ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ចាប់ខ្លួន​ថៃ​៧​នាក់ កម្ពុជា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​និង​តាម​អំណាច​យុត្តាធិការ​នៃ​ច្បាប់

13 ឆ្នាំ មុន

ជនជាតិថៃ៧នាក់ដែលត្រូវបានចាប់ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា ​កាលពី​ថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ​២០១០ ​និង​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​​ដំណើរ​​ការ ​និង​និតិវិធី​របស់​តុលា​ការ​កម្ពុជា​ទៅ​​លើ​ជន​ជាតិ​ថៃ​ទាំង​នោះ ​និង​ការ​ខិត​ខំ​បញ្ចៀស​​នូវ​​ការ​​ប្រឈម​មុខ​ដាក់​គ្នា ​គឺ​បាន​នាំ​ឱ្យ​ប្រទេស​​ទាំង​​ពីរ​កម្ពុជា-ថៃ​ ។ ​ក្នុង​ក្រសែ​ភ្នែក​នៃ​មហា​​ជន​​ជាតិ ​និង​អន្តរ​ជាតិ​ពី​ការ​រក្សា​បាន​នូវ​ទំនាក់​​ទំនង​​ល្អ ​ការធានា​បាន​នូវ​និរន្តភាព​ធុរៈ​កិច្ច​នៅ​​តាម​​តំបន់​ព្រំដែន​ ។ ​ជា​ពិសេស​ គឺ​សមិទ្ធផល

ជនជាតិថៃ៧នាក់ដែលត្រូវបានចាប់ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា ​កាលពី​ថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ​២០១០ ​និង​ការ​អនុវត្ត​យ៉ាង​ត្រឹម​ត្រូវ​តាម​​ដំណើរ​​ការ ​និង​និតិវិធី​របស់​តុលា​ការ​កម្ពុជា​ទៅ​​លើ​ជន​ជាតិ​ថៃ​ទាំង​នោះ ​និង​ការ​ខិត​ខំ​បញ្ចៀស​​នូវ​​ការ​​ប្រឈម​មុខ​ដាក់​គ្នា ​គឺ​បាន​នាំ​ឱ្យ​ប្រទេស​​ទាំង​​ពីរ​កម្ពុជា-ថៃ​ ។ ​ក្នុង​ក្រសែ​ភ្នែក​នៃ​មហា​​ជន​​ជាតិ ​និង​អន្តរ​ជាតិ​ពី​ការ​រក្សា​បាន​នូវ​ទំនាក់​​ទំនង​​ល្អ ​ការធានា​បាន​នូវ​និរន្តភាព​ធុរៈ​កិច្ច​នៅ​​តាម​​តំបន់​ព្រំដែន​ ។ ​ជា​ពិសេស​ គឺ​សមិទ្ធផល​ជា​ច្រើន​ដែលជាជោគជ័យរបស់ប្រទេស​កម្ពុជា ត្រូវ​បាន​ស្តែងចេញតាមរបៀបដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធីនិងតាមអំណាចយុត្តាធិការ​នៃច្បាប់ ។

ជនជាតិថៃទាំង៧នាក់ ដែលមានទាំងអ្នក​តំណាងរាស្ត្រទីក្រុងបាងកកម្នាក់ផង ត្រូវបាន​ចោទ​ប្រកាន់ពីបទឆ្លងដែនខុសច្បាប់។ បទចោទ​ចូលទីលានយោធាកម្ពុជាក្នុងបំណងទុច្ចរិត និង​បទចោទប្រកាន់បន្ថែមថ្មីមួយទៀតទៅលើជន​ជាតិថៃ២នាក់ក្នុងចំណោមនោះ គឺលោកវីរ៉ាក់​ ស៊ុមខ្វាមឃីត និងនាងរ៉ាទ្រី ភិផាត់ថៈណាផៃប៊ូន ពីបទប៉ុនប៉ងប្រមូលព័ត៌មាន ដែលនាំឱ្យអន្តរាយ​ដល់កិច្ចការការពារជាតិ ឬហៅថាបទល្មើសចារ​កម្ម ។ នេះជាការបង្ហាញពីភាព​រឹងមាំនៃសំណាញ់​ច្បាប់​របស់តុលាការកម្ពុជា ក្នុងចំណាត់ការដ៏​មាន​​ប្រសិទ្ធភាព ដើម្បីបញ្ចៀសបាននូវការ​ប្រឈម​មុខ​ដាក់គ្នាដ៏គ្រោះថ្នាក់ក្រៅប្រព័ន្ធច្បាប់ ​ឬអាចចាត់​ទុកថា ជាស្មារតីនៃការទទួលខុសត្រូវ​ក្នុងកំរិត​ខ្ពស់បំផុត​របស់ប្រមុខដឹកនាំនៃរាជរដ្ឋា​ភិបាល​កម្ពុជា ដើម្បីរក្សាបាននូវសន្តិសុខស្ថិរភាព​​នៅ​តាមខ្សែបន្ទាត់តំបន់ព្រំដែន និងកិច្ច​សហ​ប្រតិបត្តិ​ការគ្នា​ដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ។

ផ្តើមចេញពីសមាណចិត្ត និងដំណោះស្រាយ​នៃការយោគយល់ ដែលពុំមានវប្បធម៌សងសឹក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេចតេជោ ហ៊ុន សែន បានពញាក់អារម្មណ៍និងប្រែក្លាយ​គំនិតពីភាពចចេស​រឹងរូស​របស់​ថ្នាក់​ដឹកនាំប្រទេសថៃ នាំឱ្យមានការផ្លាស់ប្តូរ​ឥរិយា​បថពីការប្រកែកតវ៉ា និងការទាមទារឱ្យ​ដោះ​លែងថៃទាំងនោះដោយឥតលក្ខខណ្ឌ មក​ជា​ការ​ព្រមទទួលស្គាល់ការពិតថា ជនជាតិថៃទាំង៧​នាក់​​នោះ ពិតជា​បានឆ្លង​ដែនចូលមកក្នុងទឹកដី​កម្ពុជា​ដោយខុសច្បាប់ពិតប្រាកដ ហើយ​លោក​នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ក៏បាន​សុំ​ឱ្យ​ពួកគេទាំងអស់នោះ ត្រូវតែគោរព​សេចក្តី​សម្រេចរបស់តុលាការកម្ពុជាទៀតផង។

ការទម្លាក់ចុះនូវគំនិតមានៈ ដោយការចង់​ប្រើ​ឥទ្ធិពលប្រទេសខ្លួនធំ មកគាបសង្កត់កម្ពុជា​ដែលជាប្រទេសតូច ត្រូវបានវាយបំបាក់ ដោយ​ការលាតត្រដាងនូវភាពជាក់លាក់នៃទីតាំងពិត​ប្រាកដដែលត្រូវបានឈ្លានពានដោយថៃ នៅ​ចំណុចភូមិជោគជ័យ ។ ឃុំអូរបីជាន់ ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ  តាមរយៈរូបភាព​វីដេអូ ដែលថតដោយជនជាតិថៃជាប់ចោទ ហើយត្រូវបានផ្សព្វផ្សាយ(យូធូប) ជាសាធា​រណៈ គឺបានបង្ហាញពីចំណាត់​ការប្រកប​ដោយ​ប្រសិទ្ធភាព និងទាន់ពេលវេលាដែលជាផ្នែក​មួយដ៏សំខាន់ក្នុងកាតព្វកិច្ចការពារជាតិរបស់រាជ​រដ្ឋាភិបាលកម្ពុជា ។

ការចាប់ខ្លួនជនជាតិថៃទាំង៧រូប បានក្លាយ​ទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់​មានចំពោះទឹកចិត្តពលរដ្ឋកម្ពុជា។ ជាមួយការ​គាំទ្រនិងសាទរទៅនឹងចំណាត់ការរបស់រាជរដ្ឋា​ភិបាលកម្ពុជា​ ដោយសារតែមហាជន​ទូទៅបាន​កត់​សម្គាល់ឃើញពីសកម្មភាពរបស់ជនជាតិថៃ​ទាំង​នោះ ធ្លាប់បានប្រឆាំងជំទាស់ទៅនឹងការចុះ​ប្រាសាទព្រះវិហារខែ្មរចូលក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក និងការតវ៉ាចង់បានទឹកដីខ្មែរ ។ សកម្មភាពដែល​បង្ក​ឡើងដោយក្រុមជ្រុល​និយមអាវលឿងថៃ គឺបានបង្កប់ទៅដោយចរិត​នយោបាយ និងការយកការណ៍សម្ងាត់ក្នុងមូល​ដ្ឋាន​យោធាកម្ពុជា គឺពួកគេបានរំលោភយ៉ាង​កំរោល​លើគោលការណ៏ច្បាប់អន្តរជាតិ។ ដូច្នេះ ការអនុវត្តវិធានការផ្លូវច្បាប់ជារឿងអាទិភាព​ដែល​មិនអាចខ្វះបាន ដើម្បីទប់ទល់នឹងចរិត​ឈ្លាន​ពានមកលើទឹកដីកម្ពុជា ដោយឧបាយកល​ទុច្ច​រិតក្នុងផែនការគិតទុកជាមុននោះ ។

សមិទ្ធផលដ៏ធំធេង ដែលបង្ហាញពីភាព​ថ្លៃ​ថ្នូរ​ស្របច្បាប់និង​ទទួលស្គាល់ជាអន្តរជាតិនៃអធិប​តេយ្យព្រំដែនដ៏ច្បាស់លាស់រវាងកម្ពុជា-ថៃ  និង​ឯករាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា គឺការ​ព្រមទទួលយកការពិត ដើម្បីបញ្ចាប់នូវ​ការ​អះអាងពីសំណាក់ភាគីថៃ ដែលធ្លាប់តែ​បាន​លើក​​ឡើងថា តំបន់ដែលត្រូវបានចាប់ខ្លួន គឺ​ស្ថិត​នៅ​ក្នុង​ប្រទេសថៃ គឺពួកគេអាចបញ្ជូនភស្តុតាង​ទាំង​ឡាយទៅតុលាការបាន ប៉ុន្តែតាមរយៈ​កម្ម​វិធី​តុមូល​របស់ទូរទស្សន៍ASTV កាលពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១១ លោកនាយករដ្ឋ​មន្ត្រីថៃ​អាប់ភីស៊ីត វេចាជីវ៉ា បានទទួលស្គាល់ថា «ចំណុច​​ដែលជនជាតិថៃទាំង៧នាក់ត្រូវបាន​ខ្មែរ​ចាប់ខ្លួននោះ គឺជាទឹកដីរបស់ខ្មែរ ! មិនចាំបាច់​ទៅ​ពិសោធន៍​អ្វីទេ ពីព្រោះបាន​ទទួលសេចក្តី​រាយ​ការណ៍គ្រប់​ផ្នែកបានអះអាងដូចគ្នាថា ​ពិត​ជាទឹកដីរបស់ខ្មែរមានទាំង​រូបវីឌីអូទុកជាភស្តុ​តាង​ផងដែរ ។ ដូច្នេះមានន័យ​ថា​ ជនជាតិថៃ​ទាំង​​៧នាក់នោះពិតជាខុស! បន្ទាប់​ពីនេះសូម​មហា​​ជនថៃទោះជាអ្នកណា​ក៏ដោយ សូមកុំ​សង្ស័យ​តទៅទៀត ប្រយ័ត្នធ្វើឱ្យហេតុ​ការណ៍​ច្របូកច្របល់។ ទន្ទឹមនឹងនេះសូមឱ្យរង់ចាំ​ការ​កាត់ទោសរបស់តុលាការកម្ពុជាថា តើនឹងកាត់​សេចក្តី​ដោយ​វិធី​ណា? »។

នៅថ្ងៃដដែលនោះដែរ ទូរ​ទស្សន៍ASTV ក៏បានចាក់ផ្សាយឡើងវិញនូវបទសម្ភាសន៍​របស់​លោកប្រាវិទ វុងសុវណ្ណ រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិថៃ ដែលមានខ្លឹមសារថា «ទីកន្លែងដែល​ចាប់ខ្លួននោះជាកន្លែងរបស់ខ្មែរ! ​ខ្មែរគេនៅតាំង​ពីយូរមកហើយ គឺតាំងពីឆ្នាំ១៩៧៧ ។​ ទីនោះ​ជា​កន្លែងដែលកំណត់ថា ជារបស់កម្ពុជា។ ក្រោយ​ពីពិនិត្យមើលម្តងទៀតកាលពីឆ្នាំ២០០៦ ក៏ជា​ផ្នែក​មួយដែរដែលមានបង្គោលព្រំដែន ហើយថៃយើង​ ក៏ទទួលស្គាល់ថា ត្រង់នោះជារបស់​កម្ពុជា»។

បទបង្ហាញខាងលើនេះ គឺបានកើតមាន ឡើងក្រោយពេលដែលថ្នាក់ដឹកនាំថៃ ជាបន្ត បន្ទាប់ដែលក្នុងនោះមានទាំងលោកឧបនាយក រដ្ឋមន្ត្រីថៃ ស៊ូថេប ធឿងសុបាន់ និងលោក កាស៊ីត ភិរម្យ៉ា រដ្ឋមន្ត្រីការបរទេសថៃក៏បាន និយាយដែរថា ថៃទាំងនោះបានចូលជ្រៅមក ក្នុងទឹកដីកម្ពុជា ហើយលោកក៏បានជំរុញឱ្យ​តុលាការកម្ពុជា ពន្លឿនដំណើរការនីតិវិធីរបស់​ខ្លួន​​ឱ្យ​បាន​ឆាប់ និងការប្រកាសគោរពនូវសេចក្តី​សម្រេចរបស់តុលាការទៀតផង។
ដោយឡែក ភស្តុតាងសំខាន់មួយទៀតក្នុង​ចំណោមការព្រម​ទទួលយកនូវការពិតរបស់ក្រុម​មន្ត្រីថៃ ទៅនឹង​ចំណាត់ការរបស់កម្ពុជានោះ គឺ​តាមប្រភព​ព័ត៌​មាន Inn news កាលពីថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១១ ដែល​មេបញ្ជាការភូមិភាគ​២ថៃ លោកឧត្តម​សេនីយ៍ទោ ថៈវ៉ាត់ឆៃ សមុត​សាខន  បានចេញ​មក​អះអាងដែរថា «ត្រូវរង់​ចាំ​ដំណើរការ​របស់​តុលាការ ទន្ទឹមនឹងនេះត្រូវ​ទទួល​ស្គាល់ថា ជាជាតិថៃ៧​នាក់​ពិតជាបាន​បំពានចូល​ទឹកដីកម្ពុជា​តាមអំពើចិត្ត​ដែលមិន​បានជូនដំណឹងដល់សមត្ថកិច្ចជាមុន ។ ​ប្រសិនបើ​បានជូនដំណឹងជាមុននោះ ក៏នឹងគ្មាន​បញ្ហាពិបាក​ដោះស្រាយតាមក្រោយទេ ។ លោក​បាន​បន្តថា ប្រសិនបើនរណាចូលមកក្នុងទឹកដី​ថៃក្នុង​លក្ខណៈ​បែបនេះ ក៏ត្រូវចាប់ខ្លួនដូច​គ្នា​ដែរ ព្រោះ​​ជារឿងនៃសេចក្តីថ្លៃថ្នូរត្រូវតែផ្តល់​កិត្តិ​យស​ឱ្យគ្នាទៅវិញទៅមក»។

យោងតាមអំណះអំណាងដូចបានរៀបរាប់​មកនេះ យើងអាចសន្និដ្ឋានបានថា មេដឹកនាំនៃ​រដ្ឋាភិបាលថៃបានព្រមព្រៀងគ្នាជាធ្លុងមួយ ទទួល​ស្គាល់ថា ជនជាតិរបស់ខ្លួនដែលមាន​ចរិត​ដុតបញ្ឆេះកំហឹងនៃចរន្តជាតិ​និយមជ្រុល​ហួស​ហេតុ រហូតពួកគេបំពានចូលក្នុង​ទឹកដីកម្ពុជា​ដោយ​ខុសច្បាប់នោះ រដ្ឋាភិបាលថៃ​ត្រូវតែមាន​វិធានការទប់ស្កាត់ជាដាច់ខាត ពីព្រោះរឿងនោះ គឺជាទង្វើខ្វះសុចរិតភាពដែល​មិនបានឆ្លុះបញ្ចាំង​ពី ជាតិសាសន៍ដែលប្រកាន់​ខ្ជាប់នូវការគោរព​ច្បាប់​ទម្លាប់ឬជាប្រទេសជិត​ខាងល្អនោះឡើយ។

ទោះជាយ៉ាងណា គេបានកត់សម្គាល់ឃើញ​ថា នាពេលថ្មីៗនេះរដ្ឋាភិបាលថៃបានពង្រឹង​នូវ​ការទប់ស្កាត់យ៉ាងតឹងរឹង ដោយមិនអនុញ្ញាតឱ្យ​ក្រុមអ្នកតវ៉ាអាវលឿង មកបង្កការរាំងស្ទះដល់​ប្រជាជនរស់នៅតាមតំបន់​ព្រំដែននោះ​ឡើយ ។ ជាមួយគ្នានេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និង​​​បង្ហាញពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ មុនការសម្រេចរបស់តុលាការឱ្យជនជាតិថៃចំនួន​៦នាក់បាននៅក្រៅឃុំជាបណ្តោះអាសន្ន គេ​បាន​​មើលសង្កេត​ឃើញថា រដ្ឋាភិបាលថៃបាន​ដោះ​លែង និងបញ្ជូនត្រឡប់មកវិញ នូវពលរដ្ឋ​ខ្មែរប្រមាណជិត២០០នាក់ដែលត្រូវបានចាប់ខ្លួន​ជា​បន្ត​បន្ទាប់នាពេលកន្លងមក​ ។

ក្នុងចំណោម​នោះមាន​ពល​រដ្ឋខ្មែរខ្លះ មិនត្រឹមតែពាក់ព័ន្ធនឹង​បទ​ល្មើស​ព្រហ្មទណ្ឌប៉ុណ្ណោះទេ គឺមានការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទៀតផង តែត្រូវបានដោះ​លែង​ឱ្យមាន​សេរីភាពប្រឡប់មករស់នៅក្នុង​ប្រទេសកំណើត​របស់ខ្លួន​វិញ ​ ។ ជាការចាប់​អារម្មណ៍មួយទៀត នោះកាល​ពីថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០១១ សមត្ថ​កិច្ចថៃ ក៏បានចាប់ខ្លួន​មេដឹកនាំបណ្តាញអ្នក​ស្នេហា​ជាតិ​ថៃមា្នក់ គឺលោកChaiwat Sinsu​vong  ដោយចោទ​ប្រកាន់​ពីបទទាក់ទងទៅ​នឹង​ការឡោមព័ទ្ធ​ព្រលានយន្តហោះកាលពីឆ្នាំ​២០០៨។ បើយោង​តាមព័ត៌មានដែលទទួល​បាន​មុនពេលចាប់ខ្លួន គឺលោកChaiwatបានដឹកនាំ​ក្រុមអ្នកគាំទ្រ​អាវ​លឿងដើម្បីផ្ញើញត្តិប្រឆាំងនឹង រដ្ឋាភិបាលថៃទៅ​កាន់ព្រះមហាក្សត្រ ហើយ​ក្រុម​នេះក៏បានចោទ​ប្រកាន់រដ្ឋាភិបាលថៃថា ខ្វះ​ការគ្រប់គ្រងលើ​បញ្ហានៃការបោះបង្គោល​ព្រំដែន​ជាមួយប្រទេស​កម្ពុជាផងដែរ។

ដូច្នេះការសម្រេចជាឆន្ទានុសិទ្ធិរបស់​សាលា​ដំបូង និងសាលាឧទ្ធរណ៍នៃតុលាការកម្ពុជា ដែល​បានអនុញ្ញាតដោះលែងជនជាប់ចោទជា​ជនជាតិថៃ៦នាក់ឱ្យនៅក្រៅឃុំជាបណ្តោះ​អាសន្ននោះ គឺជាសញ្ញាមួយដ៏ល្អនៃការបន្ធូរ​បន្ថយ​ភាពតានតឹង និងការរក្សាបាននូវទំនាក់​ទំនង​ល្អ​ផ្នែកការទូត ការធានាបាននូវស្ថិរភាព និងបាន​ជួយសម្រួលដល់ការប្រកបរបររកទទួល​ទាន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងគ្នា​ទៅ​​វិញ​ទៅមករបស់ប្រជាជន​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរដែលជានិរន្តភាពនៃធុរកិច្ច ប្រក្រតីភាព​នៃការចេញចូលរបស់ភ្ញៀវទេសចរ។​ ជាពិសេស គឺបានបង្ហាញប្រាប់ពិភពលោកថា កិត្តិយស ​កិត្យានុភាព ការឯកភាពជាតិ និង​កិច្ចការការពារ​ទឹកដី គឺត្រូវបានរាជ​រដ្ឋាភិបាល​គោរពយ៉ាង​ម៉ឺង​ម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូច​ជាភាពរឹងមាំ​នៃអំណាចតុលាការដែលជាស្ថាប័ន​ឯករាជ្យនៅ​ក្នុងប្រទេសកម្ពុជាដែលបានក្លាយ​ទៅជា​គំរូដ៏ល្អនៃ​មាគ៌​ា​សន្តិភាពសម្រាប់បណ្តា​ប្រទេសក្នុងតំបន់​និង​នៅលើសកលលោក ៕
 ( ពូន​ សំរេច​ )