ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ភ្នំពេញ​ក្រោ​ន បង្ហាញ​ពី​ការ​ផលិត​ធនធាន​ឈុត​ថ្នាល​យុវជន​-​នារី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​នាយក​បច្ចេកទេស​ក្លឹ​ប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្លិប​«​សិង្ហ​ក្រហម​»

រាជធានីភ្នំពេញ ៖ តាម​ការ​បញ្ជាក់​របស់​នាយក​បច្ចេកទេស​ក្លឹ​ប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្លិប​«​សិង្ហ​ក្រហម​» បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ការ​ផលិត​ធនធាន​ថ្នាល​យុវជន​-​នារី នៅ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​នេះ​យ៉ាង​សកម្ម ដើម្បី​វិស័យ​បាល់ទាត់​។ លោក ស៊ុ វ​ណ្ណា ហាក់​មាន​ជំនឿ​ចិត្ត​ថា ធនធាន​ដែល​ខ្លួន​ខំ​ផលិត​ក្នុង​ពេល​ដែល​អ្នក​ស្រលាញ់​កីឡា​ភាគច្រើន​មិនសូវ​ហ៊ាន​នេះ នឹង​បម្រើ​វិស័យ​បាល់ទាត់​បាន​ល្អ​នោះ​ផង​។

លោក ស៊ុ វ​ណ្ណា បាន​បញ្ជាក់​ថា «​សម្រាប់​ការងារ​បណ្តុះបណ្តាល​យុវជន​បាល់ទាត់​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នេះ ដែល​មិន​ទាន់​អាច​ហ្វឹកហាត់​លក្ខណៈ​ប្រមូលផ្តុំ​បាន​ឡើយ​។ តាម​កម្មវិធី​ហ្វឹកហាត់​នេះ គឺ​ការ​ហ្វឹកហាត់​តាម​ប្រព័ន្ធ Zoom និង​កម្មវិធី​ហ្វឹកហាត់​កាយសម្បទា ដោយ​ឲ្យ​ពួក​គាត់​បញ្ជូន​វី​ដេ​អូ​ខ្លី​ៗ មក​ក្រុមការងារ​របស់​គ្រូ​បច្ចេកទេស​វិញ ដូច​ជា​លោក លី ហៀ​ង​, លោក កែវ សុខ​ង៉​ន និង​ខ្ញុំ​ផ្ទាល់ និង​ក្រុមការងារ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​អភិវឌ្ឍ​បច្ចេកទេស​លើ​ថ្នាល​យុវជន​ជា​ច្រើន​ឈុត​នេះ​»​។

នាយ​កប​ច្ចេ​ទេស​រូប​នេះ​បន្ថែម​ថា ក្រុម​យុវជន​បាល់ទាត់​ជា​ច្រើន​ឈុត​នេះ គឺ​មានកម្ម​វិធី​ហ្វឹកហាត់​ផ្សេង​ពី​គ្នា ដូច​ជា​ឈុត​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ , ឈុត​ក្រោម​១៨​ឆ្នាំ​, ឈុត​ក្រោម​២១​ឆ្នាំ និង​ក្រម​ឈុត​ធំ​នារី ដែល​ទាំង​៤​ឈុត​នេះ​ក្រៅពី​ការ​ហ្វឹកហាត់​ត្រៀម មិន​ទាន់​មានការ​ប្រកួត​អ្វី​ឡើយ ដោយសារ​ការ​ប្រកួត​នានា​ត្រូវ​បាន​ផ្អាក ក្នុង​បរិបទ​កូ​វី​ដ​-១៩​។ សរុប​ឈុត​យុវជន និង​ឈុត​ធំ​នារី​មាន​ចំនួន ១៥០​នាក់​។

មុន​ពេល​មក​កាន់​តួនាទី​ជា​នាយក​បច្ចេកទេស នៅ​ឆ្នាំ​២០២១​នេះ លោក ស៊ុ វ​ណ្ណា ធ្លាប់​បាន​កាន់កាប់​ដំណែង​ជា​គ្រូ​បង្គោល​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន បាន​ជិត​២​រដូវ​កាល គឺ​រដូវ​កាល ២០១៩-២០២០​។ លោក ស៊ុ វ​ណ្ណា ជា​គ្រូបង្វឹក​មាន​វិញ្ញាបនបត្រ AFC A-License ហើយ​បាន​បញ្ចប់​ការ​សិក្សា​ជា​គ្រូឧទ្ទេស​កម្រិត FIFA​។ លោក​សង្ឃឹមថា តាម​រយៈ​ការ​ខិតខំ​លើ​ការងារ​អភិវឌ្ឍ​ថ្នាល​យុវជន ក្រោម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន នឹង​ជំរុញ​ដល់​ការ​បណ្តុះបណ្តាល​ពួក​គេ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្លឹ​ប និង​ក្រុម​ជម្រើសជាតិ​កម្ពុជា នា​ពេល​អនាគត​។

ជា​គោលដៅ គឺ​យើង​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ចក្ខុវិស័យ​របស់​ក្លឹ​ប ដោយ​ពង្រឹងគុណភាព​លើ​ឈុត​យុវជន​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត ក្នុង​នោះ​នឹង​ពង្រឹង​លើ​ឈុត​តូច​ៗ រហូត​ដល់​ឈុត​U21 និង​បង្កើត​ធនធាន​ថ្មី​ៗ​ចន្លោះ​ពី​៥ ទៅ​៧​នាក់ ក្នុង​១​ឆ្នាំ​ៗ ដើម្បី​ជួយ​ផ្គត់ផ្គង់​ទៅ​លើ​ក្រុម​ឈុត​ធំ សម្រាប់​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នា​រដូវ​កាល​បន្តបន្ទាប់​។ ជាមួយ​គ្នា​នោះ យើង​ក៏​ពិនិត្យ​មើល និង​ព្យាយាម​កែ​លម្អ​ទៅ​លើ​ទីលាន​ហ្វឹកហាត់ ទីលាន​ប្រកួត ស្វែងរក​កីឡាករ​ល្អ​ៗ​មក​ពី​តំបន់​ផ្សេង​ៗ​មក​ចូលរួម​ក្នុង​ក្លឹ​ប ជា​ពិសេស​គឺ​ជួយ​លើកកម្ពស់​បន្ថែម​ដល់​គុណភាព សមត្ថភាព​គ្រូបង្វឹក​នានា ដើម្បី​ពង្រឹងគុណភាព​បន្ថែម ក្នុង​ការ​គ្រប់គ្រង ហ្វឹកហាត់​នៃ​ក្រុម​ឈុត​នីមួយ​ៗ ដែល​គ្រូបង្វឹក​របស់​ក្លឹ​ប​ទាំងនោះ​ទទួល​បន្ទុក​។

លោក ស៊ុ វ​ណ្ណា បាន​លើក​ឡើង​តួនាទី​ជា​នាយក​បច្ចេកទេស​មាន​វិសាលភាព​ធំ ដោយ​ត្រូវការ​ពេលវេលា​ច្រើន ក្នុង​ការ​ស្វែងរក​ធនធាន ការ​បណ្តុះបណ្តាល ការ​អង្កេត​មើល​កីឡាករ រួម​ទាំង​ការ​អង្កេត​មើលគ្រូ​បង្វឹក​ផង​ដែរ​។ ទោះ​យ៉ាងនេះ​ក្តី ការងារ​នេះ​មិន​ច្រើន​ដូច​ការងារ​ដឹកនាំ​ក្រុម​ឈុត​ធំ​ប៉ុន្មាន​ទេ ដោយសារ​ក្រុម​ឈុត​ធំ​ត្រូវការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​កម្រិត​ខ្ពស់​ជាង ការ​រៀបចំ​គម្រោង​ជាមួយ​កីឡាករ គ្រូបង្វឹក ក៏​ដូច​ជា​ការ​ដោះស្រាយ​ពេល​ហ្វឹកហាត់ និង​ការ​ប្រកួត​របស់​កីឡាករ ដោយ​ត្រូវ​សិក្សា​លម្អិត​ទាំង​មុន​ពេល​ប្រកួត ក្នុង​ពេល​ប្រកួត និង​ក្រោយ​ពេល​ប្រកួត​ជាដើម​។

គួរ​រំឭក​ថា លោក ស៊ុ វ​ណ្ណា ជា​អតីត​គ្រូបង្វឹក​នៅ​ក្លឹ​ប​បាល់ទាត់​ស៊ី​ម៉ាក់ និង​វេ​ស្ទើ​ន ហើយ​បាន​មក​ជួយ​ដឹកនាំ​គ្រូ​បង្គោល​នៅ​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន​ជិត​ពីរ​រដូវ​កាល​ចុង​ក្រោយ​។ កាលពី​រដូវ​កាល ២០២០ លោក​បាន​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដណ្តើម​បាន​លេខ​៣ នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ចំណាត់ថ្នាក់​លេខ​៤ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ