ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉​ន វី​វ៉ា ប្រកាស​ឈប់​ជាន់​សង្វៀន​ប្រដាល់​មួយ​ជីវិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​ព្យាករ​មុន​នេះ​ថា កីឡាករ​ជើង​ខ្លាំង​វ៉​ន វី​វ៉ា ទំនងជា​បោះបង់​អាជីព​ប្រដាល់​ក្រោយ​ពីរ​បួស​ដៃ ក៏​កីឡាករ​រូប​នេះ​បាន​ចេញ​មុខ​ប្រកាស​ភ្លាម​ៗ​ថា មិន​ហួស​ពី​៤​ខែ​ក្រោយ​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​ព្យាករ​មុន​នេះ​ថា កីឡាករ​ជើង​ខ្លាំង​វ៉​ន វី​វ៉ា ទំនងជា​បោះបង់​អាជីព​ប្រដាល់​ក្រោយ​ពីរ​បួស​ដៃ ក៏​កីឡាករ​រូប​នេះ​បាន​ចេញ​មុខ​ប្រកាស​ភ្លាម​ៗ​ថា មិន​ហួស​ពី​៤​ខែ​ក្រោយ​នោះ​ទេ គឺ​ប្រហែលជា​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ លោក​នឹង​ឡើង​ប្រកួត​លើ​រេញ​ជា​ថ្មី​វិញ​ហើយ ។ ទោះបី​យ៉ាងណា នៅ​ចុង​ស​ប្ដា​ហ៍​ទី​១​ក្នុង​ខែមករា​នេះ អតីត​កីឡាការិនី​ស៊ន ដា​វី​ន ជា​ភរិយា​បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា នឹង​ឈប់​ឱ្យ​ស្វាមី​ប្រដាល់​ជា​រៀង​រហូត​ហើយដោយ​ការ​ប្រកាស​នេះ​គឺ​ស្រប​នឹង​ជំហរ​របស់​វ៉ន វី​វ៉ា ក្រោយ​ពី​ស្ថានភាព​ដៃ​ស្រាប់តែ​មាន​បញ្ហា​ម្ដងទៀត ។

ការ​ប្រកាស​របស់​ស៊ន ដា​វី​ន គឺ​ស្របគ្នា​ដែល​វ៉​ន វី​វ៉ា បាន​ប្រកាស​សុំ​ឡើង​ប្រដាល់​នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​ថ្មី​នេះ និង​ស្របគ្នា​ដែល​ដៃ​របស់​លោក​ត្រូវ​បាន​វះកាត់​ដាក់​ដែក​ជា​ថ្មី ដោយសារ​គ្រូពេទ្យ​វៀតណាម​វះកាត់​ដាក់​ដែក​ខុស​បច្ចេកទេស ហើយ​បណ្ដាល​ឱ្យ​ស្ថានភាព​ដៃ​មាន​បញ្ហា​មិន​ចេះ​អស់​មិន​ចេះ​ហើយ ចាប់តាំងពី​វិល​ត្រឡប់​មក​ពី​ប្រទេស​​វៀតណាម​វិញ ។ អ្នក​នាង​បាន​បង្ហោះ​សារ​នោះ​លើ​ហ្វេ​ស​ប៊ុ​កថា ៖ «​ពេទ្យ​វៀតណាម​វះ​ត​ឆ្អឹង​ដៃ​ពី​មុន​ខុស​បច្ចេកទេស ឥឡូវ​មក​ពេទ្យ​ខ្មែរ​ដដែល​ធ្វើ​ម្ដងទៀត ម៉េច​បាន​ចេះ​តែ​មាន​បញ្ហា​រហូត​អ៊ីចឹង ហើយ​អរគុណ​ដល់​លោកគ្រូ​ពេទ្យ​លឹ​ម តាំង ដែល​តែងតែ​ជួយ​» ។

លោក វ៉​ន វី​វ៉ា បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុងស្រុក​ដែល​ជួយ​វះកាត់​ដោយ​តម្លៃ​ធូរ​ថ្លៃ​កាលពី​ថ្ងៃ​ទី​៤ មក​រា ដោយនៅ​ចុង​ស​ប្ដា​ហ៍​នេះ​មានការ​អះអាង​ថា លោក​នៅ​តែ​មាន​អាការ​មិន​ទាន់​បាត់​ឈឺ​ត្រង់​កន្លែង​ដែល​ទើបនឹង​វះកាត់​នោះ ។ លោក​វ៉​ន វី​វ៉ា បញ្ជាក់​ថា ស្ថានភាព​ដៃ​របស់​លោក​កើត​មាន​បញ្ហា គឺ​បណ្ដាល​មក​ពី​ពេទ្យ​វៀតណាម​វះកាត់​ដាក់​ដែក​ខុស​បច្ចេកទេស​បណ្ដាល​ឱ្យដៃ​ត្រង់​កន្លែង​បាក់ ទៅ​ជា​បាក់ឆ្អឹង​ម្ដងទៀត និង​មិន​អា​ចត​ភ្ជាប់​គ្នា​បាន​ដូច​ការ​គ្រោងទុក ។ គាប់​ជួន​ជា​មាន​អាការ​ឈឺ​ចុកចាប់ ហើយ​ពេល​ថត​ទៅ​ឃើញ​ដែក​ដែល​បាន​វះ​ដាក់​ដោយ​ក្រុម​គ្រូពេទ្យ​វៀតណាម ក៏​មាន​ភាព​មិន​ប្រក្រតី​ទើប​សម្រេច​វះកាត់​ដាក់​ដែក​ជា​ថ្មី ដោយ​លោក​ជ្រើស​យក​ពេទ្យ​ក្នុងស្រុក​ឱ្យធ្វើ​ការ​វះកាត់​វិញ ។

លោក​និយាយ​ថា​៖«​ដោយសារ​តែ​ដែក​ដែល​ពេទ្យ​វៀតណាម​ហ្នឹង​ដាក់​ខុស ទើប​ខ្ញុំ​ត្រូវ​វះកាត់​ដក​ដែក​ហ្នឹង​ចេញ ហើយ​ដាក់​ដែក​ថ្មី​វិញ ។ ខ្ញុំ​អត់​ដឹង​ថា​ពេទ្យ​វៀតណាម​គាត់​ខុស​បច្ចេកទេស​ម៉េច​ទេ​ប៉ុន្តែ​វា​ធ្វើ​ឱ្យ​ឆ្អឹង​ដៃ​ខ្ញុំ​មួយ​កន្លែង​ហ្នឹង​ទៅ​ជា​បែក​ទៅ​វិញ ហើយ​វា​អត់​ដុះ​សាច់​ស៊ីគ្នា​!» ។ លោក​ថា ក្រោយ​ការ​វះកាត់​ដាក់​ដែក​ថ្មី​ម្ដងទៀត ដៃ​របស់​លោក​គឺ​ត្រូវ​សម្រាក​យ៉ាង​ហោច​៥​ទៅ​៦​ខែ​ទើប​អាច​ដក​ដែក​ចេញ​បាន ហើយ​ក៏​ដល់​ពេល​ល្មម​ដែល​អាច​ឱ្យ​លោក​ឈប់​ប្រដាល់​ដែរ ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ស៊ន ដា​វី​ន បាន​សរសេរ​ដោយ​បើកចំហ​ថា «​ទោះ​វា​ដុះ​មិន​ស្អាត​ជិត​ល្អ​តែ​សូម​ឱ្យ​ជោគជ័យ​ផង​ចុះ (​សំដៅលើ​ការ​វះ​កាត់ត​ឆ្អឹង​ដៃ​ឡើង​វិញ​) ហើយ​និង​មិន​ឱ្យ​បងវិល​ទៅ​រក​អាជីព​ចាស់​វិញ​ជា​ដាច់ខាត លា​ហើយ​អាជីព​ដែល​ធ្លាប់តែ​ទទួល​ជោគជ័យ​»​។ ការ​ប្រកាស​របស់​នាង​មាន​ន័យ​គ្រប់គ្រាន់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​លោក​វ៉​ន វី​វ៉ា ឈប់​គិត​លើ​ការ​ចង់​ប្រដាល់ បើ​ទោះជា​ដៃ​ដែល​ទើប​ឡើង​ជ្រញ់​អាច​ជា​សះស្បើយ​១០០%​ក្នុង​ពេល​ដ៏​ខ្លី​ក្ដី ។ ការ​បង្ហោះ​សារ​របស់​នាង​ធ្វើ​ឡើង​បន្ទាប់​ពី​លោកវ៉​ន វី​វ៉ា បាន​ប្រកាស​ឱ្យ​អ្នក​ចង់បាន​ខ្សែក្រវាត់​ពី​លោក​ត្រៀមខ្លួន​នៅ​ពេល​ដៃ​របស់​លោក​ជា​សះ​ក្រោយ​វះ​យក​ដែក​ចេញ ។

តាម​គម្រោង​បើ​គ្មាន​ករណី​វះ​ដាក់​ដែក​ម្ដងទៀត​ទេ​នោះ​ប្រហែលជា​ដៃ​របស់​លោក​នឹង​ឈាន​ដល់​ការ​ដោះ​ដែក​ចេញ​ហើយ​អាច​ជា​សះ​បន្ទាប់​ពី​ការ​វះ​ដាក់​ដែក​នៅ​ប្រទេស​វៀតណាម​បាន​ធ្វើ​ឡើង​ច្រើន​ខែ​មក​ហើយ ។ អ៊ីចឹង​ហើយ​ទើប​គេ​មើលឃើញ​ថា បញ្ហា​របួស​នេះ​បាន​រុញ​ឱ្យ វ៉​ន វី​វ៉ា ឈប់​នឹកនា​វិល​ត្រឡប់​មក​ប្រដាល់​វិញ​។ អ្នក​នាង​បាន​បញ្ជាក់​ជា​សាធារណៈ​ថា វ៉​ន វី​វ៉ា ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​មាន​របួស​បែប​ណា​ក៏​នៅ​តែ​ចង់​ប្រដាល់​ដែរ ប៉ុន្តែ​ដោយសារ​វ័យ​ផង បញ្ហា​ដៃ​ផង គឺ​អ្នក​នាង​មិន​អាច​ឱ្យ​បន្ត​បាន​ទេ ប៉ុន្តែ​អ្នក​នាង​បាន​ជំរុញ​ឱ្យ​ស្វាមី​ងាក​ទៅ​រក​អាជីព​សម្ដែង​ដូច​ជា​ថត​រឿង​បង្ហាញ​ក្បាច់គុន និង​ថត​ស្ព​ត​អី​វិញ​បើ​អាច​ទៅ​បាន​។

កីឡាករ វ៉​ន វី​វ៉ា ដែល​ធ្លាប់​ប្រកាន់​ជំហរ​ថា មិន​ច្បាស់​លើ​ការ​ឈប់​ប្រដាល់ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៦ មក​រា បន្ទាប់​ពី​ចេញពី​ការ​វះកាត់​ថា លោក​ប្រហែល​មិន​អាច​ប្រឆាំង​នឹង​ទស្សនៈ​របស់​ភរិយា​បាន​ទេ នៅ​ក្នុង​កាលៈទេសៈ​ដែល​លោក​ខ្លួនឯង​ក៏​មើល​មិនឃើញ​ពី​ភាព​រីក​ចម្រើន​ដូច​គ្នា​ដែរ​នោះ​។ លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​៖«​ដល់​ពេល​អ​ញ្ចឹ​ង (​វះកាត់​ដៃ​លើក​ទី​២) ការ​ប្រដាល់​ប្រហែលជា​ឈប់​មែនហើយ ព្រោះ​ខ្ញុំ​អត់​ចង់​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​គ្រួសារ​ទេ​» ។ លោក​ថា ក្រៅពី​ការ​ប្រដាល់​លោក​មាន​ការងារ​មួយ​ផ្សេង​ទៀត​ក្នុង​ដៃ​រួច​ហើយដោយ​គ្រាន់តែ​លោក​មិន​ចង់​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ប៉ុណ្ណោះ ។ ជាមួយនឹង​ការ​បញ្ជាក់​ពី​ជំហរ​ថា​មិន​ចង់​ប្រឆាំង​នឹង​ការ​ចង់បាន​របស់​ភរិយា លោក​ក៏​តាំងចិត្ត​១០០%​ដោយ​ផ្ទាល់ខ្លួន​ថា នឹង​លែង​ត្រឡប់​មក​កាន់ការ​ប្រដាល់​នៅ​គ្រប់​កាលៈទេសៈ​ជា​រៀង​រហូត​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។

លោក​និយាយ​ថា​៖«​ខ្ញុំ​ឈប់​មែនទែន​ហើយ ព្រោះ​ការ​ប្រដាល់​បង​ឯង​ដឹង​ហើយ វា​បាន​តែ​ប៉ុណ្ណឹង អ​ញ្ចឹ​ង​ខ្ញុំ​ឈប់​គិត​វា​ហើយ​!» ។ នេះ​ជា​ការ​ប្រកាស​ចេញពី​មាត់​ដែល​មាន​មនុស្ស​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ហើយ​ក៏​មាន​ន័យ​ថា​នឹង​លែង​បានឃើញ​កីឡាករ​វ៉​ន វី​វ៉ា ឡើង​ប្រដាល់​លើ​រេញ​ឱ្យ​ឃើញ​ជា​សាធារណៈ​ទៀត​ដែរ បើ​ទោះជា​បញ្ហា​របួស​ដៃ​ដែល​ទើប​វះកាត់​នឹង​ជា​សះស្បើយ​ក្ដី ។ ការ​ប្រកាស​លាឈប់​របស់​លោក នឹង​ធ្វើ​ឱ្យ​ធនធាន​កីឡាករ​ជើង​ខ្លាំង​១​រូប ត្រូវ​បាន​ដក​ចេញពី​បញ្ជី​អ្នក​ប្រដាល់​នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា គឺ​បាន​តែ​បណ្ដុះ​ជើង​ខ្លាំង ប៉ុន្តែ​មិន​មាន​លទ្ធភាព​ចិញ្ចឹម និង​ថែទាំ​កីឡាករ​ខ្លាំង​ៗ​ទាំងនោះ​ដើម្បី​បម្រើ​វិស័យ​ប្រដាល់​ឱ្យ​បាន​យូរអង្វែង ។

ទន្ទឹម​នឹង​ការ​សម្រេចចិត្ត​បោះបង់​អាជីព​ប្រដាល់​ដោយ​លែង​ស្រពេចស្រពិល វ៉​ន វី​វ៉ា ក៏​ត្រូវ​គេ​ដឹង​ថា​មានទ្រព្យ​ក្នុង​ដៃ​មិន​អន់​នោះ​ដែរ ។ ជាក់ស្ដែង​នៅ​ភូមិ​ក្រាំងធ្នង់ ក្នុង​ខណ្ឌ​សែន​សុខ គេ​សុទ្ធតែ​ដឹង​ថា កីឡាករ​រូប​នេះ​មាន​បន្ទប់​ជួល​ប្រមាណ​ជា​២០​បន្ទប់​ទើបនឹង​សាងសង់​បាន​ជាង​៣​ខែ និង​មាន​ដី​ទំនេរ​សល់​ជាប់​នោះ​មួយ​កន្លែង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ លោក​បាន​ប្រកាស​លក់​ដី និង​បន្ទប់​ជួល​ទាំងនោះ​ក្នុង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទុន​ទៅ​ប្រកប​អាជីព​ផ្សេង ដែល​គេ​កំពុង​ចាំ​អ៊ុត​នៅឡើយ​ថា​តើ​កីឡាករ​រូប​នេះ និង​ភរិយា​មាន​គម្រោង​ធ្វើ​អី ។

ទោះបី​យ៉ាងណា ដី​ទំនេរ​ដែល​មាន​ទំហំ​១០X១៧​ម៉ែត្រ​តម្លៃ​២៣.០០០​ដុល្លារ និង​បន្ទប់​ជួល​លើ​ផ្ទៃដី​ទំហំ៨X២៣​ម៉ែត្រ​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ​នោះ នៅ​មិន​ទាន់​លក់ដាច់​នៅឡើយ​ទេ ក្រោយ​ការ​ប្រកាស​លក់​ដោយ​ចំហ​នោះ ៕