ខេត្តកំពង់ធំ ៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាព ចុះផ្សាយរឿងកំលោះអភ័ព្វស្កន់ជាន់ប្រកាច់ធ្លាក់ចូលភ្នក់ភ្លើងកាលពីពេលកន្លងមក ក៏មានសប្បុរសជនដែលជាអាណិកជនខ្មែររស់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋមេរិក គឺ អ្នកស្រី ឈន គឹមយឺ បានជួយឧបត្ថម្ភជាថវិកាចំនួន២០ម៉ឺនរៀល តាមរយៈបងប្រុសរបស់គាត់ឈ្មោះ ឈន ហេង ហើយក៏បានយកទៅប្រគល់ជូនដល់ដៃជនរងគ្រោះកាលពីព្រឹកថ្ងៃទី០៦ មករា ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នៅចំពោះមុខអ្នកគ្រូពេទ្យ។
បើតាមប្រភពព័ត៌មានពីស្ត្រីជាម្តាយឈ្មោះ ម៉ែន វឿន អាយុ៤៥ឆ្នាំ មានប្តីឈ្មោះ យូ ផាត អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរជាអ្នកដងជ័រ និងបោចវល្លិ៍ក្នុងព្រៃបានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធរបស់គាត់មានកូន៣នាក់ សុទ្ធតែប្រុស កូនទី១ដែលតែងតែប្រកាច់នេះឈ្មោះ ភោគ តែន អាយុ៣០ឆ្នាំ ជាកូនច្បង មិនទាន់មានប្រពន្ធកូននោះទេ។
ដោយសារតែមានអាការរបៀបនេះហើយបានជាគ្មាននារីណាម្នាក់ហ៊ានយកធ្វើជាប្តីនោះ។ កាត់បន្តថា កូនរបស់គាត់កើតជំងឺតេតាណូស ដោយសារមុតដែកគោល និងត្រូវឆ្កែខាំពីតូច ។
កាលនោះជីវភាពគាត់ក្រីក្រពេកពួកគាត់មិនបានយកកូនទៅពេទ្យចាក់ថ្នាំការពារនោះទេ ឥឡូវនេះវាធ្វើទុក្ខចេះតែប្រកាច់ កាលពីដើមខែធ្នូ ២០១៥ នៅពេលដែលវាកំពុងតែដេកនៅលើគ្រែក៏ប្រកាច់ធ្លាក់ពីលើគ្រែចូលភ្នក់ភ្លើងរលាកពេញខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ