ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពូកែបបួលលេងបៀរ និងវ៉ៃគ្នា មួយស្មើញឹកពេក ទ្រាំមិនបាន យកកែវ វ៉ៃក្បាល ដេរ ៤៥ថ្នេរ!

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល​៖ អំពើហិង្សា​មួយ បានកើត​ឡើង ដោយសារ​ទំនាស់​រឿង ឌឺដង​ខ្លាំងពេក ធ្វើអោយ​ជនសង្ស័យ ទ្រាំ​មិនបាន យក​កែវ​វ៉ៃ​ក្បាល បណ្តាលអោយ​ជនរងគ្រោះ របួស…

កណ្តាល​៖ អំពើហិង្សា​មួយ បានកើត​ឡើង ដោយសារ​ទំនាស់​រឿង ឌឺដង​ខ្លាំងពេក ធ្វើអោយ​ជនសង្ស័យ ទ្រាំ​មិនបាន យក​កែវ​វ៉ៃ​ក្បាល បណ្តាលអោយ​ជនរងគ្រោះ របួស បែកក្បាល​ហូរឈាម​។ ជនបង្ក និង​ជនរងគ្រោះ ជា​បុរស​ជនជាតិ​វៀតណាម​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១២ និង ៣០​នាទី នៅមុខ​រោង​លក់​កាហ្វេ​របស់​ឈ្មោះ ប៉ោ ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

​ជនរងគ្រោះ ឈ្មោះ ភូ យ៉ាំង​ក ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម និង​ជា​កម្មករ​បូម​ខ្សាច់ មាន​ទីលំនៅ ក្នុងភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ជននេះ រងរបួស​ចំនួន ៦​កន្លែង ដេរ​ចំនួន ៤៥​ថ្នេរ​។

​ចំណែក​ជនសង្ស័យ ឈ្មោះ ដាំង យ៉ាំង​ថា​ន់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នេសាទ​ត្រី មាន​ទីលំនៅ ក្នុង​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​ស្រុក​មុខកំពូល បានអោយដឹងថា នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង​០០​នាទី ជនសង្ស័យ បាន​ទិញ​ស្រា​បៀរ​កម្ពុជា ចំនួន ០៦​កំប៉ុង ទៅ​ផឹក​នៅមុខ​ផ្ទះ​ឪពុកក្មេក​របស់ខ្លួន ឈ្មោះ ឌាំ​ង  នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​ដំបង ជាមួយ​ឈ្មោះ វី និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ជា​អ្នក​ច្រូតស្មៅ​គោ ជនជាតិខ្មែរ​។

​លុះ​ផឹក​រហូតដល់​វេលា​ម៉ោង ១២ និង​០០​នាទី ជនសង្ស័យ ក៏​ឈប់​ផឹកស្រា​បៀរ ហើយ​ដើរទៅ​នោម នៅក្បែរ​រោង​លក់​កាហ្វេ​របស់​ឈ្មោះ ប៉ោង​។ ពេល​នោម​រួច ជនសង្ស័យ ក៏បាន​ដើរចូល​ទៅក្នុង​រោង​កាហ្វេ​របស់​ឈ្មោះ ប៉ោង ពេល​ចូល​ទៅដល់ ក៏​ឃើញ​ជនរងគ្រោះ និង​មនុស្ស​ផ្សេងទៀត ចំនួន ០៤​នាក់ កំពុង​លេងបៀរ ដាក់​បារី​។  ពេលនោះ ជនរងគ្រោះ បាន​បបួល​ជនសង្ស័យ លេងបៀរ ដាក់​បារី​។ បើ​ជនរងគ្រោះ ឈ្នះ​យក​ចំនួន ០២​កញ្ចប់ តែបើ​ជនសង្ស័យ​ឈ្នះ បាន​ចំនួន ០៤​កញ្ចប់​។ ពេលនោះ ជនសង្ស័យ បាន​ឆ្លើយថា «​អញ​អត់​លេង​ទេ ព្រោះ​អញ អ្នកក្រ​»​។ ភ្លាមនោះ ជនរងគ្រោះ ក៏​បបួល​ជនសង្ស័យ វាយ​គ្នា មួយ​ស្មើ ហើយ​ជនសង្ស័យ ក៏​ឆ្លើយថា «​អញ មិនមែន​អ្នក​ប្រដាល់​ទេ ហើយក៏​ស្ងាត់​មាត់​រៀងខ្លួន​»​។

​បន្ទាប់មក ជនរងគ្រោះ ក៏បាន​បបួល​ជនសង្ស័យ​លេងបៀរ​ទៀត​។ តែ​ជនសង្ស័យ​នៅតែ​ប្រកែក មិន​លេង​ជាមួយ ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា​។ ពេលនោះ ជនរងគ្រោះ ក៏បាន​ដាល់​ជនសង្ស័យ​ចំនួន ០១​ដៃ​ចំ​មុខ ហើយ​ជនសង្ស័យ ក៏​ស្ទុះ​ទៅយក​កែវ​កាហ្វេ វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​មាន​របួសស្នាម ដូច​បាន​រៀបរាប់​ខាងលើ​។ អ្នក​នៅ​ទីនោះ ក៏​បានមក​ចាប់ ឃាត់​ជនរងគ្រោះ និង​ជនសង្ស័យ បន្ទាប់មក បងប្អូន​ជនរងគ្រោះ ក៏បាន​នាំ​ជនរងគ្រោះ យកទៅ​ព្យាបាល របួស​នៅ​មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រកា​កោង​។

​ចំណែក​ជនសង្ស័យ ត្រូវបាន​បងប្អូន​រប​ស់ជន​រងគ្រោះ​មួយចំនួនទៀត ចាប់​ឃាត់ខ្លួន យកមក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដំបង​។

​ក្រោយពី​សមត្ថកិច្ច សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​កែវ វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាលឱ្យមាន​របួសស្នាម​ពិតមែន​។ ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិកា​រដ្ឋា​នគរបាល ស្រុក​មុខកំពូល​។ ករណីនេះ ជំនាញ និង​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ឆ ដា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ