រាជធានីភ្នំពេញ ៖ ផ្ទះមួយខ្នងស្ថិតក្នុងដីឡូត៍ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ពីសំណាក់អ្នករងគ្រោះ និងអ្នករស់នៅក្បែងខាង ខណៈការជញ្ជូនទ្រព្យសម្បត្តិគេចចេញពីចំណីភ្លើងបានតិចតួចបំផុត កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៤ មីនា ២០១១ នៅភូមិព្រៃរមាសទី២ សង្កាត់បឹងធំ ខណ្ឌដង្កោ។
បុរសម្ចាស់ផ្ទះឈ្មោះចឺ រ៉ាត់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះវ៉ែន សុខុម អាយុ៤៥ឆ្នាំ លក់គ្រឿងទេសក្នុងផ្ទះដែលឆេះនេះ…ទាំងពីរអ្នកប្តី-ប្រពន្ធបានឱ្យដឹងថា មូលហេតុកើតមានអគ្គីភ័យនេះគឺបណ្តាលមកពីបញ្ហាប្រព័ន្ធខ្សែភ្លើងផ្ទុះបង្កជាផ្កាភ្លើងឆេះឡើងតែម្តង ។ ទ្រព្យសម្បត្តិទាំងឡាយត្រូវភ្លើងលេបត្របាក់អស់ សូម្បីតែលុយកាក់លក់គ្រឿងទេស និងគ្រឿងទេស-អីវ៉ាន់ទាំងឡាយយកចេញមិនទាន់ទេ ចំណែកប្រាក់អាេមរិក៥ពាន់ដុល្លារ ដែលបានមកពីការលក់ដីដាក់ទុកក្នុងទូ ក៏យកចេញមិនទាន់ដែរ…ពោលគឺរត់ចេញបានតែខ្លួន និងសំបុកសម្បត្តិកំប៉ិកកំប៉ុកប៉ុណ្ណោះ។
អគ្គីភ័យនេះមិនរាលដាលដល់ផ្ទះអ្នកជិតខាងទេ ព្រោះផ្ទះជិតនោះមួយល្វែង គឺផ្ទះថ្ម និងមួយខ្នងទៀតគឺផ្ទះឈើ ប៉ុន្តែម្ចាស់ផ្ទះរបស់គេប្រើទឹកជះការពារយ៉ាងជាប់លាប់មិនឱ្យភ្លើងឆេះរាលដាលបានឡើយ ។ ទីបំផុតផ្ទះរងគ្រោះនេះត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ទន្ទឹមពេលគ្នានឹងអ្នកភូមិជួយដងទឹកជះពន្លត់ បានសល់ត្រឹមជញ្ជាំងធ្យូង និងសសរធ្យូងប៉ុណ្ណោះ…ចំណែករថយន្តពន្លត់អគ្គីភ័យ២គ្រឿង ធ្វើដំណើរមកកាន់កន្លែងកើតហេតុបានពាក់កណ្តាលផ្លូវក៏ត្រឡប់ទៅវិញ ខណៈដឹងថា ភ្លើងឆេះចាប់ផ្តើមរលត់អស់ហើយ ដោយសារតែវាឆេះឆ្អែតគឺស៊ីផ្ទះអស់១ខ្នង៕
ចែករំលែកព័តមាននេះ