ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទើប​ភ្ញាក់​ពី​ដំណេក រថយន្ត​យី​ឌុ​ប​ដឹកឈើ​3​គ្រឿង ផុត​ពី​ត្បូងឃ្មុំ​ចាប់​ជាប់​នៅ​ព្រៃវែង

8 ឆ្នាំ មុន

ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់ ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កា.ប់​បំផ្លាញ​ព្រៃឈើ

ខេត្តព្រៃវែង ៖ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់ ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ឈើ​ហាក់​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​នោះ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​៣​គ្រឿង លោត​ឆត្រ​ដឹកឈើ​អារ​ប្រភេទ​លេខ​១ ពេញ​ណែន​តាម​ផ្លូវជាតិ​លេខ​១១ ។

លោក​ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៨ មក​រា សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ដឹកនាំ​ដោយ​លោក​ជិត តារា នាយ​រង​ខណ្ឌ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់​រថយន្ត​យី​ឌុ​ប​៣​គ្រឿង ផ្ទុក​ឈើ​ខុសច្បាប់ ហើយ​ព្យាយាម​គេច​ពី​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ត្បូងឃ្មុំ ។ គេ​បម្រុង​ដឹកឈើ​ទាំងនោះ​យក​ទៅ​ចែកចាយ​បន្ត​ឱ្យ​តាម​ដេប៉ូ​លក់​ឈើ​នៅ​ខេត្តព្រៃវែង និង​មួយ​ចំនួន អាច​របូត​ធ្លាក់​ទៅ​ដល់​ប្រទេស​វៀតណាម ។

លោក​ឃឹម អូន មិន​បានឱ្យ​ដឹង​ពី​ចំនួន​ឈើ​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ ។ ការ​ចាប់​បាន​រថយន្ត​ទាំង​៣​គ្រឿង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ក្បាល​បឹង​១​គ្រឿង និង​ពានា​ខាងជើង​២​គ្រឿង ក្នុង​ឃុំ​អម្ពិល​ក្រៅ ស្រុក​សុ​ី​ធរ​កណ្តាល ខេត្តព្រៃវែង ។
សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រៃវែង ហើយ​កំពុង​ឱ្យ​កម្មករ​រើ​ឈើ​ចុះ​ពី​រថយន្ត ដើម្បី​វាស់វែង គិត​ជា​ម៉ែត្រគូប ។

លោក​ឃឹម អូន មិន​បានឱ្យ​ដឹង​ទេ​ថា ឈើ​ទាំង​៣​រថយន្ត​យី​ឌុ​ប​នោះ ជា​របស់​បុគ្គល​ណា​ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា កំពុង​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​ឱ្យ​ចូលខ្លួន​ដោះស្រាយ​តាម​ច្បាប់ ។

តាម​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​ជំនាញ​ម្នាក់​ជា​ជំហាន​ដំបូង​ថា ឈើ​ទាំង​៣​រថយន្ត​យី​ឌុ​ប​នោះ មាន​ប្រហែល​ជាង​៤០​ម៉ែត្រគូប ។
ប្រជាពលរដ្ឋ​បាន​សាទរ​នឹង​ចំណាត់ការ​របស់​សមត្ថកិច្ច តែ​ពួក​គាត់​បាន​បន្លុយ​ពាក្យ​ថា «​អ្នក​ឡើង​បាន​តែ​បេះ ឯ​អ្នក​ប្រលេះ​បាន​ស៊ី​ឆ្អែត​» ៕​