ខេត្តឧត្តរមានជ័យ ៖ បាតុភាពហាមទំនិញពីកម្ពុជាចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិជាំ ហើយកម្ពុជាក៏បានឆ្លើយតបហាមទំនិញពីសៀម ចូលកម្ពុជាវិញដែរនោះបានធ្វើឱ្យភាគីសៀមឆ្លេឆ្លារកដំណោះស្រាយភ្លាមៗនៅថ្ងៃទី២៧ មីនា ដោយបានលើកហេតុផលផ្សេងៗមកបង្ហាញ ។ ទោះបីជាបែបណាក្តី កម្ពុជាបានឈរលើជំហរដ៏រឹងមាំមួយថា បើភាគីសៀមបន្តហាមឃាត់ទំនិញពីកម្ពុជានោះ កម្ពុជាក៏នៅតែហាមនាំចូលទំនិញពីសៀមដដែល ។ តាមរយៈនៃការជួបប្រជុំដោះស្រាយគ្នាយ៉ាងស្វិតស្វាញនោះ ជាលទ្ធផលគឺការហាមឃាត់ទំនិញឆ្លងដែនត្រូវបានលុបចោល ហើយដោះដូរគ្នាជាប្រក្រតីឡើងវិញ។
គួររំលឹកថា នាព្រឹកថ្ងៃទី២៦ មីនា ភាគីសៀមបានប្រកាសឱ្យក្រុមការងាររបស់គេទប់ស្កាត់មិនឱ្យទិន្នផលកសិកម្មពីកម្ពុជានាំចូលក្នុងប្រទេសសៀម ។ ជាការឆ្លើយតបខាងកម្ពុជា ក៏ប្រកាសមិនឱ្យមុខទំនិញទាំងអស់ពីសៀមចូលកម្ពុជាដែរ ។ ក្នុងការជួបដោះស្រាយគ្នា កាលពីព្រឹកថ្ងៃទី២៧ មីនា ភាគីសៀមបានរុះរើរបងលួសតាមខ្សែបន្ទាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិជាំសាងុាំ ដែលស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
លោកនេត្យ ដារ៉ា ប្រធានច្រកទ្វារអន្តរជាតិជាំឱ្យកោះសន្តិភាពដឹងថា ក្នុងជំនួបនោះភាគីសៀមសុំឱ្យកម្ពុជាពិភាក្សាគ្នាទៅលើបញ្ហានាំទំនិញដោះដូរគ្នារវាងប្រទេសជិតខាងនៅច្រកទ្វារអន្តរជាតិជាំ ដោយមានការចូលរួមពីលោកវ៉ាត ប៉ារ៉ានីន នាយកសាលាខេត្ត និងក្រុមការងារច្រកទ្វារអន្តរជាតិជាំ រីឯភាគីសៀមមានក្រុមការងារខេត្តស៊ីសាកេត និងក្រុមសមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកទ្វារ ។
លោកបញ្ជាក់ថា ភាគីសៀមបានលើកយកបញ្ហាពិភាក្សាចំនួន២ចំណុច ទី១-សុំឱ្យភាគីកម្ពុជាឈប់នាំចូលក្រូចឆ្មារ និងផ្លែដូង ព្រោះមានមេរោគ តែបើមានការនាំចូលនោះគឺក្រុមការងារសៀមចាប់ និងកំទេចចោល ។ បើនាំចូលត្រូវបង់ទៅឱ្យភាគីសៀមចំនួន៣០% ទើបអាចនាំចូលបាន ។ ចំណុចទាមទារនេះភាគីកម្ពុជាយើងឆ្លើយតបថា បើភាគីសៀមចោទប្រកាន់ទំនិញរបស់កម្ពុជាថា មានមេរោគនោះគឺភាគីកម្ពុជាក៏សុំបិទលើមុខទំនិញរបស់ខាងភាគីសៀមគ្រប់ប្រភេទព្រោះទំនិញខាងសៀមសំបូរទៅដោយជាតិគីមី ។
លោកនេត្យ ដារ៉ា បន្តទៀតថា ចំណែកបញ្ហាទី២-សៀមបានលើកឡើងពីបញ្ហាចាស់ដូចជាបង្គោលគីឡូម៉ែត្រដែលមានចំងាយ២០០ម៉ែត្រ ពីកន្លែងទាហានឈុតខ្មៅឈរជើងនោះ សុំឱ្យភាគីកម្ពុជាធ្វើរបងបន្លាលួសព្រំដែននៅត្រឹមបង្គោលនោះ គឺមានន័យថា ខាងសៀមចាត់ទុកចំណុចឈរជើងរបស់កម្ពុជានៅច្រកទ្វារជាដីសៀម ។ ការទាមទារនោះត្រូវលោកច្រានចោលភ្លាមៗ និងមិនអាចទទួលយកបានទេ ។
លោកប្រធានច្រកទ្វារបន្តថា នៅពេលកម្ពុជាយើងមិនព្រមទទួលយកគោលការណ៍របស់សៀមនោះខាងភាគីសៀមសំរួលដោយឱ្យក្រុមអាជីវករទាំងសងខាងនាំចេញ និងនាំចូលមុខទំនិញឡើងវិញនាព្រឹកថ្ងៃទី២៧ មីនា ។ ទោះជាយ៉ាងណាក្តី ខាងភាគីសៀមមិនឱ្យភាគីកម្ពុជានាំគ្រឿងសំណង់ចូលតាមមាត់ច្រកទ្វារអន្តរជាតិជាំឡើយ ព្រោះគេព្រួយបារម្ភថា ភាគីកម្ពុជានាំគ្រឿងសំណង់ ពីប្រទេសសៀមយកមកធ្វើជាលេណដ្ឋានសម្រាប់កងទ័ព ឬយកធ្វើកាស៊ីណូ ។
លោកប្រធានច្រកនិយាយថា ចំពោះការនាំចូលគ្រឿងសំណង់នោះមិនមែនជាតម្រូវការតែរបស់ភាគីកម្ពុជាទេ បើឈ្មួញសៀមមិននាំមកជារឿងរបស់ភាគីសៀមទេ ហើយក៏អាចនិយាយបានថា កម្ពុជាមិនបារម្ភដែរ តែអ្វីដែលមិនអាចទទួលយកបាននោះគឺអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មដែលកម្ពុជាមានកម្រិតទាបជាងភាគីសៀមរួចទៅហើយមិនអាចទ្រាំទទួលយកតាមតែការនឹកឃើញពីភាគីសៀមបានទេ ដូច្នេះត្រូវបើកចំហឱ្យមានលំហូទំនិញជាធម្មតាឡើងវិញ ៕


ចែករំលែកព័តមាននេះ