ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង​គង់ សំបូរ ប៉ះ​ថៃ​ល្ងាច​ខាន​ស្អែក​នៅ​លើ​រេញ​អាស៊ី​អាគ្នេយ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ខាន​​ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ខាន​​ស្អែក​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នក​ស្នេហា​ការ​ប្រដាល់  ដោយសារ​តែ​កីឡាករ​ថៃ​ក៏​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ។

បើ​ទោះជា​ការ​ប្រកួត​កាលពី​ពេល​ថ្មី​ៗ​ទទួលលទ្ធផល​ឈ្នះ​ខ្លះ​ចាញ់​ខ្លះ ក៏​កីឡាករ​ផា​ន់ គ្រាន់​ទទួល​ការ​ចាប់អារម្មណ៍​គ្រប់ពេល​ឡើង​ប្រកួត​ដែរ​។ ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់​តែង​កោតសរសើរ​គេ​ថា ជា​កីឡាករ​ជើង​ថ្មី​សោះ ប៉ុន្តែ​អាច​បោះ​ជំហាន​វាយលុក​កីឡាករ​ល្អ​ឲ្យ​ស្គាល់​កម្រិត​ប្រកួត និង​ធ្វើ​ឲ្យ​កីឡាករ​ល្បី​ៗ​ឈ្នះ​ដោយ​ពិបាក​ភ្នែក និង​ទ្រម​ខ្លួន​ក្នុង​ពេល​ប៉ះ​គ្នា​ម្ដង​ៗ​នោះ​ផង ។ អ៊ីចឹង​ហើយ​ទើប​ក្រេ​ឌី​តរបស់​កីឡាករ​រូប​នេះ នៅ​តែ​មាន​អ្នកគាំទ្រ​ច្រើន​ដោយ​អាច​និយាយ​បាន​ថា ទោះជា​ការ​ប្រកួត​នា​ពេល​ថ្មី​ៗ​របស់​គេ​មិន​បាន​ឈ្នះ​គ្រប់​លើក ក៏​សន្ទុះ​គាំទ្រ​កើនឡើង​មិន​ទាន់​បាក់​ស្រុត​ទេ​មក​ទល់​នឹង​ពេល​នេះ ។

នៅ​ថ្ងៃ​សៅរ៍​ ទី​៩ មក​រា ខាន​​ស្អែក កីឡាករ ផា​ន់ គ្រាន់ នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Pravit នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ ជំនួប​របស់​គូ​នេះ អ្នក​ស្នេហា​វិស័យ​ប្រដាល់​យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​ផ្ដោតអារម្មណ៍​ចង់​មើល​ដោយសារ​កីឡាករ​កម្ពុជា​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​ជា​ជើង​ខ្លាំង ហើយ​កីឡាករ​ថៃ ក៏​មាន​អ្នកគាំទ្រ​នៅ​កម្ពុជា​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​ផង​ដែរ ព្រោះតែ​ពេល​កន្លង​មក​គេ​ធ្លាប់​ចុះ​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ហើយ​រមែង​ក្ដោប​យកជ័យ​ជម្នះ និង​ប្រជាប្រិយភាព​ត្រឡប់​ទៅ​វិញ ។

កីឡាករ Pravit ត្រូវ​គេ​ស្គាល់​រួច​មក​ហើយ​ថា ជា​កីឡាករ​ឆ្លង​ដែន​ដែល​មាន​ក្រេ​ឌី​ត​នាំមុខ ដ្បិត​ក្រៅពី​មាន​ស្នាដៃ​ក្នុង​ការ​ប្រកួត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ត្រូវចិត្ត គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ចំនួន​២​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ។  កាលពី​ឆ្នាំ​២០១៣ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​បាន​បរាជ័យ​ក្រោម​ដៃ​វង្ស ណ​យ ប៉ុន្តែ​អ្នក​ណា​ក៏​មើលឃើញ​ដែរ​ថា ការ​បរាជ័យ​របស់​គេ គឺជា​លទ្ធផល​ដែល​កើត​ចេញពី​ស្ថានភាព​ដែល​វង្ស ណ​យ កំពុង​ឡើង​សន្ទុះ ហើយ​លទ្ធផល​ដែល​បាន​ឈ្នះ​នា​ពេល​នោះ ត្រូវ​គេ​ចោទ​ថា​មក​ពី​វង្ស ណ​យ​ជា​កីឡាករ​កម្ពុជា ដែល​ថៃ​មាន​ប្រៀប​ល្មម​ៗ​ក៏​មិន​អាច​ឱ្យ​ឈ្នះ​ដែរ ។

លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​អះអាង​ថា កីឡាករ Pravit គឺជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​លោក​ក៏​មិន​ច្បាស់​ថា​គេ​នឹង​ឈ្នះ​កីឡាករ​ផា​ន់ គ្រាន់​នោះ​ដែរ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​លោក​ក៏​មិនសូវ​បាន​មើល​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ច្រើន ហើយ​កីឡាករ​ផា​ន់ គ្រាន់ មាន​កម្រិត​ប្រសើរ​មិន​ទាន់​ធ្លាក់ដៃ​។ លោក​ថា Pravit​ធ្លាប់​ប្រកួត​៩១​លើក ឈ្នះ​៧៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ហើយ​ចំណុច​ពិសេស​របស់​កីឡាករ​រូប​នេះ គឺ​កែង និង​ម៉ាត់​។ ក្នុង​នោះ​កម្លាំង​ទាត់​របស់​គេ​ក៏​មិន​ណ​យ​ដែរ​ក្នុង​ការ​វាយបំបាក់​កីឡាករ​ល្អ​ៗ​ដែល​គេ​ធ្លាប់​ប្រកួត​កាលពី​អតីតកាល ។

យ៉ាងណា​ក៏​ដោយ​លោក​ក៏​មាន​ទំនុកចិត្ត​ចំពោះ​កីឡាករ​ខ្លួន​ច្រើន​ដែរ បើ​ទោះជា​កីឡាករ​ផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា លោក​ក៏​មាន​ទំនុកចិត្ត​ចំពោះផា​ន់ គ្រាន់​ដូច​គ្នា​ផង​ដែរ ដោយ​សំអាង​ថា​ស្នៀត​ពិសេស​របស់​កីឡាករ​Pravit ក៏​ជា​ចំណុច​ពិសេស​ដែល​កីឡាករ​ផា​ន់ គ្រាន់ ធ្វើ​ឱ្យ​លោក​មានការ​ជឿជាក់​ដូច​គ្នា ។ លោក​ថា កីឡាករ​រូប​នេះ​ទើបតែ​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក តិច​ជាង​កីឡាករ​ថៃ​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ថា​កីឡាករ​ផា​ន់ គ្រាន់ នឹង​ឈ្នះ​ការ​ប្រកួត​លើក​នេះ​។

ដោយឡែក​សម្រាប់​គូ​អន្តរជាតិ​ទី​២ លោក​ថា កីឡាករ គង់ សំបូរ បើ​ទោះជា​វ័យក្មេង​ក៏​ពិតមែន ក៏​ពិតជា​អាច​កំដរ​កីឡាករ​ថៃ​ឱ្យ​ល្អមើល​ដូច​គ្នា សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន K-Cement ដែល​នឹង​ដំណើរការ​ចាប់ពី​ម៉ោង​២​រសៀល​នៅ​ថ្ងៃស្អែក​នោះ ។ លោក​និយាយ​ថា​គង់ សំបូរ នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ A Ramboy ។

លោក​ថា គង់ សំបូរ ធ្លាប់​ប្រកួត​បាន​៤៩​លើក ឈ្នះ​៣៩​លើក ចាញ់​១០​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ឯណោះ​វិញ ធ្លាប់​ប្រកួត​បាន​៥៧​លើក ឈ្នះ​៤៩​លើក ចាញ់​៦​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា​គូ​នេះ គឺ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ឡើង​រេញ​ច្រើន​ជាង​កីឡាករ​កម្ពុជា​ផង​ដែរ ។ ទោះបី​យ៉ាងណាលោក​នៅ​តែ​មាន​ជំនឿ​ខ្ពស់​ថា គេ​នឹង​ឈ្នះ​កីឡាករ​ថៃ​ដូច​ផា​ន់ គ្រាន់​ដែរ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នា​ល្ងាច​ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ដែរ ដោយសារ​តែ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​២​នាក់​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​សម្រាប់​ពូ​ល​A ។ កីឡាករ​ឌុ​ម កែវ​ដា ដែល​ឈ្នះ​២​ប្រកួត​រួច​មក​ហើយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​រួន ដែល​ឈ្នះ​២​លើក​ដូច​គ្នា ។ ប៉ុន្តែ​រវាង​ពួក​គេ គឺ​ទោះ​មាន​លទ្ធផល​បែប​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​បាន​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង​ទាំង​២​នាក់​នោះ​ដែរ ដោយសារ​តែ​កីឡាករ​២​រូប​ទៀត គឺ​ឆាយ មាស និង​កីឡាករ​ថៃ Pich Phanom​ដែល​ចាញ់​ទាំង​ពីរ​នាក់​ដូច​គ្នា​រួច​មក​ហើយ គឺ​ទោះជា​អ្នក​ឈ្នះ​ក៏​តាម​កីឡាករ​ទាំង​ពីរ​ខាងលើ​មិន​ទាន់ ។ សរុប​មក​កីឡាករ​សេក គឹ​ម​រួន និង​ឌុ​ម កែវ​ដា គឺ​ត្រូវ​ប្រកួត​យ៉ាង​ស៊ីសាច់ហុតឈាម​បំផុត ដើម្បី​ដណ្ដើម​យក​លេខ​១ ។ លទ្ធផល​ដណ្ដើម​បាន​លេខ​១​នេះ នឹង​ជួយ​ឱ្យ​ពួក​គេ​អាច​ឆ្ពោះទៅ​កាន់​វគ្គ​ខ្វែង​បាន ដោយសារ​លេខ​១​ត្រូវ​ប៉ះ​ជាមួយ​លេខ​២​ក្នុង​ពូ​ល​B ដែល​មាន​សង្ឃឹម​ខ្ពស់​សម្រាប់​ជំហាន​បន្ត ៕