ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​កូ​កា កូ​ឡា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ​២០១៥ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា កូ​ឡា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា និង​សហភាព សហព័ន្ធ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ​២០១៥ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា កូ​ឡា បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា និង​សហភាព សហព័ន្ធ​កម្ពុជា បាន​នាំ​យក​កម្មវិធី​ចលនា​កីឡា​អូ​ឡាំ​ពិ​កមក​កាន់​ប្រទេស​កម្ពុជា ។ កម្មវិធី​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា និង​មានការ​ចូលរួម​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អ្នកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា លោក​ដេ​វី​ដ វី​ង​ហ្គ​ល់​វើត នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា កូ​ឡា និង​លោកគ្រូ អ្នកគ្រូ​តំណាង​សាលា​ជា​ច្រើន​នាក់​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ដេ​វី​ដ វី​ង​ហ្គ​ល់​វើត នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា កូ​ឡា បាន​ថ្លែង​ថា  កម្មវិធី​អូ​ឡាំ​ពិ​កតាម​រយៈ​ចលនា  គឺជា​កម្មវិធី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា រស់នៅ​ដោយ​មាន​សុខភាព​ល្អ សប្បាយ​រីករាយ និង​មាន​ភាព​រស់​រវើក ហើយ​សកម្មភាព​នេះ មិនមែន​ត្រឹមតែ​ជា​កម្មវិធី​មួយ​នោះ​ទេ តែ​វា​ជា​របៀប​រស់នៅ​របស់​បុគ្គល​គ្រប់​រូប ជា​ពិសេស​ការ​ធ្វើ​លំ​ហត់​ប្រាណ​មាន​សារ​ប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​គ្រប់​រូប និង​ជា​គន្លឹះ​នៃ​ការ​រក្សា​ទម្ងន់​យ៉ាង​ល្អ​ផង​ដែរ ។

នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា កូ​ឡា រូប​នេះ​បាន​បន្ត​ទៀត​ថា តាម​បទ​ពិសោធន៍​ជាង​២៣​ឆ្នាំំ​របស់​ក្រុមហ៊ុន លោក​តែងតែ​ខិតខំ​ព្យាយាម​ជា​អ្នក​ជិតខាង​ល្អ និង​ជា​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ដែល​ជាទី​ទុក​ចិត្តជា​និច្ច ហើយ​លោក​នឹង​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ​តទៅ​មុខ​ទៀត​។

 ដោយឡែក​លោក​វ៉ា​ត់ ចំរើន  អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការ​អប់រំ​អូ​ឡាំ​ពិ​ក គឺ​នាំ​មក​នូវ​ព្រឹត្តិការណ៍​កីឡា​មួយ​ដ៍​ល្អជា​ការ​ប្រកួតប្រជែង​គ្នា ដើម្បី​កីឡា ដោយ​ក្នុង​នោះ​ត្រូវការ​ស្មារតី​ជា​ក្រុម ការ​សហការ​គ្នា​ជា​ក្រុម និង​មាន​ស្មារតី​ល្អ​បាន លុះត្រាតែ​មាន​កាយសម្បទា​មាំមួន​។
លោក​វ៉ា​ត់ ចំរើន បាន​បន្ត​ទៀត​ថា ការ​អប់រំ​ទស្សនវិជ្ជា​អូ​ឡាំ​ពិ​ក ជា​ការ​អប់រំ​យ៉ាង​ល្អ​សម្រាប់​សិស្សានុសិស្ស​ទាំងអស់ ជា​ពិសេស​អ្វី​ដែល​យើង​ធ្វើ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ក្នុង​សាលា និង ក្រៅ​សាលា​បាន​យល់​ដឹង​ជ្រួតជ្រាប ព្រោះ​ពេល​ខ្លះ​សកម្មភាព និង​អ្នក​ដែល​មានចិត្ត​ស្រលាញ់​កីឡា​ភាគច្រើន គឺជា​អ្នក​ដែល​នៅ​ក្រៅ​សហគមន៍​។ កម្មវិធី​នេះ ធ្វើ​ឡើង​រយៈពេល​៦​ខែ ដោយ​មាន​ទាំង​ការ​បណ្តុះ​គំនិត ទ្រឹស្តី​ឱ្យ​ស្គាល់​តម្លៃ​អប់រំ​កាយ និង​កីឡា​ឱ្យ​យល់ និង​ចេះ​សម្រេចចិត្ត​ទទួលខុសត្រូវ​ជាដើម​។​

តំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ ត្រូវ​បាន​កំណត់​យក​វិទ្យាល័យ​ចំនួន​៤ ក្នុង​រាជធានី​ភ្នំពេញ រួម​មាន វិទ្យាល័យ​ឥន្ទ្រ​ទេវី សាលា​អន្តរជាតិ CIA វិទ្យាល័យ​ស៊ី​សុ​វិ​ត្ថ និង​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័​ន្ត​។ ទោះជា​យ៉ាងណា​កម្មវិធី​នេះ ក៏​បាន​បើក​យ៉ាង​ទូលាយ​ដល់​សាធារណជន​ទូទៅ​ដែល​ស្រលាញ់​វិស័យ​កីឡា​ទាំងអស់ និង​មាន​បំណង​ចូលរួម​កម្មវិធី​នេះ​ផង​ដែរ​រ​។

ចំពោះ​ការ​ប្រកួត គឺ​មាន​២​តំណាក់កាល  តំណាក់កាល​ទី​មួយ​ធ្វើ​នៅ​ក្នុង​សាលា​ដែល​ជាទី​កន្លែង​សម្រាប់​យុវ​ជំទង់​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ចំណោម​មិត្ត​រួម​សាលា​របស់​ខ្លួន មុន​នឹង​ឈាន​ទៅ​តំណាក់កាល​ផ្តាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការ​ប្រកួត​ក្នុង​សាលា គឺ​អាច​នឹង​ចាប់ផ្តើម​ធ្វើ​នា​ខែកុម្ភៈ ហើយ​កាលបរិច្ឆេទ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​តាម​វិទ្យាល័យ​នីមួយ​ៗ​មាន​គំលាត​ពី​គ្នា​រយៈពេល​១​ខែ បន្តបន្ទាប់​រហូត​ដល់​ការ​ផ្តាច់ព្រ័ត្រ​។

សូម​បញ្ជាក់​ថា កម្មវិធី​ចលនា​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៣  ដើម្បី​ឱ្យ​យុវជន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រស់នៅ​យ៉ាង​សកម្ម​តាម​រយៈ​ការ​លេង​កីឡា​ជាមួយ​គ្នា ដោយ​មាន​គ្នីគ្នា​ច្រើន​ជា​លើក​ដំបូង​។ ការ​ប្រកួត​នេះ មាន​លក្ខណៈ​បុគ្គល និង​ជា​ក្រុម ដោយ​មាន​កីឡា​៩​ប្រភេទ​ផ្សេង​គ្នា ដូច​ជា បាល់ទាត់ បាល់ទះ គ្បា​ច់​គុន​ល្បុក្កតោ រត់ប្រណាំង ចោលដុំដែក លោត​ចម្ងាយ និង​ការ​រាំ​អារ​រ៉ូ​ប៊ី​ក​។ ដោយឡែក​សម្រាប់​កម្មវិធី​អូ​ឡាំ​ពិ​ក តាម​រយៈ​ចលនា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកតម្កើង​ស្មារតី​ជា​ក្រុម ដោយ​មានការ​ផ្តល់​រង្វាន់​ជា​លក្ខណៈ​បុគ្គល​អ្នក​ទទួល​បាន​ជ័យ​លា​ភី​ពី​ការ​ប្រកួតប្រជែង​តាម​សាលា ហើយនឹង​ការ​ផ្តល់​រង្វាន់​ជា​ក្រុម​រួម​គ្នា​ទាំងអស់​សម្រាប់​សាលា​ដែល​ទទួល​បាន​ជ័យ​លា​ភី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំពោះ​វគ្គ​ផ្តាច់ព្រ័ត្រ​រង្វាន់​សម្រាប់​សាលា​ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ទឹកប្រាក់​៤.០០០​ដុល្លារ លេខ​២ ទឹកប្រាក់​៣.០០០​ដុល្លារ និង​លេខ​៣ ចំនួន​២.០០០​ដុល្លារ​៕