ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​7 មក​រា លើក​ទី​16 នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពាក់កណ្ដាល​ខែមករា​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​លើក​ទី​១៦ នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧ មក​រា ខាង​មុខ​នេះ​។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​លើក​ទី​១៦ នឹង​រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧ មក​រា ខាង​មុខ​នេះ​។

លោក​ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​លើក​ទី​១៥ ធ្វើ​ឡើង​នៅ​ខេត្តកោះកុង​និង​មាន​រយៈពេល​២​ថ្ងៃ​ដូច​គ្នា​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨ មក​រា ដោយ​មាន​សមាគម និង​ក្លិប​ចំនួន​១១​ចូលរួម​ប្រកួត ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​មាន​សមាគម​និង​ក្លិប​ប៉ុន្មាន​នោះ​ទេ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នោះ​។

ចំពោះ​វិញ្ញាសា​ប្រកួត​វិញ​នោះ​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ គឺ​មាន​វិញ្ញាសា​ប្រកួត​វាយ​គូ​បុរស​អាយុ​១៩​ឆ្នាំ​ឡើង​, ប្រកួត​វាយ​គូ​យុវជន​អាយុ​១៩​ឆ្នាំ​ចុះ​, ប្រកួត​វាយ​គូ​វ័យ​ជំទង់​អាយុ​ក្រោម​១៦​ឆ្នាំ​, ប្រកួត​វាយ​គូ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​, ប្រកួត​វាយ​គូ​បុរស​វ័យ​កណ្ដាល​អាយុ​ចាប់ពី​៤០​ឆ្នាំ​ដល់​៥០​ឆ្នាំ​, ប្រកួត​វាយ​គូ​បុរស​អាយុ​៥០​ឆ្នាំ​ឡើង និង​ប្រកួត​វាយ​គូ​នារី​មិន​គិត​អាយុ ។ ប៉ុន្តែ​ឆ្នាំ​នេះ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​វិញ្ញាសា​២​ទៀត​គឺ វិញ្ញាសា​វាយ​ទោល​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ និង​វិញ្ញាសា​វាយ​គូ​បុរស​+​ស្ត្រី​អាយុ​ក្រោម​១៧​ឆ្នាំ​។ ជាមួយ​គ្នា​នេះ សហព័ន្ធ​បាន​ដាក់​ការ​កំណត់​ដល់​គ្រប់​សមាគម​និង​ក្លិប​ទាំងអស់​ដែល​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ត្រឹមតែ​២​គូ​ប៉ុណ្ណោះ​ក្នុង​មួយ​វិញ្ញាសា ។ ប៉ុន្តែ​សម្រាប់​ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ដាក់​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​រហូត​ដល់​ទៅ​៤​គូ​ក្នុង​មួយ​វិញ្ញាសា ។

សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ចេញ​សេចក្ដី ប្រកាស​ជា​សាធារណៈ​ថា គ្រប់​សមាគម​និង​ក្លិប​ទាំងអស់​ត្រូវ​រួសរាន់​មក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩​មក​រា ជា​កំហិត ។ ចំណែក​កីឡាករ​-​កីឡាការិនី​ដែល​មានឈ្មោះ​ចូលរួម​ប្រកួត​ហើយ បែរជា​មក​ដល់ទី​លាន​យឺត​លើស​ពី​១៥​នាទី​នឹង​ត្រូវ​ចាត់​ទុក​ថា​បាន​បោះបង់​ចោលការ​ប្រកួត ហើយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រកាស​ឱ្យ​ចាញ់​ជា​ស្វ័យប្រវត្តិ​តាម​ច្បាប់​អន្តរជាតិ ៕