ខេត្តកំពង់ឆ្នាំង ៖ កុមារ៤នាក់បងប្អូនបង្កើតបានក្លាយជាក្មេងកំព្រា ព្រោះតែឪពុកបោះបង់ចោលទៅមានប្រពន្ឋចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃបាត់ដំណឹងឈឹង សព្វថ្ងៃរស់នៅជាមួយជីដូនអាយុ៧៥ឆ្នាំ មិនអាចរកស៊ីចិញ្ចឹមចៅបានក្រៅពីចៅប្រុសច្បងអាយុ១៤ឆ្នាំ និង១២ឆ្នាំ ឆ្លៀតពីការរៀនសូត្រស៊ីឈ្នូលច្រូតស្រូវ និងលីសែងឈើឱ្យគេ ។ រស់ក្នុងក្តីវេទនាប៉ុណ្ណឹងហើយ មានបងប្រុសជីដូនមួយម្នាក់អាយុ៣៤ឆ្នាំ លួចចាប់រំលោភប្អូនស្រីទី៣ អាយុ១១ឆ្នាំ ជាច្រើនដង រួចរត់គេចខ្លួនបាត់ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកថែមទៀត ។
នៅលើកាំជណ្តើរមុខផ្ទះតូចមួយអមដោយចៅទាំង៤នាក់ លោកយាយ តៃ អាយុ៧៥ឆ្នាំ រស់នៅស្រុកទឹកផុស បានឱ្យដឹងថា ចៅគាត់ទាំង៤នាក់ ចៅបងបង្អស់ អាយុ១៤ឆ្នាំ និងចៅស្រីពៅមានអាយុ៩ឆ្នាំ ។ ម្តាយពួកគេទាំង៤នាក់ បានទៅធ្វើការនៅប្រទេសថៃយូរឆ្នាំហើយ ទៅមុនដំបូងធ្លាប់បានផ្ញើប្រាក់មកជួយចញ្ចឹមកូនខ្លះៗដែរ តែក្រោយមក ស្រាប់តែបាត់ដំណឹងឈឹងតែម្តង ។ ចំណែកឪពុកពួកគេវិញ ចុះចោលកូនទៅមានប្រពន្ឋថ្មីបាត់ទៅ ។ ពួកគេទាំង៤នាក់ ត្រូវធ្លាក់បន្ទុកមកលើគាត់ តែគាត់មិនអាចទៅរកស៊ីចិញ្ចឹមចៅបានឡើយ ។ សព្វថ្ងៃបានចៅប្រុសច្បងអាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់អាយុ១២ឆ្នាំ ទៅស៊ីឈ្នួលដឹកកណ្តាប់ ច្រូតស្រូវ និងលីសែងឈើឱ្យគេបានប្រាក់បន្តិចបន្តួច យកមកឱ្យគាត់ទិញអង្ករ និងម្ហូប ។
លោកយាយបានបន្តថា ក្រុមគ្រួសារគាត់ជួបទុក្ខវេទនាប៉ុណ្ណឹងហើយ មានអា ឈិន ខុម អាយុ៣៤ឆ្នាំ ជាបងប្អូនជីដូនមួយពួកគេទាំង៤នាក់ នៅភូមិជាមួយគ្នា បានចាប់ចៅស្រីទី៣ អាយុ១១ឆ្នាំ រំលោភជាច្រើនដងទម្រាំតែដឹង ឥឡូវវារត់ចោលស្រុកបាត់ហើយ ។
លោកយាយនិងចៅៗទាំង៤នាក់ បានលើកដៃសំពះសុំសប្បុរសជនជិតឆ្ងាយ មេត្តាជួយដល់ជីវិតពួកគាត់ផងព្រោះកំពុងជួបកង្វះខាតខ្លាំងណាស់ ។ ចំណែកកុមារទាំង៤នាក់ ក៏បានអំពាវនាវសប្បុរសជន សូមមេត្តាជួយឧបត្ថម្ភកង់១គ្រឿង សម្រាប់ជិះទៅរៀនផង ព្រោះសព្វថ្ងៃពេលទៅរៀនជិះកង់មួយ៤នាក់ ។
ពាក់ព័ន្ឋនឹងបទល្មើសខាងលើ លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឱ្យដឹងថា សំណុំរឿងក្មេងស្រីរងគ្រោះដោយការចាប់រំលោភនេះ បានមកដល់ដៃ នគរបាលខេត្ត និងដល់សាលាដំបូងខេត្តហើយដែរ តែជនល្មើសបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។
ជុំវិញព័ត៌មានខាងលើនេះ កោះសន្តិភាពក៏សូមអំពាវដល់សប្បុរសជននានាទាំងជិតឆ្ងាយ មេត្តាជួយគ្រួសារក្រីក្រខាងលើនេះផងដែរ ៕
ចែករំលែកព័តមាននេះ