ក្រុងប៉ោយប៉ែត ៖ ធុងបាស់ចំនួន៤ស្ថិតនៅក្នុងរទេះអូសចេញពីទឹកដីសៀមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលស្ត្រីម្នាក់ជាម្ចាស់អះអាងថា នាំយកទៅប្រើប្រាស់ មិនមែនយកទៅលក់ដូរ ហើយក៏ជារបស់ដែលគេប្រើប្រាស់រួចទៀតផងនោះ គេឃើញអូសចូលទៅទឹកដីសៀមវិញ បន្ទាប់ពីឆ្លងស្ពានមិត្ត ភាពកម្ពុជា-ថៃមកដល់ខាងដីខ្មែរទាំងម្ចាស់ធុង និងអ្នកអូសរទេះហើយនោះដោយប្រាប់ថា គេទារលុយថ្លៃពេក ក្នុងតម្លៃរហូតដល់ទៅ២ពាន់បាត ខណៈខ្លួន (ម្ចាស់) ឱ្យ១.០០០បាត ហើយលោកគយមិនព្រមយក ។
ស្ត្រីម្ចាស់ធុងបាស់ពុំប្រាប់ពីអត្តសញ្ញាណឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែប្រាប់ថា គាត់រស់នៅក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ធុងបាស់លើរទេះដែលគាត់ជួលកម្មករអូសចេញពីដីសៀមអូសទៅមកលើស្ពានមិត្តភាពកម្ពុជា-ថៃ បានមួយសន្ទុះក៏អូសត្រឡប់មកដីខ្មែរវិញ ។ ខណៈរទេះមកដល់ចំណុចត្រួតពិនិត្យរបស់មន្ត្រីគយនៅចំណុចខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាត់បានចូលបង់លុយឱ្យ។ ប៉ុន្តែពេលចេញពីចំណុចមន្ត្រីគយមកដល់មន្ត្រី២កន្លែងទៀត ស្ត្រីម្ចាស់ធុងបាស់ស្រក់ទឹកភ្នែកលើកដៃសំពះសុំការលើកលែងដោយរៀបរាប់ថា ការជួលគេអូសចេញនិងបង់ឱ្យគយអស់លុយ ទើបមន្ត្រីទាំង២កន្លែងនោះ ទើបមានការអាណិតមិនបង្កការលំបាកដល់គាត់ឡើយ ។
ប្រភពពីមន្ត្រីទាំងពីរស្ថាប័នខាងលើឱ្យដឹងថា ពួកលោកមានការអាណិតអាសូរពេលឃើញម្ចាស់ធុងបាស់សម្រក់ទឹកភ្នែកយ៉ាងដូច្នេះ ដោយស្ត្រីនោះប្រាប់ថា នាងមានជំងឺខ្សោយបេះដូង ទើបមិននិយាយឱ្យផ្ទុះកំហឹង ព្រោះខ្លាចស្ទះ ទើបយំយ៉ាងដូច្នេះ ព្រោះតែតូចចិត្ត ។ ម្ចាស់ធុងបាស់ប្រាប់បន្តថា មុនការអូសចូលទៅដីថៃវិញ គឺលោកគយទារ២.០០០បាត ពេលគិតថា ថ្លៃទើបអូសត្រលប់ទៅវិញ ប៉ុន្តែពេលឮថា របស់ ឬទំនិញចេញពីសៀម ហើយមិនអាចចូលវិញបានទើបអូសត្រឡប់មកដីខ្មែរវិញ ។ ស្ត្រីម្ចាស់ធុងបាស់បន្តទៀតថា មុនការរួចពីចំណុចបង់លុយនៅខ្លោងទ្វារប្រាសាទកំពូលបី គឺមន្ត្រីគយយកលុយពីគាត់១.២០០បាត តែលោកគយក៏បានប្រាប់ថា ឱ្យឆ្លើយត្រឹមតែ៤០០បាត បើមានការសួរនាំ ។
ជុំវិញបញ្ហាខាងលើនេះលោកអ៊ុំ ស៊ីផល មន្ត្រីគយប្រចាំខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពដោយផ្ទាល់ថា ការអូសធុងបាស់លើរទេះរបស់ស្ត្រីនោះ ខណៈមកដល់ចំណុចឈរជើងរបស់លោកគឺលោកបានព្យាយាមណែនាំឱ្យទៅបង់ពន្ធ នៅឯស្នាក់ការគយ និងរដ្ឋាករច្រកទ្វារ ប៉ុន្តែបែរជាស្ត្រី ម្ចាស់ធុងបាស់មិនទៅហើយអង្វរពួកលោកសុំធ្វើការដោះស្រាយ ។ ទោះបីជាបែបណា មន្ត្រីគយខាងលើមិនបានរៀបរាប់ពីចំនួនលុយដែលទទួលយកពីស្ត្រីម្ចាស់ធុងបាស់ទេ៕



ចែករំលែកព័តមាននេះ