ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧបការី​រង​រដ្ឋ​មន្ត្រី​​ការបរទេស​​អាមេរិកនឹង​ជួប​ពិភាក្សា​​​បញ្ហា​បំណុល​ជា​មួយ​រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋកិច្ច

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ទី​​១៨ មីនា នេះដែរ ​ឧបការី​​​រង​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក  លោក Joseph Yun នឹងធ្វើ​​ការ​ពិភាក្សា​​ជា​មួយ​រដ្ឋ​​មន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ស្តីពី​បញ្ហា​ដែល​​កម្ពុជា​បាន​ជំពាក់​បំណុល​​អាមេរិក​ក្នុង​​រជ្ជ​កាល​​​របស់​លោក​​​សេនា​ប្រមុខ​​លន់ នល់ ។ នេះ​បើ​យោង​តាម​​លោក​កុយ គួង ​អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​កម្ពុជា ដែលថ្លែង​​ប្រាប់​​​ក្រុម​អ្នក​​កាសែត​​នៅក្រោយ​​​ជំនួប​រវាង​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​បរទេស​កម្ពុជា ​​ជាមួយ​​លោក Joseph Yun ឧបការី​រង​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក ​ធ្វើឡើង​​នៅទីស្តីការ​​ក្រសួង​​ការបរទេស​​កាលពី​ថ្ងៃទី​​១៧ មីនា ។​

នៅក្នុងជំនួប​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មីនា ​ម្សិល​មិញ​នេះ បើតាម​​​អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​កម្ពុជា លោក​កុយ គួង បាន​បញ្ជាក់​​ឱ្យ​​ដឹង​ថា ​លោកប្រមុខ​​ការទូត​ហោ ណាំហុង បានលើក​​សំណើ​របស់​កម្ពុជា​ឱ្យ​អាមេរិក​​​គិតគូរ​ពី រឿង​​បំណុល​ឡើងវិញ ។ ដោយភាគី​កម្ពុជា​សុំ​ឱ្យ​​អាមេរិក​គិត​ការ​​ប្រាក់លើបំណុល​ពី​​​៣%​ក្នុង​មួយ​ឆ្នាំ ​មក​នៅត្រឹម​​ការប្រាក់​​១%​វិញ និង​ស្នើ​សុំ​​ឱ្យ​អាមេរិក​​​​បង្វិល​​បំណុល​​​៧០% ទៅគម្រោង​​អភិវឌ្ឍន៍​​នៅក្នុងប្រទេស​កម្ពុជា​ ហើយនៅ​សល់​​​៣០% ​រដ្ឋាភិបាល​កម្ពុជា​​​នឹង​ធ្វើការ​​ចរចា​ដើម្បី​សង​ទៅ​អាមេរិកវិញ ។ លោកកុយ គួង ​​បានបន្ត​ថា ​បំណុល​ជាក់ស្តែង​​ដែល​កម្ពុជា​​​ជំពាក់អាមេរិក​​ក្នុងសម័យ​លន់​ នល់ គិតគូរ​ឱ្យ​​​​បានម៉ត់​ចត់​​ក្នុង​ឆ្នាំ​​២០០៥ ​​មាន​ចំនួនតែ​​​១៦២​លានដុល្លារ​ប៉ុណ្ណោះ ​​តែ​អាមេរិក​​​គិត​ពីការប្រាក់​​​៣% ក្នុងមួយឆ្នាំ ​ហើយបូក​បញ្ចូល​អ្វី​ផ្សេងៗ​ទៀត ​អាច​ឡើង​ដល់​ជាង​​៣០០លានដុល្លារ ៕​