រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿងដែលផ្ទុកអេតចាយខ្ពស់កប់ពពកត្រូវកម្លាំងប៉ូលិសខណ្ឌដង្កោឃាត់ទុក ព្រោះការផ្ទុកបែបនេះខុសច្បាប់ចរាចរណ៍ទាំងស្រុង មិនតែប៉ុណ្ណោះ មានមនុស្ស៣ទៅ៤នាក់ជិះនៅលើបាវអេតចាយនោះទៀតផង ។ ក្រោយពេលប៉ូលិសចាប់ឃាត់ទុក មានសុទ្ធតែថ្នាក់ឧត្តមសេនីយ៍យោធា និងជំទាវចេញមុខមកអន្តរាគមន៍សុំឱ្យដោះលែងវិញ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃត្រង់ ទី៥ មីនា ឆ្នាំ២០១១ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ ។
ប៉ូលិសបានឱ្យដឹងថា រថយន្តទាំង២គ្រឿងនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទាំង២គ្រឿង ដែលក្នុងនោះ១គ្រឿងចំណុះ១តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2F-9157 និង១គ្រឿងទៀតចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3A-9805 ។ ប្រភពដដែលបន្តថា រហូតមកដល់ពេលនេះនៅមិនទាន់ស្គាល់ថៅកែច្បាស់លាស់នៅឡើយ ព្រោះអ្នកចេញមុខដោះស្រាយសុទ្ធតែរុញគ្នាពីម្នាក់ទៅម្នាក់ រហូតពេលនេះ ធ្លាក់ដល់អ្នកមានបុណ្យស័ក្តិធំ ថ្នាក់ឧត្តមសេនីយ៍ និងជំទាវ ចេញមុខមកដោះស្រាយអន្តរាគមន៍សុំឱ្យដោះលែងរថយន្តនោះទៅវិញ ប៉ុន្តែលោកប៊ន សំអាត អធិការប៉ូលិសខណ្ឌ មិនព្រម ។
ប្រភពបានបន្តទៀតថា រថយន្តទាំងនេះសុទ្ធតែផ្ទុកអេតចាយលើសកំណត់ ដែលតាមច្បាប់គឺអនុញ្ញាតឱ្យដឹកហួសដំបូលត្រឹមកម្ពស់យ៉ាងច្រើនកន្លះម៉ែត្រ ប៉ុណ្ណោះ និងលៀនទៅក្រោយហួសទ្រុងត្រឹមកន្លះម៉ែត្រ ។ ប៉ុន្តែពួកគេមិនអនុវត្តតាមច្បាប់កំណត់ បានដាក់ខ្ពស់ជាងដំបូលជាង២ម៉ែត្រ និងលៀនទៅក្រោយ២ម៉ែត្រទៀតដែលប្រការនេះ អាចធ្វើឱ្យរថយន្តឃ្លេងឃ្លោង ទប់លំនឹងពុំបានក្រឡាប់ជាញឹកញាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាបន្តបន្ទាប់ ។ មន្ត្រីប៉ូលិសមួយរូបនិយាយថា មន្ត្រីដែលមានបុណ្យស័ក្តិធំថ្នាក់ឧត្តមសេនីយ៍ ឬជំទាវមិនគួរចេញមុខមកអន្តរាគមន៍ចំពោះរឿងអនាធិបតេយ្យ មិនគោរពច្បាប់បែបនេះទេ គួរតែខ្មាសគេផង កុំចេះតែចេញមុខមកកាងទាំងបំពានច្បាប់នោះ៕
ចែករំលែកព័តមាននេះ