រាជធានីភ្នំពេញ ៖ អាណិកជនខ្មែរម្នាក់មកពីប្រទេសបារាំង ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសង្ស័យពីបទប្រព្រឹត្តប្រទូស្តកេរ្តិ៍ខ្មាសត្រូវបានព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយពីរកមិនឃើញមានបទល្មើសដូចការប្តឹងចោទប្រកាន់របស់លោកពៅ ចន្ថា ជាដើមបណ្តឹង ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវព្រះរាជអាជ្ញាអមតុលាការសម្រេចដោះលែងជាបណ្តោះអាសន្ននោះឈ្មោះម៉ែន អង្គារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាអាណិកជនមកពីប្រទេសបារាំង បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣០០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
សាក្សីជាច្រើនរូបមានម្តាយ បងស្រីបង្កើត ឪពុកមា និងម្តាយមីង បានចូលខ្លួនជាបន្តបន្ទាប់ទៅឆ្លើយបំភ្លឺនៅអយ្យការអមតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការប្តឹងចោទប្រកាន់របស់លោកពៅ ចន្ថា អាយុ៥៦ឆ្នាំ ជាឪពុកកុមារីឈ្មោះ ព.ក.ស.ត អាយុ១០ឆ្នាំ ដែលបានចោទថា លោកម៉ែន អង្គារ៉ា បានប្រព្រឹត្តអំពើប្រទូស្តកេរ្តិ៍ខ្មាសលើកុមារី និងសហាយស្មន់ជាមួយលោកស្រីឆាយ សេងហ៊ួយ ។ បន្ទាប់ពីមានការឆ្លើយបំភ្លឺរបស់សាក្សីដែលបានរួមដំណើរគ្នាទៅប្រទេសវៀតណាម និងទៅខេត្តមណ្ឌលគិរី ព្រះរាជអាជ្ញាអមតុលាការបានរកឃើញថា ឈ្មោះម៉ែន អង្គារ៉ា មិនជាប់ពាក់ព័ន្ធនឹងការប្តឹងចោទប្រកាន់ពីការប្រទូស្តកេរ្តិ៍ខ្មាសលើក្មេងស្រី ឬមានសហាយស្មន់អ្វីឡើយ ទើបព្រះរាជអាជ្ញាសម្រេចដោះលែងឱ្យឈ្មោះម៉ែន អង្គារ៉ា មានសេរីភាពវិញ ។
ជាមួយនឹងចំណាត់ការរបស់លោកព្រះរាជអាជ្ញាអមតុលាការ លោកស្រីឆាយ សេងហ៊ួយ ដែលជាកម្មវត្ថុចំបងនៅក្នុងការផ្តើមឱ្យមានបណ្តឹងលោកពៅ ចន្ថា ជាអតីតស្វាមីបានចូលខ្លួនមកឆ្លើយបំភ្លឺនៅចំពោះមុខអយ្យការសុំបដិសេធចោលទាំងស្រុងនូវបណ្តឹងចោទប្រកាន់ទាំងនេះ ហើយលោកស្រីបានបញ្ជាក់ទៀតថា រឿងរ៉ាវទាំងអស់នៅក្នុងគ្រួសារគឺមានកូនៗទាំងប្រុស ទាំងស្រីចំនួន៦នាក់ ធ្វើជាសាក្សីដឹងឮបានគ្រប់ពេលវេលា ចំពោះអំពើហិង្សាដែលបង្កឡើងដោយអតីតស្វាមី ។ ព្រោះតែហិង្សាទាំងផ្លូវកាយផ្លូវចិត្ត និងទារុណកម្មផ្លូវភេទទ្រាំមិនបាន ដូច្នេះហើយគឺគាត់បានសម្រេចចិត្តប្តឹងសុំលែងលះស្វាមីមកតុលាការ ហើយតុលាការរាជធានី ភ្នំពេញ ក៏បានចេញសាលក្រមឱ្យរូបគាត់ទាំង២នាក់បានលែងលះផ្តាច់សង្វាសគ្នា និងប្រគល់កូនទាំង៦នាក់ឱ្យរូបគាត់ជាម្តាយគ្រប់គ្រងថែរក្សា។
ផ្ទុយទៅវិញ លោកពៅ ចន្ថា ពុំបានគោរពតាមសាលក្រមរបស់តុលាការទេ បែរជាមកគំរាមកំហែងសម្លាប់កូនស្រីឈ្មោះពៅ នីរតី បង្ខំឱ្យធ្វើជាសាក្សី តែកូនស្រីមិនស្តាប់តាម ថែមទាំងចាប់បង្ខាំងកូនស្រីឈ្មោះពៅ កុសិតា មិនឱ្យទៅរៀនទៀតផង ខ្លាចកូនស្រីរត់មករកបងៗរបស់វា ។ ករណីនេះគាត់ជាម្តាយបានប្តឹងចូលមកតុលាការកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០១១ ដើម្បីតុលាការចាត់ការតាមផ្លូវច្បាប់ ។ ចំណែកកូនស្រីទាំង២នាក់ឈ្មោះពៅ សត្យា និងកូនស្រីឈ្មោះពៅ និរតី ដែលបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនផង និងប្អូនៗផងបានរត់មកប្តឹងអង្គការលីកាដូ ដើម្បីឱ្យជួយធ្វើអន្តរាគមន៍ទប់ស្កាត់អំពើហិង្សាដែលពួកគេមិនអាចទទួលយកបាន ពីការប្រព្រឹត្តរបស់ឪពុកបានឡើយ ។
លោកស្រីឆាយ សេងហ៊ួយ បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារតែត្រូវប្រឈមមុខនឹងបណ្តឹងជាច្រើនរបស់គាត់ ដែលជាអតីតភរិយា និងកូនស្រីៗពាក់ព័ន្ធនឹងអំពើហិង្សា ការគំរាមសម្លាប់ ទារុណកម្មផ្លូវភេទ ក៏ដូចជាបណ្តឹងពីបទសហាយស្មន់ ខណៈពេលដែលលោកពៅ ចន្ថា ស្ថិតក្នុងចំណងគ្រួសារនៅឡើយ តែបានទៅលួចមានប្រពន្ធចុង ហើយមានកូនស្រីម្នាក់ឈ្មោះពៅ កុរសមារតី តាមរយៈសំបុត្រកំណើតចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១០ ដោយអាជ្ញាធរខណ្ឌដូនពេញ ទើបលោកពៅ ចន្ថា ជាអតីតស្វាមីគាត់បានប្រឌិតរឿង ហើយចាប់យកកូនស្រីពៅ អាយុ១០ឆ្នាំ បង្ខំឱ្យធ្វើជាសាក្សីចោទថា គាត់ផិតក្បត់ទៅវិញ ។ តែការពិតយ៉ាងណា គឺករណីនេះស្ថិតក្នុងដៃតុលាការ ដោយសង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៌សម្រាប់រូបគាត់ជាស្ត្រី ភាពទន់ខ្សោយ ដែលមានភារកិច្ចចិញ្ចឹមបីបាច់កូនៗ៦នាក់នៅក្នុងបន្ទុក ។
លោកពៅ ចន្ថា ជាចុងចម្លើយផង និងជាដើមបណ្តឹងផងនៅក្នុងវិបត្តិផ្ទៃក្នុងគ្រួសាររបស់គាត់មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៥ មីនា ឆ្នាំ២០១១ នេះ ប៉ុន្តែមេធាវីរបស់គាត់បានប្រាប់ឱ្យដឹងថា ករណីដែលមានការដោះលែងជនសង្ស័យឈ្មោះម៉ែន អង្គារ៉ា មិនទាន់ចប់នៅឡើយ ព្រោះព្រះរាជអាជ្ញាអមតុលាការមិនទាន់សម្រេចជាផ្លូវការណាមួយពាក់ព័ន្ធនឹងការប្តឹងចោទរបស់ឪពុកកុមារីរងគ្រោះ ៕
ចែករំលែកព័តមាននេះ