ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បសុ​ព្យា​បាល​អត់​ច្បាប់​អនុ​ញ្ញាត​ដាក់​កុង​ត្រូល​ចាំ​ចាប់​រថ​យន្ត​ដឹក​គោ

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អនុ​វត្ត​ផែន​ការ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​ និង​យោង​តាម​អនុ​សាសន៍​លុប​បំបាត់​កុង​ត្រូល​ជជុះ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គណៈ​បញ្ជា​ការ​ឯក​ភាពស្រុក​ពញា​ឮ​សហ​ការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បាន​ដឹក​នាំ​កម្លាំង​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ក៏​ជួប​​ក្រុម​មន្ត្រីបសុ​ព្យា​បាល​របស់​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ដែល​មាន​លិខិត​បេសកកម្ម​ ប៉ុន្តែ​មិន​បាន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ និង​ពី​រដ្ឋ​បាល​ខេត្ត​ស្រាប់​តែ​មក​ដាក់​កុង​ត្រូល​ចល័ត​ឃាត់​​រថ​យន្ត​ដឹក​គោ​នៅ​ចំណុច​ភូមិ​ធ្យូង​ ឃុំ​វិហារ​ហ្លួង ស្រុក​ពញា​ឮ ។​

សូម​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៤ មីនា លោក​តុង ស៊ីវ​មី អភិ​បាល​ស្រុក​ពញា​ឮ​ លោក​ចេវ ឈី អភិ​បាល​រង​ស្រុក​ លោក​វរ​សេនីយ៍​ត្រី​ទឹម សាវុធ អធិការ​នគរ​បាល​ស្រុក​ និង​លោក​សែ​ ហាក់ មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ បាន​ដឹក​នាំ​កម្លាំង​​នគរ​បាល​៤​នាក់​ កង​រាជ​អាវុធ​ហត្ថ​៤​នាក់​ចុះ​ដើរ​ល្បាត​ការ​ពារ​សុវត្ថិ​ភាព​ភូមិ-ឃុំ​ក៏​​ជួប​ជាមួយ​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​របស់​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ចំនួន​បី​នាក់​មក​ដាក់​កុង​ត្រូល​ឃាត់​រថ​យន្ត​ដឹក​គោ​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​តា​កែវ ៣A០៦៦៧ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥។​ លោក​អភិ​បាល​ស្រុក​បាន​ថ្លែង​ថា ដោយ​យោង​តាម​អនុ​សាសន៍​របស់​រាជ​រដ្ឋា​ភិ​បាល​ស្តី​ពី​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​សមត្ថ​កិច្ច​​របស់​លោក​តែង​តែ​ចុះ​ដើរ​ល្បាត​ជា​រៀង​រាល់​ថ្ងៃ​ តែ​ពុំ​ឃើញ​មាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ស្រុក​ពញាឮ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ទេ​ ទើប​តែ​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឹ​នោះ​​ឃើញ​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​កំពុង​ឃាត់​រថ​យន្ត​ដឹក​គោ​ក៏​បាន​ធ្វើ​ការ​សាក​សួរ​ និង​ដឹង​ថា ពុំ​បាន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​​និង​មិន​មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋ​បាល​ខេត្ត​ឡើយ​។

លោក​អភិ​បាល​ស្រុក​បន្ត​ថា បន្ទាប់​មក​ក៏នាំ​​មន្ត្រី​បសុ​ព្យា​បាល​ទាំង​៣​នាក់​ និង​រថ​យន្ត​ដឹក​គោ​មក​ធ្វើ​​ការ​សាក​សួរ​ និង​ធ្វើ​កំណត់​ហេតុ​ ដែល​រួម​មាន​​ ១-ឈ្មោះ​សរ សេរីបុត្រ​, ២-ឈ្មោះ​ហ៊ុន សាវ៉ាត់ និង​៣-ឈ្មោះ​កាន់​ គន្ធា ​បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​រួច​មក​ សមត្ថ​កិច្ច​បាន​ឃាត់​រថ​យន្ត​ដែល​ជិះ​ធ្វើ​សកម្ម​ភាព​របស់មន្ត្រី​បសុ​ព្យា​បាល​ម៉ាក​កូរ៉ូ​ឡា​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​២H០២៣៨ ។ ឯមន្ត្រី​បសុ​ព្យា​បាល​ទាំង​បី​នាក់​នោះ​បាន​ចុះ​ហត្ថ​លេខា​ហើយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ និង​ឡើង​ទៅ​ដោះ​ស្រាយ​នៅ​សាលា​ខេត្ត​កណ្តាល​។

ចំណែក​រថ​យន្ត​ដឹក​គោ​ដែល​ឃាត់​​ដែរ​នោះ​មាន​​ម្ចាស់​​ឈ្មោះ​តេង ទី ភេទប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ច្រក​កេសា​ ឃុំ​ដង​ទង់​ ស្រុក​ដង​ទង់ ខេត្ត​កំពត​ តំណាង​ឱ្យ​ឈ្មោះ​ម៉ៅ យ៉ាត​។ បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​ និង​ពិនិត្យ​ឃើញ​មាន​លិខិត​អនុញ្ញាត​របស់​ការិយា​ល័យ​ផលិត​កម្ម​ និង​បសុ​ព្យា​បាល​ច្បាប់​ដើម​ពិត​ប្រាកដ​ហើយ​ក៏​ឱ្យ​រថ​យន្ត​នោះ​ត្រឡប់​ទៅ​វិញ​។ លោក​អភិ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរថា ការ​ដាក់​កុង​ត្រូល​ចល័ត​របស់​ក្រុម​មន្ត្រី​បសុ​ព្យា​បាល​នេះ​មិន​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ និង​មិន​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​បាល​ខេត្ត​ ហើយ​នៅ​ក្នុង​លិខិត​បញ្ជា​បេសកកម្ម​ក៏​ពុំ​មែន​ជិះ​រថ​យន្ត​ដូច​ខាង​លើ​ដែរ​ ។ ទាក់​ទិន​នឹង​ព័ត៌​មាន​មន្ត្រី បសុ​ព្យាបាល​ចាប់​រថ​យន្ត​ដឹក​គោ​នេះ អាជីវ​ករ​រកស៊ី​កាប់​គោ​បាន​ត្អូញ​ត្អែរ​ថា ធម្មតា​ការ​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​គោ​ពី​តាម​បណ្តា​ខេត្ត​នានា​មក​តែង​ជួប​ឧបសគ្គ​ខូច​រថ​យន្ត​ ដូច្នេះ​ការ​ដែល​ទៅ​ទិញ​នៅ​ថ្ងៃ​ទី​២៤ ទាល់​តែ​ធ្វើ​ដំណើរ​មក​ដល់​ត្រឹម​ម៉ោង​សូន្យ បើ​ហួស​តែ​កន្លះ​ម៉ោង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១២​ម៉ឺន​រៀល​។ អាជីវ​ករ​បាន​សំណូម​ពរ​ឱ្យ​មន្ត្រី​បសុ​ព្យា​បាល​គោរព​ច្បាប់​ផង​ ៕