ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​យូ​ណេ​ស្កូ​ចប់​បេសកកម្ម ក្រុម​អ្នកជំនាញ​នឹង​ទៅ​ពិនិត្យ​ការ​ខូចខាត​ប្រាសាទព្រះវិហារ​ពេល​បរិស្ថាន​សុវត្ថិ​ភាពល្អ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​​ដាច់​ដោយ​ឡែក​ជា​មួយ​លោកឧប​​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ​បេសកជន​ពិសេស​នៃ​អង្គការ​​យូណេស្កូ​​​បាន​សន្យា​ថា លោកនឹង​ជម្រាប​ជូនលោក​ជំទាវ​​អគ្គ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​ពីបញ្ហា​នានា​ដែល​លោក​ទទួលបាន​នេះ ដើម្បីរៀបចំ​បញ្ជូន​ក្រុម​អ្នក​​បច្ចេក​ទេស​​មកពិនិត្យ​​​វាយតម្លៃ​ការ​ខូចខាត​​ប្រាសាទ​ព្រះវិហារពេល​មាន​បរិស្ថាន​​សុវត្ថិភាព​ល្អ ដើម្បី​​ធ្វើការ​ជួសជុល ។ សូម​បញ្ជាក់​ដែរថា បេសក​ជន​ពិសេស​រូបនេះ​ក៏​បាន​​ច្រានចោល​ដែរ​ សំណើ​ពីភាគី​​ថៃ​ឱ្យ​ដក​ប្រា​​សាទ​ព្រះ​វិហារ​ចេញពី​បញ្ជី​​បេតិកភណ្ឌ​​ពិភព​លោក ។

នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ជួបពិភា​ក្សា​ការ​ងារ​ជា​មួយ​លោក​កូ​អីុជីរ៉ូ ម៉ាត់​ស៊ូ​អ៊ូរ៉ា (Koichiro matsuura) បេសកជន​ពិសេស​របស់​អង្គ​ការ​យូ​ណេ​ស្កូ ។ ​នៅ​ក្នុង​ជំនួបពិភា​ក្សា​​នោះ​ជាមួយ​នឹង​ការបង្ហាញ​ផែន​ទី​​ដង​រែក​ដែល​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​សម្រាប់​បែង​ចែក​ព្រំ​ដែន​រវាង​ប្រទេស​​ទាំង​ពីរ​កម្ពុជា​-ថៃ និងផែន​ទី​​ចម្លែក​ផលិត​ដោយ​ភាគីថៃ ដើម្បី​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​ក៏ដូច​ជា​ការ​ខូច​ខាត​ប្រា​សាទ​ព្រះវិហារ​​ដែល​បង្ក​ឡើង​ដោយគ្រាប់​កាំ​ភ្លើង​ផ្លោង​​របស់ភាគី​ថៃ​លោក​បណ្ឌិត​សុខ អាន ​បាន​មាន​ប្រសាសន៍​​ជម្រាប​ជូ​នបេសក​ជន​ពិសេស​របស់​អង្គការ​យូ​ណេ​ស្កូ​​​ថា ​កម្ពុជាមានការព្រួយបារម្ភ​ និងសោក​ស្តាយ​ចំពោះ​​​ការ​ខូច​ខា​តប្រាសាទ​ព្រះវិហារ​​ដែល​ជា​​សម្បត្តិ​​​បេតិ​ក​ភណ្ឌ​ពិភព​លោក ។ ដោយ​បាន​រំលឹក​​ឡើង​អំពី​ព្រះ​បដិ​មា​ពុទ្ធ​សាសនា​បុរាណ​​ដែល​​ត្រូវ​បំផ្លិច​បំផ្លាញ​​​​នៅក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​ ហើយ​ទទួលបាន​ការ​ថ្កោល​ទោស​​ពីអន្តរ​ជាតិ​នោះ​ លោក​សុខ អាន បាន​អំពាវនាវ​​​សុំ​ឱ្យ​​​មាន​ការ​​ជួយសហ​ការ​​ពី​អន្តរ​ជាតិ ​​​ពិសេស​អង្គ​ការ​យូ​ណេ​ស្កូ​ ដើម្បី​ការ​ពារ​​ និងសង្គ្រោះ​ប្រា​សាទ​ព្រះ​វិហារ​ដែល​ជា​សម្បត្តិ​​មនុស្ស​ជាតិអំពី​ការ​បំផ្លិចបំផ្លាញ ។

មាន​ប្រសាសន៍​​​ក្នុង​ជំនួប​​នោះ​ លោកកូអ៊ីជី​រ៉ូ ​ម៉ាត់ស៊ូ​អ៊ូរ៉ា ​បាន​ថ្លែង​​អំណរគុណ​​ចំពោះ​​ព័ត៌​មាន​​​នានា​ដែល​បាន​​ផ្តល់​​ដោយ​លោក​​សុខ​ អាន ។ ​លោក​មាន​​ប្រសាសន៍​ចាប់​អារម្មណ៍​ថា អង្គ​ការ​យូ​ណេ​ស្កូ​​មិនបាន​នៅ​ស្ងៀម​​ចំពោះ​​បញ្ហា​ការ​ខូចខាត​នៃប្រាសាទ​​ព្រះ​វិហារ​​ទេ ។ លោក​បេស​ក​ជន​ពិសេស​​របស់​អង្គ​ការ​យូ​ណេ​ស្កូ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​​​លោក​គាំទ្រ​​ការសម្រេច​របស់​ក្រុមប្រឹក្សា​​សន្តិ​សុខ ​អង្គ​ការ​​សហ​ប្រជា​ជាតិ​​​ និង​អាស៊ាន ​ហើយ​លោក​នឹង​ជម្រាប​ជូន​លោកជំទាវ​អគ្គ​នាយក​​អង្គ​ការ​យូណេ​ស្កូ​ពីបញ្ហា​ដែល​លោក​​ទទួល​បាន​នៅ​កម្ពុជា​ ដើម្បី​​រៀបចំ​បញ្ជូន​​ក្រុម​អ្នក​បច្ចេកទេស​​មកពិនិត្យ​​វាយ​តម្លៃ​​ការខូច​ខាត​ប្រាសាទ​ព្រះ​វិហារ​ពេលមាន​បរិ​ស្ថាន​​​សុវត្ថិភាព​ល្អ ដើម្បី​ធ្វើ​ការ​ជួ​ស​ជុល ។

  • ថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវនូវ​ទង្វើ​របស់​ខ្លួន​ដែល​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ សាសនា និង​វប្ប​ធម៌

លោក​ទិត សារុន​រ៉េត ទីប្រឹក្សា​អម​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​បញ្ចេញ​ទស្សនៈ​ថា នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​បាញ់​បំផ្លាញ​វត្ត​អារាម​ខ្មែរ ជា​ពិសេស​ប្រាសាទ​ព្រះ​វិហារ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ដែល​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ សាសនា និង​វប្ប​ធម៌ ពី​ព្រោះ​ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ជុំ​វិញ​​នោះ​មិន​មែន​ជា​របស់​ថៃ​ទេ។

ក្រោយ​ពី​ថៃ​បាន​ធ្វើ​សង្គ្រាម​ក្នុង​មហិច្ឆតា​ឈ្លាន​ពាន​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ កន្លង​មក​នោះ ប្រាសាទ​ព្រះ​វិហារ​បាន​ត្រូវ​ទទួល​រង​នូវ​គ្រាប់​កាំភ្លើង បណ្តាល​ឱ្យ​បែក​បាក់​តួ​ប្រាសាទ ខ្លោង​ទ្វារ និង​ផ្នែក​ជា​ច្រើន​នៃ​ប្រាសាទ។ ថ្នាក់​ដឹក​នាំ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ភ្លាម​ៗ​នោះ​បាន​ស្នើ​សុំ​កិច្ច​អន្តរា​គមន៍​ពី​សហ​គមន៍​អន្តរ​ជាតិ​បន្ទាន់​ផង​ដែរ។ ដូច្នេះ​វត្ត​មាន​របស់​លោក KOICHIRO MATSUURA ដែល​ជា​បេសក​ជន​ពិសេស​របស់​អង្គ​ការ​យូណេស្កូ មក​កម្ពុជា​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​កម្ពុជា​ដើម្បី​សុំ​ការ​ជួយ​សង្គ្រោះ​ប្រាសាទ​ដ៏​ល្បី​ល្បាញ​នោះ។ ដូច​ប្រសាសន៍​របស់​លោក​សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដែល​បាន​ប្រាប់​ទៅ​អ្នក​សារ​ព័ត៌​មាន បន្ទាប់​ពី​ជំនួប​ផ្ទាល់​រវាង​រូប​លោក ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​មួយ​លោក KOICHIRO MAT​SUURA ថា «យើង​ចង់​បញ្ជាក់​ឱ្យ​ដឹង​ច្បាស់​ថា យូណេស្កូ​ត្រូវ​តែ​មាន​សកម្ម​ភាព​ដ៏​សកម្ម​របស់​ខ្លួន​ក្នុង​ការ​បំពេញ​ភារ​កិច្ច ការ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ការ​ពារ និង​ការ​ស្រោច​ស្រង់​ប្រាសាទ​ព្រះ​វិហារ​ជា​ទីសក្តារៈ»។

ជា​មួយ​គ្នា​នេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន បាន​មាន​ប្រសាសន៍​បន្ត​ថា «អ្វី​ដែល​យើង​ចង់​បាន​បន្ត​ទៀត គឺ​យើង​ចង់​ឱ្យ​មាន​ការ​ពិនិត្យ វាយ​តំលៃ​ពី​ការ​ខូច​ខាត​ដែល​ថៃ​បាញ់​គ្រាប់​កាំភ្លើង​ផ្លោង មក​លើ​ប្រាសាទ​ព្រះ​វិហារ​ជាង​៤០០​គ្រាប់ ទាំង​តូច​ទាំង​ធំ ក្នុង​នោះ​ប៉ះ​ត្រូវ​ខ្លោង​​ទ្វារ​ប្រាសាទ និង​វត្ត​ ហើយ​យើង​ក៏​បាន​បង្ហាញ​​ប្រាប់​លោក KOI​CHIRO MAT-SUUTA ផង​ដែរ​ថា ថៃ​បាន​ប្រើ​គ្រាប់​បែក​ចង្កោមដែល​ពិភព​លោក​ហាម​ឃាត់» ។ ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អ្នក​សារ​ព័ត៌​មាន ក្រោយ​ពី​ជំនួប​ពិភាក្សា​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី សុខ អាន លោក KOICHIRO MASTUUTA បាន​មាន​ប្រសាសន៍​ថា «យូណេស្កូ​ គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ ជា​អ្នក​សម្រប​សម្រួល​អព្យា​ក្រឹតដោយ​មិន​កាន់​ជើង​ប្រទេស​ណា​មួយ​នោះ​ទេ» ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ ASTV Manager online ចុះ​ផ្សាយ​ថ្ងៃ​ទី​១ ខែ​មីនា​ ឆ្នាំ​២០១១ បាន​ស្រង់​សំដី​របស់​លោក KO-ICHIRO MATSUURA ប្រេសិត​ពិសេស​របស់​អង្គ​ការ​យូ​ណេ​ស្កូ​ថ្លែង​ថា «មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ក្នុង​ការ​ដក​ប្រាសាទ​ព្រះ​វិហារ​ចេញ​ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​» ។ លោក​បាន​បន្ត​ថា កន្លែង​បេតិក​ភណ្ឌ​ពិភព​លោក​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​យូ​ណេ​ស្កូ​ ។ ដូច្នេះ​អ្នក​ជំនាញ​យូ​ណេ​ស្កូ​ នឹង​ចាត់​អ្នក​តំណាង​មក​វាយ​តម្លៃ​ និង​ជួស​ជុល​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ពេល​អនា​គត​។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក KOICHIRO MATSUURA ដែល​បាន​ថ្លែង​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​។​

ចម្លើយ​របស់​លោក KOICHIRO MATSUURA គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​ទះ​កំផ្លៀង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​ថៃ​​មាន​លោក​អាប់​ភី​ស៊ីត​ និង​លោក​កាស៊ីត​ ភីរម្យ ដែល​បាន​និយាយ​បំផ្លើស​ថា លោក KOICHIRO MATSUURA គាំ​ទ្រ​ឱ្យ​មាន​ការ​ផ្អាក​ផែន​ការ​គ្រប់​គ្រង និង​អភិរក្ស​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជាសំណើ​របស់​កម្ពុជា​។ យើង​បាន​ដឹង​ហើយ​ថា កន្លងមក​ថៃ​បាន​រារាំង​អង្គ​ការ​យូ​ណេ​ស្កូ​ដែល​នឹង​ឱ្យក្រុម​ការ​ងារ​របស់​ខ្លួន​ទៅ​ពិនិត្យ​ការ​ខូច​ខាត​របស់​ប្រាសាទ​ព្រះ​វិហារ​ និង​ថៃ​បាន​បំភិត​បំភ័យ​ UNESCO ក្នុង​ការ​ទៅ​ពិនិត្យ​ដល់​ទី​កន្លែង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ថៃ​បាន​បាញ់​គ្រាប់​ផ្លោង​កាំ​ភ្លើង​ធំ​ទៅ​លើ​តួ​ប្រាសាទ​ព្រះ​វិហារ​ បណ្តាល​ឱ្យ​ខូច​យ៉ាង​ដំណំ​នោះ​​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្មាស​អៀន​ទៀត​នោះ​ គឺ​នា​ពេល​កន្លង​ទៅ​ថៃ​បាន​ជំទាស់​កម្ពុជា​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ក្រុង​ក្រៃ​ឆឺច​ប្រទេស​នូវែល​ហ្សេ​ឡង់​ និង​កាល​ពី​ឆ្នាំ​២០០៧​ការ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រុង​កេ​បិក​ ប្រទេស​កា​ណា​ដា​ ឆ្នាំ​២០០៨​ ហើយ​ថៃ​ក៏​បរា​ជ័យ​ក្នុង​ការ​រារាំង​ផែន​ការ​គ្រប់​គ្រង​​ការ​ពារ​ និង​អភិរក្ស​ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី​៣៤​នៅ​ក្រុង​ប្រេ​ហ្ស៊ីលី​យ៉ា​ ប្រទេស​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១០​ និង​ថៃ​បន្ត​រារាំង​នៅ​ប្រទេស​បារ៉ែន​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១១ ខាង​មុខ​នេះ​ទៀត​ ព្រម​ទាំង​ថៃ​បន្ត​រារាំង​រាល់​សហ​គមន៍​អន្តរ​ជាតិ​អ.ស​.ប​ និង​អង្គ​ការ​យូ​ណេ​ស្កូ​ទៅ​ពិនិត្យ​នៅ​ព្រំ​ដែន​កម្ពុជា​-ថៃ​ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេតិក​ភណ្ឌ​ពិភព​លោក​។

​សហ​គមន៍​អន្តរ​ជាតិ​ អ្នក​ដែល​មាន​បេះ​ដូង​ស្រឡាញ់​កេរដំណែល​វប្ប​ធម៌​នៃ​មនុស្ស​ជាតិ​ និង​អ្នក​ច្បាប់​អន្តរ​ជាតិ​នានា ជា​ពិសេស​អ្នក​ច្បាប់​ដែល​រៀប​ចំ​ច្បាប់​ការ​ពារ​ និង​អភិរក្ស​សម្បត្តិ​វប្ប​ធម៌​ដែល​ជា​កេរមរតក​​នៃ​មនុស្ស​ជាតិ​បាន​គាំ​ទ្រ​សំណើ​របស់​កម្ពុជា​ឱ្យ​បញ្ឈប់​អំពើ​ឈ្លាន​ពាន​ដ៏​សែន​គ្រោះ​ថ្នាក់​របស់​ប្រទេស​ថៃ និង​សូម​ឱ្យ​អង្គ​ការ​យូ​ណេ​ស្កូ​ ក្រុមប្រឹក្សា​សន្តិ​សុខ​​ អ.ស​.ប និង​សហ​គមន៍​អន្តរ​ជាតិ​ចូល​ទៅ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ដើម្បី​ការ​ពារ​ អភិរក្ស​ និង​គ្រប់​គ្រង​អភិវ​ឌ្ឍ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ដែល​ទទួល​នូវ​ការ​ខូច​ខាត​ជា​ដំណំ​ពី​សង្គ្រាម​ឈ្លាន​ពាន​ និង​ការ​បំផ្លិច​បំផ្លាញ​ពី​ប្រទេស​ថៃ​។

ផែន​ការ​រារាំង​ឱ្យ​មាន​ភាគីទី៣​ចូល​ក្នុង​កិច្ច​​ចរចា មិន​ឱ្យ​មាន​អ្នក​សង្កេត​ការណ៍​​អន្តរជាតិ​ នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ និង​មិន​ឱ្យ​មាន​បេសកជន​យូណេស្កូ​​មក​កម្ពុជា​​​ត្រួតពិនិត្យ​​វាយ​តម្លៃ​លើ​ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ​របស់​ភាគថៃ ត្រូវ​បរាជ័យ​ទាំង​ស្រុង​ដោយ​លោក​ KOICHIRO MATSUURA  បេសកជន​ពិសេស​យូណេស្កូ​ដឹកនាំគណៈ​ប្រតិភូ​របស់​អង្គការ​យូណេស្កូ​កម្ពុជា ព្រមទាំង​បាន​ទទួល​​នូវ​របាយ​ការណ៍​​ដ៏​សុក្រឹត​ពីភាគី​កម្ពុជា ស្តីពី​ការ​ខូចខាត​នៃតួ​ប្រាសាទ​​ព្រះ​វិហារ និង​តំបន់​ជុំ​វិញ​​នោះ ។ អំពើ​បំផ្លិច​បំផ្លាញ​​យ៉ាង​ដំណំ​ដ៏ព្រៃ​ផ្សៃ​របស់​​ថៃ​នៅ​សម័យ​បច្ចុប្បន្ន​​​នេះ​ ថៃ​ត្រូវ​តែទទួល​ខុស​ត្រូវ​ចំពោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​និងតុលាការ​ឧក្រិដ្ឋ​កម្ម​​អន្តរជាតិ​ពីបទរំលោភ​បំពាន​​សេចក្តី​​សម្រេច​របស់​មហា​សន្និ​បាត​​សហប្រជាជាតិ ដែល​កំណត់​អំពើ​ឧក្រិដ្ឋ​​ឈ្លាន​ពាន​(ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ១៩៧៤) អនុ​សញ្ញា​​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ អនុសញ្ញា​​ឆ្នាំ​១៩៧២ សេចក្តី​សម្រេច​​​របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​ស្តីពី​ប្រាសាទ​ព្រះ​វិហារ និង​អធិប​តេយ្យ​ភាព​​​បូរណភាព​ដែន​ដី​របស់​កម្ពុជា​​ឆ្នាំ​១៩៦២ ​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​​ប៉ារីស​ឆ្នាំ​១៩៩១ អនុសញ្ញា​ស្តីពី​ការ​​ហាម​ប្រើ​ប្រាស់​គ្រាប់​មីន​ចង្កោម​(ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០០៨) និង​អនុសញ្ញា​នានា​​ជា​ច្រើន​ទៀត ។

បេសកជន​ពិសេស​យូណេស្កូ លោក​ Koichiro Matsuura បាន​យក​ចិត្ត​ទុក​ដាក់​ត្រង​ស្តាប់​នូវ​របាយ​ការណ៍​របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា​ក្រោម​ការ​ដឹកនាំ​​ដ៏ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ស្តីពី​វិនាស​កម្ម​មហន្តរាយ​នៃ​កេរ​​ដំណែល​វប្បធម៌​នៃ​មនុស្ស​ជាតិ ប្រាសាទ​​ព្រះ​វិហារ​និង​តំបន់​​ជុំ​វិញ​ប្រាសាទ​ជា​​បេតិកភណ្ឌ​ពិភព​លោក​ដោយ​សង្គ្រាម​ឈ្លាន​ពាន​​របស់​ថៃ ។ បេសកជន​ពិសេស​​យូណេស្កូ​នេះ នៅ​ពេល​ត្រឡប់ទៅ​វិញ នឹង​រាយ​ការណ៍​ជូនអង្គ​ការ​យូណេស្កូ និងអំពាវ​នាវ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ចូល​ជួយ​សង្គ្រោះ​​ជាបន្ទាន់ ក្នុង​កិច្ច​ធានា​សន្តិភាព​​ដើម្បី​ការពារ អភិរក្ស និងគ្រប់​គ្រង​អភិវឌ្ឍន៍​​តំបន់​​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​បេតិ​កភណ្ឌ​ពិភព​លោក​ឱ្យ​ដូច​ជាកិច្ច​ការពារ​និង​អភិរក្ស​អង្គរដែរ ៕