ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នឹងធ្វើ​ឡើង នា​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ ការបោះឆ្នោត​ជាស​កល ដែល​ប្រជាពលរដ្ឋ…

ភ្នំពេញ៖ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នឹងធ្វើ​ឡើង នា​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ ការបោះឆ្នោត​ជាស​កល ដែល​ប្រជាពលរដ្ឋ ចូលរួម​បោះឆ្នោតជ្រើសរើស​​ថ្នាក់ដឹកនាំ​មូលដ្ឋាន តាម​ឃុំ​សង្កាត់​នេះ ​នឹងមាន​គណបក្ស​នយោបាយ ចូល​រួម​ប្រកួត​​ប្រជែង​​​មិន​តិច​ទេ​​។ គណបក្សនយោបាយ​ទាំងអស់នោះ ក្រៅពី​គណបក្ស ដែល​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ក៏​នឹងមាន​គណបក្សនយោបាយ​ជាច្រើន​ទៀត ដែល​ទើប​បង្កើត​ថ្មី កើតចេញពី​អតីត​គណបក្សប្រឆាំង​ថែមទៀត​។​

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់សម្លឹងឃើញមានគណបក្សនយោបាយណាមួយ ដែលមានកម្លាំង និងការគាំទ្រគ្រប់គ្រាន់ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​នោះឡើយ។ ដោយពិនិត្យមើលស្ថានភាពបច្ចុប្បន្ន ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំក្រោយ​នេះ គណបក្សប្រជាជនកម្ពុជា​ទំនងជានឹងឈ្នះឆ្នោតច្រើនលើសលុប ដូចដែលខ្លួនបាន​ទទួលក្នុងការបោះឆ្នោត​ថ្នាក់ជាតិកាល​ពី​ឆ្នាំ​២០១៨។

​មកដល់​ខែសីហា ឆ្នាំ​២០២១ នេះ មាន​អ្នកនយោបាយ ២៦​នាក់​ហើយ ក្នុងចំណោម​អ្នកនយោបាយ ១១៨​នាក់ ក្នុង​អតីត​គណ​ក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​​ឡើងវិញ​។ ​អ្នកនយោបាយ​ទាំងនោះ ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ បាន​ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ​របស់លោក ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែល​គេ​ដឹងថា បង្កើត​​ដោយ​​ក្រុម​​លោក អេង ឆៃអ៊ាង និង​​លោក​ស្រី មូរ សុខ​ហួរ​។​

​ទម្រាំ​ដល់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខែមិថុនា ឆ្នាំ​២០២២ អាច​នឹងមាន​គណបក្ស​នយោបាយ​ជាច្រើន​ទៀត នឹង​អាច​បង្កើត​ឡើង​។ ក្នុងនោះ គេជឿថា ​នឹងមាន​អតីត​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ច្រើននាក់​​ទៀត ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ នៅឆ្នាំក្រោយនេះ​។​

គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​បក្ស​កាន់អំណាច នៅតែ​សង្ឃឹម​ បន្ត​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​លើសលុប​ពី​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ក៏ដូចជា ការបោះឆ្នោតជាតិ អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣​។ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ចាស់ទុំ ដឹកនាំ​ប្រទេស ចាប់តាំងពី​ការតស៊ូ​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាប់ឆ្នោត​ជាច្រើន​ឆ្នាំ​មកហើយ និង​បានដឹកនាំ ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ​ចេញពី​បាតដៃ​ទទេ រហូតដល់​សព្វថ្ងៃ​។

​មកដល់ពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​លើសលប់ នៅតែ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លទ្ធផល​នៃ​ការបោះ​ឆ្នោតជាតិ ឆ្នាំ​២០១៣ គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​កម្លាំង​ប្រជែង​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ដែលជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សំឡេងឆ្នោត កាលណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨​អាសនៈ ទល់នឹង ៥៥​អាសនៈ ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ ទទួលបាន នៅរដ្ឋសភា ១២៣អាសនៈ​​។

​ជា​សរុប ក្នុង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មកដល់ពេលនេះ ពិសេស​ក្នុង​បរិបទ​កូ​វីដ​១៩ នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន និង​កំពុង​ដឹកនាំ​ប្រទេស នៅតែមាន​ប្រៀប និងរ​ក​ដៃ​គូប្រជែង ឲ្យមាន​គីឡូ​​ស្មើ​ មិន​ទាន់​​បា​ន​នោះ​ទេ​៕