទឹង​សែនប៉ែក​ខាង​ក្រោម​​ជាប់​វាល​ទំនាប​បឹង​​ទន្លេ​សាប ​កន្លង​មក ឡូត៍​នេះ​រដ្ឋ​បាន​ដាក់​ឱ្យ​ឯកជន​ដេញ​ថ្លៃ​ធ្វើ​អាជីវ​កម្ម​ដែល​រៀង​រាល់​រដូវ​បើក​នេសាទ​ម្តងៗ​ត្រូវ​ថៅកែ​ឡូត៍​នេះ​បោះ​ធ្នស់​កាត់​ស្ទឹង​សែន​ជាច្រើ​ន​កន្លែង​ ធ្វើ​ឱ្យ​​ត្រី​មិន​អាច​ធ្វើ​ចរាចរណ៍​​​ទៅ​តំបន់​ខាង​លើ​បាន ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដងស្ទឹង​សែន​ក្នុង​ស្រុក​ចំនួន​៥ជួប​ការ​​លំបាក​ក្នុង​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​​ដោះ​ស្រាយ​ជីវភាព​។ ហេតុដូច្នោះហើយ​ទើប​ពួកគាត់​បាន​លើក​ឡើង​នូវ​សំណូមពរ​យ៉ាង​ទទូច​ជូន​ចំពោះ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បី​ជួយ​ដោះ​ស្រាយ​។ ដោយ​យល់​​​ច្បាស់​ពី​សុខ​ទុក្ខ​របស់​ប្រជាពល​រដ្ឋ​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​លេខ​១១១​ អ.ន.ក្រ.ប.ក​ ចុះ​ថ្ងៃទី​៣១ សីហា ២០១០ ដោយ​សំរេច​លុប​នាទីឡូត៍​នេសាទ​លេខ១​ ខេត្ត​កំពង់​ធំ​ ទុុក​សំរាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​​ជាលក្ខណៈ​គ្រួសារ​ចាប់​ពីរដូវ​នេសាទ​ឆ្នាំ​២០១០-២០១១​ តទៅ ព្រមទាំង​ហាម​ដាច់​ខាត​​មិន​ឱ្យ​ជនណា​មួយ​ហួង​ហែង​យកទៅ​លក់​ឬជួល​ឱ្យឯកជន​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​ឡើយ ៕