រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ខ្មៅ មួយគ្រឿង ដែលម្ចាស់ស្រវឹងជោកបានបើកបុករបាំងថ្មខណ្ឌចែកផ្លូវ ហើយឡើងជិះពីលើជាប់ទៅមុខលែងរួច ពុំបង្កឱ្យមនុស្សរងរបួសឡើយ ចំណែករបាំងថ្មបានរងការខូចខាតតិចតួចប៉ុណ្ណោះ ។ គ្រោះថ្នាក់ចរាចរណ៍បើករថយន្តឡើងជិះលើរបាំងថ្ម នេះត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៩ មីនា ២០១១ លើវិថីកម្ពុជាក្រោម ចំណុចភ្លើងស្តុបសន្ធរម៉ុក មុខសណ្ឋាគាររីហ្គែល ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
រថយន្តដែលជួបគ្រោះថ្នាក់ម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ឆ-១៩៦៦ ភព២ បើកបរដោយឈ្មោះនេត្រ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៣០ ផ្លូវលេខ១២៨ ខណ្ឌ៧មករា ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើត ហេតុ គេឃើញរថយន្តខាងលើបានធ្វើដំណើរតាមមហាវិថីម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ។ នៅពេលធ្វើដំណើរមកដល់ស្តុបសន្ធរម៉ុក ក៏បានបត់ស្តាំតាមវិថីកម្ពុជាក្រោម ហើយបានជ្រុលចង្កូតបុករបាំងថ្មខណ្ឌចែកផ្លូវ និងឡើងជិះពីលើរបាំងថ្មហើបផុតកង់ ។
តាមព័ត៌មានបានឱ្យដឹងទៀតថា នៅពេលបើកឡើងរបាំងថ្ម រថយន្តខំប្រឹងបើកលើរបាំងថ្មទាំងផុតកង់ បានប្រមាណ៦ម៉ែត្រ ទើបទៅមុខលែងរួច ។ ខណៈនោះគេឃើញអ្នកបើកបរបានចុះពីលើរថយន្តស្រវឹងជោកជាំ ពេលសមត្ថកិច្ចប៉ូលិសចុះមកដល់ដើរសំពះប៉ូលិសរហូត ។ រថយន្តត្រូវប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចបញ្ជូនទៅកាន់ការិយាល័យដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ