ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វេង សាខុន ៖ ទីផ្សារត្រីបានគ្រប់គ្រងដោយឈ្មួញនាំចូល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយការលើកឡើងពីភាពរីកចម្រើននៃការចិញ្ចឹមត្រីនៅកម្ពុជា ទំាងត្រីទឹកសាប និងសមុទ្រ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានទទួលស្គាល់ថា ទីផ្សារនៅកម្ពុជាមានបញ្ហាមួយចំនូន…

រាជធានីភ្នំពេញ ៖ ជាមួយការលើកឡើងពីភាពរីកចម្រើននៃការចិញ្ចឹមត្រីនៅកម្ពុជា ទំាងត្រីទឹកសាប និងសមុទ្រ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានទទួលស្គាល់ថា ទីផ្សារនៅកម្ពុជាមានបញ្ហាមួយចំនូន នៅក្នុងនោះទីផ្សារភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូល ដែលធ្វើឱ្យមានការជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជាកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ ។

តាមឯកឧត្តមរដ្ឋមន្រ្តីផលលំបាកសម្រាប់អ្នកចិញ្ចឹមនៅមានទៀតក្នុងនោះ ប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាង ដែលមានតម្លៃថោក កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់ ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា ជន់ជោរទៅតាមរដូវ នៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ  កូនត្រីពូជដែលមានគុណភាពបម្រើឱ្យការធ្វើវារីរប្បកម្មមិនទាន់បានបំពេញតម្រូវការរបស់វារីវប្បករ ការកែច្នៃ និងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត ។ 

ការរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើឱ្យតម្រូវការសាច់ត្រីមានការថយចុះ ដោយសារការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន និងចំណីត្រីសម្រេច (ចំណីត្រីផលិតពីរោងចក្រ) រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតចំណីត្រីឡើងថ្លៃ ជាដើម ។ នេះបើតាមរៀបរាប់របស់ឯកឧត្តមរដ្ឋមន្រ្តី ។

ចាប់ពីថ្ងៃទី ១ ខែមករា រហូតដល់បច្ចុប្បន្ន ផលសរុបវារីវប្បកម្មទទួលបានមានចំនួន ១៥១,៤៥៧.២៨ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២ កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាបរួមមាន ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម ។

ដើម្បីដោះស្រាយបញ្ហាប្រឈមដល់វិស័យវារីវប្បកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់ការលើកកម្ពស់ ការគាំទ្របច្ចេកទេសកែច្នៃផលវារីវប្បកម្មឆ្លើយតបតាមស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មសេរី និងការចងក្រងបណ្តុំវារីវប្បករ និងបណ្តុំអាជីវករ និងអ្នកប្រមូលទិញ ចងក្រងបណ្តុំវារីវប្បករទៅតាមតំបន់នីមួយៗឱ្យបានសមស្រប ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ងាយស្រួលក្នុងការផ្តល់បច្ចេកទេស ឥណទាន និងទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ