ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​សម្ល​កំពឹស

8 ឆ្នាំ មុន

ឈើ​គ្រប់​ប្រភេទ​ដែល​មានឈ្មោះ​ថា​ខុសច្បាប់​…​ ដែល​ត្រូវ​គណៈកម្មការ​ជាតិ​ក្រោម​បញ្ជា​តេ​ជោ​សែន ចាប់​បាន​មួយសារ​នេះ មាន​ទំហំ​ធំធេង​ណាស់ ស្មើនឹង​អស់​ព្រៃ​ម៉ា​ស្រុក​ខ្មែរ​យើង​…

ឈើ​គ្រប់​ប្រភេទ​ដែល​មានឈ្មោះ​ថា​ខុសច្បាប់​…​ ដែល​ត្រូវ​គណៈកម្មការ​ជាតិ​ក្រោម​បញ្ជា​តេ​ជោ​សែន ចាប់​បាន​មួយសារ​នេះ មាន​ទំហំ​ធំធេង​ណាស់ ស្មើនឹង​អស់​ព្រៃ​ម៉ា​ស្រុក​ខ្មែរ​យើង​… ​ស្មើនឹង​បំផ្លាញ​អស់ទ្រព្យ​សម្បត្តិ​មហាសាល​របស់​ជាតិ ។

មាន​សំឡេង​លេចឮ​មក​ថា មាន​ឧកញ៉ា​ឈ្មួញ​ឈើ​មួយ​កំ​ភ្លូ​ស​ដែល​ពាក់ព័ន្ធ​… ​ខ្លះ​ឮ​ថា​ ដាក់​មេ​ប្រូច​អស់ហើយ​… ​។ ឧកញ៉ា​ខ្លះ​មិន​ដែល​ឮឈ្មោះ​ខាង​កិច្ចការ​សង្គម​សោះ​… ​ពេល​ចាប់​ឈើ​ខុសច្បាប់ ស្រាប់តែ​លេច​ឈ្មោះ​អណ្តែត​តែ​ម្តង​…​ មាន​ឧកញ៉ា​ខ្លះ​ដែល​ល្បី​រន្ទឺ​យូរហើយ​…​ មានឈ្មោះ​ជា​ឈ្មួញ​ឈើ​នឹង​គេ​ដែរ​…​ ប៉ុន្តែ​គ្រាន់បើ ព្រោះ​ជា​ឈ្មួញ​មានច្បាប់​… ​មិន​ត្រងោល​តិ​ល​ដូច​ឈ្មួញ​ឧកញ៉ា​ដែល​មិន​ល្បី​… ​មិន​ដែល​ស្គាល់ឈ្មោះ​ខ្លះ​នោះ​ទេ ។

ឧកញ៉ា​ដែល​គេ​មិនសូវ​ស្គាល់ឈ្មោះ​នោះ ជា​ឈ្មួញ​ឈើរ​ត់ទៅ​សម្ងំ​ដេក​លើ​កន្ទេល​របស់​ឧកញ៉ា​ដែល​មានច្បាប់​… ​ដែល​គេ​និយាយ​ថា «​ឃើញ​កន្ទេល​ធំ​បន្លំ​ដេក​»… ​ហេ ! ហេ !

អា​ឡេវ​គិត​ថា រឿង​ដែល​ធំ​មិនមែន​ដៅ​ទៅ​លើ​តែ​ឈ្មួញ​ឈើ​អត់​ច្បាប់​ទាំងនោះ​ពេក​ទេ​…​ ឈ្មួញ​ឈើ​ខុសច្បាប់​ទៅ​កើត វា​មិនមែន​ខ្លួនឯង​ប្រព្រឹត្តិ​ទេ​… ​វា​ស្ថិត​នៅ​លើ​អាជ្ញាធរ​ម្ចាស់​ទឹក ម្ចាស់​ដី​… ​ម្ចាស់​ព្រៃ​ព្រឹក្សា​… ​មាន​តាំងពី​ជំនាញ​រាប់​កញ្ឆេ​ នៅ​ពាសពេញ​អាណាចក្រ ។ បើ​រដ្ឋអំណាច​គ្រប់​ជំនាញ​ទាំងនោះ​មិន​ពាក់ព័ន្ធ ពួក​គេ​ក៏​មិន​ថ្លើមពាសមេឃ ​កាប់​ព្រៃឈើ​មហាសាល​បែប​នេះ​ដែរ​…

សម្ល​ព្រៃឈើ​…​ វា​ជា​សម្លកកូរ​បង់​កំពឹស​… ​បើ​ចាប់​ឈ្មួញ​ដឹកឈើ​…​ ឈ្មួញ​ម្ចាស់​ឈើ​…​ ត្រូវ​ចាប់​មុនគេ មេ​រដ្ឋអំណាច​ខេត្ត មេ​រដ្ឋអំណាច​ស្រុក​…​ មេ​ជំនាញ​ខេត្ត មេ​ជំនាញ​ស្រុក​… ​បោសសំអាត​ឱ្យ​អស់​មួយ​ខ្សែ​ធំ​នេះ​… ​នោះ​ទើប​យុត្តិធម៌ ។ មេ​ច្រក​ទ្វារ​ព្រំដែន​ចេញ​ឈើ​ទាំងឡាយ​ក៏​ត្រូវ​ប្រមូល​ទុក​ម្តុំ​ដែរ​…

ដើម្បី​យុត្តិធម៌ ត្រូវ​ប្រមូល​ឈ្មួញ​ឈើ​ទាំងអស់​រួម​ជាមួយ​រដ្ឋអំណាច​ក្នុង​អាណាចក្រ​ពី​ខេត្ត​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​… ​រហូត​ដល់​អ្នកយាម​ច្រកចេញ​ឈើ​…​ត្រូវ​ចាប់​ឱ្យ​អស់ពី​ខេត្ត​ដែល​ពួក​គេ​បំផ្លាញ ។ ពិសេស​ចៅហ្វាយខេត្ត​ដែល​មិន​ចេះ​ការពារ​ឈើ​…

ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឱ្យ​សម្ល​កំពឹស​វាមាន​រសជាតិ​ផង ។ ប្រ​សិន​ធ្វើ​«​យុត្តិធម៌បាន​»​បែប​នេះ​… ​ឧកញ៉ា​ឈ្មួញ​ឈើ​មួយ​កំ​ភ្លូ​ស​ទាំងឡាយ​នោះ ប្រាកដជា​មិន​រត់គេច​ឡើយ ។ បើ​ពុំ​ដូច្នោះ​ទេ​… ​វេច​លុយ​ស្ពាយរ​ត់ទៅ​នៅ​ស្រុក​គេ​អស់ហើយ ៕
                     អា​ឡេវ