ក្រុមកងពល EZZEDINE AL-QASSAM ជាសាខាប្រដាប់អាវុធរបស់ចលនាហាម៉ាស់ ដែលត្រួតត្រាជ្រោយហ្គាហ្សានិយាយកាលពីថ្ងៃទី២១ មីនា ក្នុងសេចក្តីប្រកាសមួយថា សុខចិត្តគោរពបទឈប់បាញ់គ្នាថ្មីក្នុងលក្ខខណ្ឌ ដែលអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានប្រឆាំងដែនដីប៉ាឡេស្ទីន ។
សេចក្តីប្រកាសនេះ ធ្វើឡើងក្នុងពេលមានបរិយាកាសកាន់តែតានតឹងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។ កាលពីថ្ងៃទី១៩ មីនា កន្លងមកនេះ ក្រុមកងពល EZZEDINE AL-QASSAM បានបាញ់គ្រាប់កាំភ្លើងត្បាល់ចំនួន៥០គ្រាប់ទៅលើដែនដីអ៊ីស្រាអែល ក្រោយការស្លាប់ជនសកម្មប្រយុទ្ធ២នាក់របស់ខ្លួន ។ ការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់យ៉ាងច្រើនបែបនេះពុំធ្លាប់មានពីមុនមកចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលរវាងពីខែធ្នូ ២០០៨ ទៅខែមករា២០០៩ប្រឆាំងជ្រោយហ្គាហ្សា បណ្តាលឱ្យជនជាតិអ៊ីស្រាអែល ២នាក់ត្រូវរបួសស្រាល និងបង្កការខូចខាតខ្លះ ។ ការបាញ់គ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងត្បាល់កើតមានចាប់ពីថ្ងៃទី១៩ មីនា មក ហើយបានញុំងឱ្យមានការវាយប្រហារសងសឹកវិញរបស់កងទ័ពអ៊ីស្រាអែល។ កងយន្តហោះអ៊ីស្រាអែលបានចេញធ្វើការវាយប្រហារយ៉ាងតិច៤លើកលើជ្រោយហ្គាហ្សាកាលពីថ្ងៃទី២១ មីនា ។ នាថ្ងៃនោះអនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោកដានី អាយ៉ាឡូន បានគំរាមសម្លាប់បណ្តាប្រមុខក្រុមហាម៉ាស់ បន្ទាប់ពីការបាញ់ប្រហាររបស់ពួកប៉ាឡេស្ទីន ៕
ចែករំលែកព័តមាននេះ