រាជធានីភ្នំពេញ ៖ យុវសិស្សវិទ្យាល័យជា ស៊ីម សាមគ្គី ម្នាក់ត្រូវបានក្រុមយុវជនកាយឫទ្ធិ ចាប់ខ្លួនប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍បឹងសាឡាង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ មីនា ២០១១ នៅពេលដែលធ្វើសកម្មភាពយកប្រេងកាតទៅស្រោចពីលើយុវសិស្សស្រីដែលរៀនថ្នាក់ជាមួយគ្នា ហើយគំរាមដុតទាំងរស់ ។ ការយកប្រេងមកស្រោចលើមិត្តរួមថ្នាក់គំរាមដុតនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់យុវសិស្សដូចគ្នា ហើយសកម្មភាពនៃការចាប់ខ្លួនយុវសិស្សរូបនេះត្រូវបានយុវសិស្សដូចគ្នាថតជារូបភាពវីដេអូបញ្ជូនឱ្យគ្នាមើលតាមទូរស័ព្ទពីមួយទៅមួយ ។
យុវសិស្សដែលត្រូវចាប់ខ្លួនត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះរឿន គា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩H1 វិទ្យាល័យជា ស៊ីម សាមគ្គី មានទីលំនៅផ្ទះលេខ១៦០ ក្រុម៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកយុវសិស្សស្រីឈ្មោះមាស ចាន់ដាណែត អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៣C ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ តាមព័ត៌មានឱ្យដឹងថា មូលហេតុឈានដល់ការយកប្រេងកាតចាក់ស្រោចលើយុវសិស្សស្រីរៀនថ្នាក់ជាមួយគ្នានេះគឺដោយសារតែយុវសិស្សប្រុសនោះមានទំនាស់គ្នាជាមួយយុវសិស្សស្រី រឿងថតរូបហើយ យុវសិស្សស្រីហៅយុវសិស្សប្រុស«អាឆ្កែ» ក៏មានគំនុំយកប្រេង និងដែកកេះពីផ្ទះទៅចាក់លើដើម្បីគំរាមតែម្តង ។
តាមយុវសិស្សដែលត្រូវចាប់ខ្លួនបានឱ្យដឹងថានៅព្រឹកថ្ងៃទី២៥ មីនា នៅក្នុងវិទ្យាល័យជាស៊ីម សាមគ្គី ខ្លួនបានទាញទូរស័ព្ទថតមិត្តភក្តិប្រុសរបស់ខ្លួន ហើយត្រូវបានយុវសិស្សស្រីដែលនៅក្បែរនោះស្មានតែគេថតរូបខ្លួនក៏បានឱ្យលុបចេញ តែរូបគេប្រាប់ថា មិនបានថតរូបនាងទេ ។ នៅពេលនោះក៏មានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយក៏បានបែកគ្នាទៅ ។ លុះក្រោយមកពេលចេញលេងយុវសិស្សស្រីឈ្មោះមាស ចាន់ដាណែត បានដើរមកក្បែរខ្លួនហើយបានហៅ«អាឆ្កែ» ធ្វើឱ្យរូបគេខឹង និងមានគំនុំ ហើយនៅព្រឹកថ្ងៃទី២៦ មីនា ខ្លួនបានយកប្រេងកាត និងដែកកេះមកតាម ពេលកំពុងរៀនក៏បានយកប្រេងកាតនោះស្រោចទៅលើក្បាល ដងខ្លួនមិត្តរួមថ្នាក់ស្រីនោះ ហើយគំរាមថា កុំឈ្លើយទៀត ។ ពេលស្រោចរួចក៏បានដើរចេញទៅក្រៅថ្នាក់ ហើយត្រូវក្រុមយុវជនកាយឫទ្ធិចាប់ខ្លួនតែម្តង ។ យុវសិស្សរូបនោះបានបញ្ជាក់ថា ខ្លួនគ្មានបំណង ចាក់ប្រេងដុតមិត្តភក្តិរួមថ្នាក់នោះទេ គឺគ្រាន់តែគំរាមតែប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ