សំឡេងផ្ទុះ និងការបាញ់កាំភ្លើងប្រឆាំងយន្តហោះបានលាន់កក្រើកលើទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី កាលពីវេលាព្រលឹមស្រាងៗនាថ្ងៃទី២០ មីនា ២០១១ ។ មន្ទីរប៉ង់តាហ្គោននិយាយថា នោះគឺជាការវាយប្រហារដោយមីស៊ីលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឆាំងមេដឹកនាំលីប៊ី ដែលក្រាញអំណាច លោកមូអាម៉ា កាដាហ្វី ។ មីស៊ីលនោះគឺបាញ់ចេញពីនាវាចម្បាំងដែលដាក់ពង្រាយនៅឯផ្ទៃសមុទ្រមេឌីទែរ៉ាណេ ។
មន្ត្រីជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះនិយាយថា ការវាយប្រហារនោះគឺសំដៅទៅលើទីតាំងការពារដែនអាកាសនៅតាមបណ្តោយឆ្នេរសមុទ្រលីប៊ី ជុំវិញរដ្ឋធានីទ្រីប៉ូលី ។ មន្ត្រីដដែលឱ្យដឹងទៀតថា នេះជាការវាយប្រហារលើកទីមួយប៉ុណ្ណោះ ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នាវាចម្បាំង និងយន្តហោះរបស់អាមេរិក ។ មន្ត្រីមន្ទីរប៉ង់តាហ្គោននិយាយថា ការវាយប្រហារនោះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យយោធារបស់ប្រទេសលីប៊ីបើកផ្លូវអាកាស ពិសេសដើម្បីជួយការពារយន្តហោះបរទេស ដែលហោះហើរទៅកាន់ដែនអាកាសរបស់ប្រទេសលីប៊ី ។
តាមមន្ទីរប៉ង់តាហ្គោនថា ប្រទេសចំនួន៥ មានដូចជាសហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា និងប្រទេសអ៊ីតាលី បានចូលរួមក្នុងការវាយប្រហារនេះប្រឆាំងលោកកាដាហ្វី ហើយសម្ព័ន្ធមិត្តចម្រុះនេះមាននាវាចម្បាំង២៥គ្រឿងដាក់ពង្រាយនៅលើផ្ទៃសមុទ្រម៉េឌីទែរ៉ាណេ ។ កងកម្លាំងសហរដ្ឋអាមេរិក កងកម្លាំងបារាំង និងកងកម្លាំងអង់គ្លេសបានបើកការវាយប្រហារនោះក្រោយពីមានការជឿជាក់ថា លោកកាដាហ្វីនឹងមិនប្រកាន់ខ្ជាប់ ហើយគោរពបទឈប់បាញ់របស់អង្គការសហប្រជាជាតិ ។ ការវាយប្រហារនោះប្រឆាំងទីតាំងឈរជើងរបស់យោធាលីប៊ី ដោយគ្រាប់មីស៊ីល និងយន្តហោះចម្បាំង ក្នុងនោះរួមមានការអនុវត្តតំបន់ហាមហោះហើរ ។
មីស៊ីល Tomahaw ជាង១០០គ្រាប់ ត្រូវបានបាញ់ពីនាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក និងអង់គ្លេសប្រឆាំងទៅលើដែនអាកាស និងប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសលីប៊ី នៅតំបន់ភាគខាងលិចប្រទេស។ ការវាយប្រហារលើកដំបូងនេះយន្តហោះចម្បាំងរបស់ប្រទេសបារាំង ត្រូវបញ្ជូនទៅដាក់ពង្រាយនៅតាមសមុទ្រក្បែរប្រទេសលីប៊ី ហើយហោះហើរបាញ់សំដៅរថយន្តយោធាប្រឆាំងនឹងកងទ័ពរបស់លោកកាដាហ្វី ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាម៉េរ៉ុន ថ្លែងកាលពីល្ងាចថ្ងៃទី១៩ មីនា ថា កងទ័ពអង់គ្លេសកំពុងតែប្រតិបត្តិការប្រឆាំងមេដឹកនាំផ្តាច់ការប្រទេសលីប៊ី ។ លោកដេវីដ កាម៉េរ៉ុន ថ្លែងថា «អ្វីដែលយើងកំពុងធ្វើជារឿងចាំបាច់ ជារឿងស្របច្បាប់ហើយជាសិទ្ធិរបស់យើងក្នុងការការពារប្រជាពលរដ្ឋដែលប្រកាន់ខ្ជាប់ គោរពលទ្ធិប្រជាធិបតេយ្យ ។ យើងមិនអាចគាំទ្រមេដឹកនាំផ្តាច់ការរបស់លីប៊ីដែលសម្លាប់ពលរដ្ឋរបស់ខ្លួននោះទេ» ។
- លោកកាដាហ្វី ៖ ពលរដ្ឋលីប៊ីស្ម័គ្រស្លាប់ សំរាប់ខ្ញុំ
លោកមូអាម៉ា កាដាហ្វី ថ្លែងតាមទូរទស្សន៍រដ្ឋកាលពីព្រឹកថ្ងៃទី២០ មីនា នេះថា ធម្មនុញ្ញអង្គការសហប្រជាជាតិផ្តល់សិទ្ធិដល់ប្រទេសលីប៊ីដើម្បីការពារខ្លួននៅពេលមានសង្គ្រាម ។ លោកកាដាហ្វី ថ្លែងទៀតថា «ពលរដ្ឋនៃប្រទេសកាន់សាសនាអ៊ិស្លាម ពលរដ្ឋអាហ្វ្រិក និងពលរដ្ឋអាមេរិកឡាទីន ព្រមទាំងពលរដ្ឋអាស៊ីត្រូវតែឈរខាងពលរដ្ឋលីប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននេះ» ។ ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវដល់លោកកាដាហ្វី ឱ្យដកថយចេញពីទីក្រុង Zawiya នៅភាគខាងលិចរដ្ឋធានីទ្រីប៉ូលី ។ អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីនិយាយថា ការវាយប្រហារប្រឆាំងទីតាំងជាច្រើននៅទីក្រុងទ្រីប៉ូលីបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ។
កាលពីព្រឹកថ្ងៃទី១៩ មីនា កន្លងមក លោកកាដាហ្វី បានចេញសារផ្គើនមួយដល់ប្រទេសមហាអំណាចពិភពលោក ដែលក្នុងសារនោះលោកកាដាហ្វីថ្លែងថា «ពលរដ្ឋលីប៊ីភាគច្រើនបានត្រៀមខ្លួនស្ម័គ្រស្លាប់សម្រាប់ខ្ញុំរួចហើយ»។ សារនោះលោកកាដាហ្វីផ្ញើជូនលោកបារ៉ាក់ អូបាម៉ា ។ ទូរទស្សន៍រដ្ឋលីប៊ីរាយការណ៍ថា ក្នុងការវាយប្រហាររបស់ក្រុមសម្ព័ន្ធមិត្តចម្រុះនោះបណ្តាលឱ្យស្លាប់មនុស្ស៤៨នាក់ ។
- បារាំងបើកការវាយប្រហារប្រឆាំងលោកកាដាហ្វី មុនគេ
កងទ័ពអាកាសបារាំង បានបើកការវាយប្រហារមុនគេប្រឆាំងនឹងកងទ័ពរបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី រយៈពេលប៉ុន្មានម៉ោងក្រោយ ពីកិច្ចប្រជុំកំពូលក្រុងប៉ារីសស្តីអំពីការអន្តរាគមន៍របស់យោធា កាលពីថ្ងៃទី១៩ មីនា កន្លងមក ។ នេះបើតាមការឱ្យដឹងដោយអ្នកនាំពាក្យសេនាធិការបារាំង លោក Thierry Burckhard ។ លោក Thierry បានប្រាប់ទូរទស្សន៍បារាំង BFM ថា ការវាយប្រហារនោះសំដៅលើរថយន្តដែលគេជឿថា ជារបស់កងទ័ពលោកកាដាហ្វី នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី១៩ មីនា ។
ការវាយប្រហារនេះជាចំណាត់ការរបស់យោធាបរទេសដំបូងគេប្រឆាំងប្រទេសលីប៊ី ចាប់តាំងពីអង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយមួយកាលពីថ្ងៃទី១៨ មីនា អនុញ្ញាតឱ្យមានតំបន់ហាមហោះហើរនៅប្រទេសលីប៊ី និងប្រកាន់យករាល់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារជនស៊ីវិល ។ ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ក្នុងសន្និសីទកាសែតមួយ បានថ្លែងបញ្ជាក់ថា យន្តហោះចម្បាំងរបស់បារាំងកំពុងបើកបេសកកម្មស៊ើបអង្កេតនៅពីលើប្រទេសលីប៊ី ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញក្រោយពីកិច្ចប្រជុំកំពូលក្រុងប៉ារីស បណ្តាមេដឹកនាំនានាបានឯកភាពគ្នាថា លោកកាដាហ្វី បំពានបទឈប់បាញ់គ្នា បើទោះបីជាមានការព្រមានអំពីការអន្តរាគមន៍របស់យោធាក៏ដោយ ។ លោកប្រធានាធិបតីនីកូឡាស់ សាកូហ្ស៊ី ថ្លែងថា កងទ័ពរបស់យើងនឹងប្រឆាំងការឈ្លានពានណាមួយដោយលោកកាដាហ្វី ដែលប្រឆាំងពលរដ្ឋក្រុងបេនហ្គាហ្ស៊ី ។
- លោកកាដាហ្វី សច្ចាសងសឹកការវាយ ប្រហាររបស់ប្រទេសលោកខាងលិច
ថ្លែងតាមទូរទស្សន៍រដ្ឋ លោកមូអាម៉ា កាដាហ្វី ថ្លែងថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផ្តល់សិទ្ធិដល់លីប៊ី ដើម្បីការពារខ្លួននៅពេលមានសង្គ្រាមដោយលោកសច្ចាថា នឹងសងសឹកការវាយប្រហាររបស់សម្ព័ន្ធភាពចម្រុះរបស់អាមេរិក បារាំង និងអង់គ្លេសនោះ ។ លោកកាដាហ្វី ថ្លែងទៀតថា ឃ្លាំងស្តុកសព្វាវុធរបស់លីប៊ីនឹងបើកចំហ ដើម្បីយកអាវុធបំពាក់ឱ្យពលរដ្ឋលីប៊ី ចូលរួមទប់ទល់ការវាយប្រហាររបស់ប្រទេសលោកខាងលិច ។
នៅក្នុងលិខិតដែលផ្ញើជូនប្រធានាធិបតីបារាំង លោកនីកូឡាស សាកូហ្ស៊ី និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមេរ៉ុន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន លោកកាដាហ្វី បានចាត់ទុកវិធានការរបស់អង្គការសហប្រជាជាតិថាជា «វិធានការគ្មានសុពលភាព» ពីព្រោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខមិនអនុញ្ញាតឱ្យមានអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់លីប៊ី ដោយប្រទេសផ្សេងៗ ។ ទោះបីជាបែបណា ពុំមានប្រភពណាមួយឱ្យដឹងថា លោកកាដាហ្វី កំពុងលាក់ខ្លួននៅកន្លែងណានោះទេ ។
- ន័រវេសបញ្ជូនយន្តហោះចម្បាំង F16 ចំនួន6គ្រឿងចូលរួមប្រតិបត្តិការសឹកប្រឆាំងលីប៊ី
ទីភ្នាក់ងារព័ត៌មានន័រវេស NTB រាយការណ៍កាលពីថ្ងៃទី២០ មីនា ថា យន្តហោះចម្បាំងធុន F16 របស់ន័រវេស៦គ្រឿង នឹងត្រូវបញ្ជូនទៅចូលរួមប្រតិបត្តិការសឹកដែលដឹកនាំដោយបណ្តាប្រទេសលោកខាងលិច ប្រឆាំងប្រទេសលីប៊ី ក្រោយពីកងទ័ពអាកាសន័រវេសទទួលបានការអនុញ្ញាត ។ ទីភ្នាក់ងារព័ត៌មានដដែលឱ្យដឹងទៀតថា កងទ័ពអាកាសន័រវេស កាលពីយប់ថ្ងៃទី១៩ មីនា ទទួលបានបញ្ជាឱ្យត្រៀមយន្តហោះចម្បាំង F16 ចំនួន៦គ្រឿង និងអ្នកបើកជាង១០០នាក់ សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសលីប៊ី ។
យន្តហោះចម្បាំងទាំង៦គ្រឿងនឹងចាប់ផ្តើមចេញដំណើរនៅដើមសប្តាហ៍នេះ ហើយនឹងចុះចតនៅមូលដ្ឋានក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី ។ នាយករដ្ឋមន្ត្រីន័រវេស លោក Jens Stoltenberg ថ្លែងថា ន័រវេសនឹងចូលរួមប្រតិបត្តិការសឹក ដើម្បីពង្រឹង និងអនុវត្តតំបន់ហាមហោះហើរគាំទ្រដោយអង្គការសហប្រជាជាតិនៅប្រទេសលីប៊ី ។ លោក Jen Stoltenberg ថ្លែងដូច្នេះនៅពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុងប៉ារីស ។ លោក Stoltenberg ថ្លែងទៀតថា យន្តហោះចម្បាំងរបស់ន័រវេសអាចចូលរួមបេសកកម្មគ្រប់ប្រភេទទាំងអស់ គឺទាំងការអនុវត្តតំបន់ហាមហោះហើរ និងការទម្លាក់គ្រាប់បែកសំដៅកងទ័ពលើដី ។
- សហភាពអាហ្វ្រិកទាមទារឱ្យបញ្ឈប់ការវាយប្រហារប្រឆាំងលីប៊ីជាបន្ទាន់
ក្រុមសហភាពអាហ្វ្រិកសម្រាប់ប្រទេសលីប៊ី កាលពីថ្ងៃទី២០ មីនា បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារប្រឆាំងប្រទេសលីប៊ីជាបន្ទាន់ ក្រោយពីសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បើកប្រតិបត្តិការសឹកប្រឆាំងកងទ័ពរបស់លោកមូអាម៉ា កាដាហ្វី ។ ក្រោយពីកិច្ចប្រជុំមួយរយៈពេលជាង៤ម៉ោង នៅក្នុងទីក្រុង Mauritanian សហភាពអាហ្វ្រិក បានស្នើដល់អាជ្ញាធរលីប៊ី ឱ្យធានារ៉ាប់រងនូវជំនួយមនុស្សធម៌សម្រាប់អ្នកដែលត្រូវការ ព្រមទាំងការពារជនបរទេស ដែលរស់នៅក្នុងប្រទេសលីប៊ី ។ ក្រុមសហភាពអាហ្វ្រិកគ្រោងបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុងអាឌីល អាបាបា រដ្ឋធានីអេត្យូពីនៅថ្ងៃទី២៥ មីនា ខាងមុខ ដោយមានតំណាងមកពីសម្ព័ន្ធអារ៉ាប់ អង្គការសន្និសីទអ៊ិស្លាម សហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ សំដៅបង្កើតយន្តការមួយសម្រាប់ការពិគ្រោះយោបល់គ្នា និងចាត់វិធានការរួមគ្នា ដើម្បីដោះស្រាយវិបត្តិនៅលីប៊ី ។
- បារាំងបដិសេធពីការបាញ់ធ្លាក់យន្ត ហោះរបស់ខ្លួននៅលីប៊ី
ប្រភពយោធាបារាំងបានបដិសេធរបាយការណ៍នានាដែលថា យន្តហោះចម្បាំងមួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំងរបស់បារាំងដែលធ្វើប្រតិបត្តិការសឹកនៅប្រទេសលីប៊ី ត្រូវបានបាញ់ធ្លាក់ ។
លោក Thierry Burkard អ្នកនាំពាក្យសេនាធិការបារាំង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន AFP ថា យើងសូមបដិសេធថា ពុំមានយន្តហោះណាមួយរបស់បារាំងត្រូវបានបាញ់ធ្លាក់នោះទេ ។
មុននេះ របាយការណ៍ព័ត៌មានរបស់ប្រទេសលីប៊ីថា យន្តហោះចម្បាំងបារាំងមួយគ្រឿងត្រូវបានបាញ់ធ្លាក់ដោយកងទ័ពលីប៊ី នៅតំបន់ក្នុងទីក្រុងទ្រីប៉ូលី ។ តាមប្រភពព័ត៌មានថា ក្នុងប្រតិបត្តិការសឹកប្រឆាំងមេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី នោះ យន្តហោះចម្បាំងរបស់បារាំងមានចំនួន២០គ្រឿង ។
- កាដាហ្វ៉ីឱ្យប្រជាជនប្រដាប់អាវុធតស៊ូនឹងអ្នកឈ្លានពាន និងប្រកាសតំបន់មហាសមុទ្រមេឌីទែរ៉ាណាជា «សមរភូមិ»
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២០ មីនា ឱ្យដឹងថា លោកម៉ូអាមម៉ា កាដាហ្វ៉ី មេដឹកនាំប្រទេសលីប៊ី បានថ្លែងក្រោយពីមានប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងអង្គការសហប្រជាជាតិ ទាំងផ្លូវអាកាស និងតាមនាវា ដោយអំពាវនាវឱ្យជនជាតិលីប៊ីកាន់អាវុធតស៊ូ និងអាហ្វ្រិកខាងជើងក្លាយជាតំបន់សង្គ្រាមដែលជនជាតិលីប៊ីនឹងប្រឈមមុខជាមួយអ្នកឈ្លានពាន។ លោកបន្តទៀតថា ការឈ្លានពានលើកនេះ ធ្វើឱ្យជនជាតិលីប៊ីរឹងមាំ និងរួមគ្នាជាធ្លុងមួយ។ លោកព្រមានថា បច្ចុប្បន្នឃ្លាំងអាវុធយុទ្ធភណ្ឌបានបើក និងប្រជាជនត្រូវប្រដាប់អាវុធការពារអធិបតេយ្យភាពលីប៊ី។ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើកឆាកវាយប្រហារប្រទេសលីប៊ីដោយកាំជ្រួចជាច្រើនគ្រាប់ គួបផ្សំនឹងការវាយប្រហារតាមផ្លូវអាកាសកាលពីព្រឹកថ្ងៃទី២០ មីនា បានបង្កើតកំហឹងដល់លោកម៉ូអាមម៉ា កាដាហ្វ៉ី ដោយលោកប្រកាសថា សមុទ្រមេឌីទែរ៉ាណេ នឹងក្លាយជា «សមរភូមិ»។ ស្ថានីយទូរទស្សន៍ជាតិបានផ្សាយថា ប្រជាជនជាច្រើននាក់បានប្រមូលផ្តុំគ្នាជារបាំងមនុស្សដល់លោកកាដាហ្វ៉ី នៅទីបញ្ជាការបាបអាល់ អាស៊ីស៊ីយ៉ា និងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងទ្រីប៉ូលី ។
- ជីវប្រវត្តិមេដឹកនាំលីប៊ី ម៉ូហាម៉ាត អាល់កាដាហ្វី
ម៉ូអាម៉ា ម៉ូហាម៉ាត អាល់ កាដាហ្វី (Muam-mar Muhammad al-Gaddafi) មានឋានៈជាវរសេនីយ៍ឯក បានក្លាយជាមេដឹកនាំរបស់ ប្រទេសលីប៊ី តាំងពីឆ្នាំ១៩៦៩ តាមរយៈរដ្ឋ ប្រហារយោធាមួយ។
ក្នុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ រដ្ឋាភិបាលរបស់លោកត្រូវប្រទេសលោកខាងលិចចាត់ទុកជារដ្ឋមួយគំរាមដល់សន្តិសុខពិភពលោក និងជារដ្ឋដែលគាំទ្រដល់ក្រុមភេរវកម្ម ដោយតាមធ្វើឃាតមេដឹកប្រឆាំងដែលបាននិរទេសខ្លួន ដោយចោទថា ជាពួកសក្តិភូមិនិយម។ លោកកាដាហ្វី បានផ្លាស់ប្តូរឈ្មោះប្រទេសសាធារណរដ្ឋអារ៉ាប់លីប៊ី ជាប្រទេសចាម៉ាហ៊ីរីយ៉ា (Jamahiriya) នៅឆ្នាំ១៩៧៧ ដោយលោកប្រកាន់ទ្រឹស្តីនយោបាលបែបសង្គមនិយម។ គាត់បានបោះពុម្ពសៀវភៅមួយក្បាលឈ្មោះថា សៀងភៅបៃតង់ (Green Book)។ នៅឆ្នាំ ១៩៧៩ គាត់បានលាលែងតំណែងជានាយករដ្ឋ មន្ត្រី ហើយហៅខ្លួនឯងថា មេដឹកនាំបងធំ (The Brother Leader) ឬជាមគ្គុទ្ទេសក៏នៃបដិវត្តសង្គមនិយមលីប៊ី។ ពេលនេះគាត់ជាមេដឹកនាំប្រទេសដែលគ្មានស្តេចយូរជាងគេលើលោក ក្នុងប្រវត្តិសាស្ត្រ ។
- ឆាកជីវិតមុនពេលក្លាយជាមេដឹកនាំលីប៊ី
ម៉ូហាម៉ាត អាល់ កាដាហ្វី កើតនៅក្នុងតង់ bedouin (ជាតង់ម្យ៉ាងដែលគេសង់លើសមុទ្រខ្សាច់) ក្នុងតំបន់ដាច់ស្រយាលជិតទីក្រុង Sirt ក្នុងឆ្នាំ១៩៤២។ គ្រួសាររបស់លោកជាសមាជិកមួយនៃកុលសម្ព័ន្ធ arabized Berbers។ ក្នុងវ័យកុមារគាត់ចូលរៀនក្នុងសាលាអ៊ិស្លាម ចំពេលដែលមានហេតុការណ៍ធំមួយកើតឡើងក្នុងពិភពអារ៉ាប់ គឺពួកអ៊ីស្រាអែល បានយកឈ្នះពួកប៉ាឡេស្ទីនក្នុងឆ្នាំ១៩៤៨ និងលោក Gamal Abdel Nasser បានឡើងកាន់អំណាចក្នុងប្រទេសអេហ្ស៊ីប ក្នុងឆ្នាំ១៩៥២។ លោកចូលចិត្តសិក្សាមុខវិជ្ជាប្រវតិ្តសាស្ត្រ។
លោកបានចុះឈ្មោះបម្រើក្នុងជួរកងទ័ពលីប៊ីនៅទីក្រុងក្នុងឆ្នាំ១៩៦១ បានជាប់ទាក់ទងជាមួយនឹងចលនាមន្ត្រីសេរី ចាប់តាំងពីគាត់ចូលរៀននៅសាលាយោធា។ លោកបានរៀបចំផែនការទម្លាក់រាជវង្សតាំងពីលោកនៅរៀនក្នុងសាលាយោធាមកម៉្លេះ។ បន្ទាប់ពីបានបញ្ចក់ការសិក្សាក្នុងប្រទេសលោកត្រូវបញ្ជូនទៅរៀននៅទ្វីបអឺរ៉ុប។ ក្នុងជីវិត របស់លោកមានពាក្យចចាមអារ៉ាមជាច្រើនដូចជា លោកមិនបានចូលរៀនសាលាយោធា Royal Military Academy Sandhurst លោកមិនបានទទួលការហ្វឹកហ្វឺនយោធាបន្ថែមនៅឯ Hellenic Military Academy ក្នុងទីក្រុងអាទែន ប្រទេសក្រិចទេ ឬកន្លែងណាមួយច្បាស់លាស់ក្នុងប្រទេសអង់គ្លេសដែរ។
- រដ្ឋប្រហារថ្ងៃ១ កញ្ញា ឆ្នាំ១៩៦៩
ថ្ងៃ១ កញ្ញា ឆ្នាំ១៩៦៩ មេដឹកនាំយោធាជាន់ខ្ពស់មួយក្រុមដែលដឹកនាំដោយលោក កាដាហ្វី បានចាប់ផ្តើមធ្វើរដ្ឋប្រហារបង្ហូរឈាមទម្លាក់សេ្តច Idris ពេលទ្រង់ទៅសម្រាកព្យាបាលព្រះរោគក្នុងប្រទេសតួកគី។ រាជបុត្រទ្រង់ព្រះនាម Sayyid Hasan ar-Rida al-Mahdi as-Sanussi ដែលនឹងត្រូវស្នងរាជ្យត្រូវទម្លាក់ចេញពីតំណែងក្នុងពេលមានបដិវត្តន៍របស់ មន្ត្រីកងទ័ព និងត្រូវចាប់ឃុំក្នុងព្រះរាជដំណាក់។ ក្រោយមកក្រុមនេះបានរំលាយរបបរាជានិយម និងប្រកាសជាសាធារណរដ្ឋអារ៉ាប់លីប៊ី។
- ឆាកនយោបាយ
គណៈកម្មាធិការបដិវត្តន៍របស់កាដាហ្វី បានជួបប្រជុំគ្នាយកតាមគំរូប្រព័ន្ធប្រទេសកុម្មុយនីស្តមួយចំនួន។ ការងារពី១០ទៅ២០ភាគរយក្នុង ប្រទេសលីប៊ីត្រូវគណៈកម្មាធិការនេះជាអ្នកពិនិត្យដូចមេដឹកនាំអ៊ីរ៉ាក់ សាដាម ហ៊ូសេន និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ីលដែរ។ ការត្រួតពិនិត្យ ធ្វើឡើងតាំងពីក្នុងរដ្ឋាភិបាល រោងចក្រសហគ្រាស និងផ្នែកអប់រំផងដែរ។ មានច្បាប់មួយចែងថា ការនិយាយគ្នាជាមួយជនបរទេសពីកិច្ចការនយោបាយ ជាទោសឧក្រិដ្ឋត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។ ហេតុនេះកាដាហ្វី បានលុបចោលការសិក្សាភាសាបរទេសទាំងអស់ក្នុងវិស័យអប់រំ។ ក្នុងរបបនយោបាលរបស់គាត់ ការកាត់ទោសប្រហារជីវិតចំពោះអ្នកប្រឆាំងត្រូវធ្វើឡើងជាសាធារណៈ និងផ្សាយឡើងវិញតាមរយៈទូរទស្សន៍របស់ជាតិ។ លីប៊ីជាប្រទេសដែលទទួលរង់ការរិះគន់បំផុតពីបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៏ា និងអាហ្វ្រិក។
កាដាហ្វី បានបញ្ជូនបណ្តាញការងាររបស់គាត់តាមស្ថានទូត និងធ្វើឃាតមនុស្សជាច្រើនក្នុងពិភពលោក ។ តាមបញ្ជីរបស់អង្គការលើកលែងទោសអន្តរជាតិAmnesty Internariona ថា យ៉ាងតិចមានមនុស្ស២៥នាក់ត្រូវបានធ្វើឃាតនៅចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៧។
ភ្នាក់ងាររបស់កាដាហ្វី មានសកម្មភាពបំផុតក្នុងដែនដីចក្រភពអង់គ្លេស ដែលមានប្រជាជនលីប៊ីជាច្រើនសុំសិទ្ធិជ្រកកោន។ បន្ទាប់ពីមន្ត្រីទូតលីប៊ីបាញ់សម្លាប់ក្រុមបាតុករប្រឆាំងកាដាហ្វី១០នាក់ និងសម្លាប់ប៉ូលិសអង់គ្លេសរួចមក ចក្រភពអង់គ្លេសក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយលីប៊ី។ កាដាហ្វីធ្លាប់ពោលថា ការសម្លាប់អាចធ្វើឡើងបើទោះជាពួកគេនិរទេសខ្លួនក្តី។ នាឆ្នាំ២០០៤ លីប៊ីបានឲ្យតម្លៃក្បាលមេដឹកនាំរិះគន់លោក Ashur Shamis ចំនួន១លានដុល្លារ ដែលជាអ្នកសារព័ត៌មានអង់គ្លេសជាតិលីប៊ី។
- ទ្រព្យសម្បត្តិរបស់គ្រួសារកាដាហ្វី
ប្រាក់សរុបរបស់កាដាហ្វីទាំងអស់មានចំនួន៧០ពាន់លានដុល្លារ។ លោកមានភាគហ៊ុនក្នុងក្រុមហ៊ុន និងធនាគារក្នុងប្រទេសអ៊ីតាលី និងធនាគារដូចជា ក្រុមហ៊ុនប្រេង Eni ក្រុមហ៊ុន Fiat ធនាគារ Unicredit និងក្រុមហ៊ុន Finmeccanica។ ក្នុងខែមករា ឆ្នាំ២០០២ កាដាហ្វីបានទិញភាគហ៊ុន៧,៥ភាគរយស្មើនឹង២១លានដុល្លាររបស់ក្លឹបបាល់ទាត់អ៊ីតាលី Juventus តាមរយៈក្រុមហ៊ុន Lafico។
ក្រៅពីនេះគ្រួសាររបស់គាត់បានដាក់បានវិនិយោគនៅប្រទេសជាច្រើនដូចជា ប្រទេសឆាត ស៊ូដង់ ហ្ស៊ីមប៉ាវេ លីប៉េរីយ៉ា និងប្រទេសសេរ៉ាឡេអូន។ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥ ចក្រភពអង់គ្លេសបានចាត់ក្រុមពិសេសសម្រាប់តាមដានទ្រព្យសម្បត្តិរបស់កាដាហ្វីក្នុងប្រទេសអង់គ្លេស។
- អង្គរក្ស
ការជ្រើសរើសអង្គរក្សរបស់កាដាហ្វីបានក្លាយជាចំណីដ៏ឆ្ងាញ់របស់បណ្តាញអ្នកសារព័ត៌មានជានិច្ច។ អង្គរក្សផ្ទាល់៤០នាក់របស់គាត់ត្រូវបានគេឲ្យឈ្មោះថា Amazonian Guard ដែលសុទ្ធសឹងជាស្រ្តីភេទ ហើយនៅក្រមុំបរិសុទ្ធ និងត្រូវជ្រើសរើសដោយលោកផ្ទាល់។ ពួកគេត្រូវបញ្ជូនឲ្យទៅហ្វឹកហាត់បាញ់កាំភ្លើង និងក្បាច់គុនមុនពេលបំពេញភារកិច្ច៕
(សុខលី+វិជ្ជា)
















ចែករំលែកព័តមាននេះ