ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បឹង​កេ​ត គ្រោង​ចុះ​MOU​ជាមួយ​Home Sport និង​ភាគី​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ផ្លូវការ​បាន​អះអាង​ថា ក្លិប​បាល់ទាត់​ល្បីឈ្មោះ​នៅ​កម្ពុជា​គឺ​បឹង​កេ​ត គ្រោង​ចុះ​MOU ឬ​កិច្ចព្រមព្រៀង​ជាមួយ Home Sport និង​ភាគី​ថៃ​ហើយ ដើម្បី​ពង្រីក​នូវ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ពិភព​បាល់ទាត់ ។

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ផ្លូវការ​បាន​អះអាង​ថា ក្លិប​បាល់ទាត់​ល្បីឈ្មោះ​នៅ​កម្ពុជា​គឺ​បឹង​កេ​ត គ្រោង​ចុះ​MOU ឬ​កិច្ចព្រមព្រៀង​ជាមួយ Home Sport និង​ភាគី​ថៃ​ហើយ ដើម្បី​ពង្រីក​នូវ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ពិភព​បាល់ទាត់ ។ នេះ​ជា​ជំហាន​មួយ​ថ្មី​ដែល​ក្លិប​បាល់ទាត់​បឹង​កេ​ត​សម្រេច​បាន បន្ទាប់​ពី​ឈាន​ឡើងជា​ក្លិប​កំពូល​នៅ​កម្ពុជា​តាម​រយៈ​ការ​ប្រកួត​League ធំ​ៗ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។

យោង​តាម​ការ​អះអាង​ថា Home Sport ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ទទួល​ផលិត​សម្ភារ​កីឡា​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​សិទ្ធិ​ពិសេស​ក្នុង​ការ​លក់​សម្លៀក​បំពាក់ និង​សម្ភារ​សម្គាល់​ក្រុម​នេះ​ក្នុង​ពេល​ខាង​មុខ ដើម្បី​លក់​ចែកចាយ​ឱ្យ​អ្នកគាំទ្រ​ក្រុម​បឹង​កេ​ត មាន​លទ្ធភាព​ប្រើប្រាស់​នូវ​សម្ភារ​រួម​មាន​សម្លៀក​បំពាក់ ស្បែក​ជើង និ​សម្ភារ​ជា​ច្រើន​ទៀត​ដែល​សម្គាល់​ដល់​ក្រុម​បឹង​កេ​ត​ចាប់ពី​ដើមឆ្នាំ​២០១៦​តទៅ ។ តាម​រយៈ​កិច្ចព្រមព្រៀង​ដែល​កើត​ចេញពី​ការ​ជជែក​គ្នា​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គឺ​ក្រុមហ៊ុន​Home Sport​ជា​អ្នករ៉ាប់រង​ស្វែងរក​ការ​ផលិត​សម្លៀក​បំពាក់ និង​សម្ភារ​សម្គាល់​ក្រុម​បឹង​កេ​ត ហើយ​Home Sport នឹង​ក្លាយជា​អ្នក​ដាក់​លក់​ផ្ដាច់មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ថវិកា​ដែល​ទទួល​បាន​គឺ​Home Sport​មិន​ទទួល​បាន​ចំណែក​នោះ​ទេ ឬ​បើសិនជា​ទទួល​ក៏​ទទួល​ក្នុង​ភាគរយ​តិច​បំផុត​ដើម្បី​ឱ្យ​ចំណូល​ទាំងនោះ​ធ្លាក់​ទៅ​លើ​ក្រុម​បឹង​កេ​ត និង​ដៃគូ​អ្នក​ជ្រោមជ្រែង​។

ប្រភព​ដែល​ទម្លាយ​ឱ្យ​កោះសន្ដិភាព​បានដឹង បាន​បញ្ជាក់​ប្រាប់​ថា ហេតុផល​ដែល​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នេះ គឺ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា​ធំ​មួយ​របស់​ប្រទេស​ថៃ បាន​ទំនាក់ទំនង​តាម​រយៈ​Home Sport ឱ្យ​ដៅ​ក្រុមបាល់ទាត់​ល្បីឈ្មោះ​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន Home Sport ដៅ​យក​ក្រុម​បឹង​កេ​ត​មុនគេ ដោយ​ខាង​ក្រុមហ៊ុន​ថៃ​បាន​សម្រេច​ផលិត​ជា​សម្លៀក​បំពាក់ និង​សម្ភារ​សម្គាល់​ក្រុម​ទាំងមូល​ដើម្បី​ពង្រីក​សក្តានុពល​នៃ​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​កម្ពុជា​ផង និង​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​បាល់ទាត់​របស់​ក្រុម​នោះ​ផង ហើយ​ប្រគល់​សិទ្ធិ​ឱ្យ​Home Sport​ជា​អ្នក​ចែកចាយ​នៅ​កម្ពុជា​។

តាម​រយៈ​កិច្ចព្រមព្រៀង​ពិសេស​នេះ គឺ​មាន​ន័យ​ថា ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​នៅ​ប្រទេស​ថៃ ជា​អ្នករ៉ាប់រង​លើ​ការ​ផលិត​សម្លៀក​បំពាក់ រួម​មាន​ស្បែកជើង​ជាដើម​របស់​ក្រុម​បឹង​កេ​ត ដើម្បី​ដាក់​លក់​ចែកចាយ​ដល់​អ្នកគាំទ្រ​ដោយ​ថវិកា​ទទួល​បាន​គឺ​ប្រគល់​ឱ្យ​ក្រុម​បឹង​កេ​ត ហើយ​ក្រុមហ៊ុន Home Sport គ្រាន់តែ​មាន​សិទ្ធិ​ដាក់​លក់​ឱ្យ​ក្នុង​លក្ខណៈ​ពង្រីក​នូវ​ការ​ផ្គត់ផ្គង់​របស់​ហាង​ខ្លួន ។

លោក ឈី ហុ​ក​លី ម្ចាស់​ភាគហ៊ុន​ធំ​មួយ​របស់​ក្រុមហ៊ុន​Home Sport  ដែល​ទទួល​បន្ទុក​គ្រប់គ្រង​សាខា​Home Sport នៅ​ជិត​សាលា​ណ​ត្ស​ប្រ៊ី​ដ និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែងប្រាប់​ថា MOU រវាង​Home Sport និង​ភាគី​ថៃ ជាមួយ​ក្រុម​បឹង​កេ​ត បាន​ឈាន​ជិត​ដល់​គោលដៅ​ហើយ ដោយ​រង់​ចាំតែ​ធ្វើ​កិច្ចសន្យា​ចុង​ក្រោយ ដើម្បី​សម្រេច​លទ្ធផល​ផ្លូវការ​ប៉ុណ្ណោះ ។ លោក​ថា នេះ​ជា​ឱកាស​ទី​១​ដែល​ក្រុមបាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​រកបាន​អ្នក​ឧបត្ថម្ភ​ជា​ពិសេស​ដែល​មាន​ន័យ​ថា​ក្រៅពី​ទទួល​បាន​ថវិកា​សម្រាប់​ពង្រឹងសមត្ថភាព​របស់​ក្រុម​ហើយ គឺ​ថែម​ទាំង​ងាយស្រួល​ក្នុង​ការ​ពង្រីក​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ទៅ​កាន់​អ្នកគាំទ្រ​ទៀត​ផង​។ លោក​ថា ភាគី​ថៃ​បាន​ឯកភាព​រួច​ហើយ​តាម​រយៈ​Home Sport ក្នុង​ការ​ផលិត​សម្ភារ​ផ្គត់ផ្គង់​ដល់​ក្រុម​នេះ និង​គ្រោង​បោះ​សម្លៀក​បំពាក់ រួម​ទាំង​សម្ភារ​សម្គាល់​ក្រុម​បឹង​កេ​ត​ផង​ដើម្បី​ឲ្យ​ហាង Home Sport ចរាចរ​ដាក់​លក់​។

ជំហាន​នេះ ក៏​មាន​ន័យ​ថា​សម្រាប់​អ្នកគាំទ្រ​ក្រុម​បឹង​កេ​ត គឺ​មិន​ពិបាក​ក្នុង​ការ​ស្វែងរក​សម្លៀក​បំពាក់ និង​សម្ភារ​ដើម្បី​គាំទ្រ​ដល់​ក្រុម​នេះ ក្នុង​ពេល​ខាង​មុខ​នោះ​ផង​ដែរ ។ លោក​មាន​ប្រសាសន៍​ថា​៖ «​រាល់ថ្ងៃ​យើង​ដឹង​ហើយ​ថា​ក្រុម​បឹង​កេ​ត​គាត់​ល្បី ប៉ុន្តែ​អ្នកគាំទ្រ​របស់​គាត់​អត់​មាន​លទ្ធភាព​ដើរ​រក​ទិញ​សម្លៀក​បំពាក់​របស់​ក្រុម​គាត់​មកពីណា​ដើម្បី​ពាក់​គាំទ្រ​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​Home Sport សម្រេច​ស្វែងរក​អ្នក​ជ្រោមជ្រែង​គាត់ ហើយ​ជា​លទ្ធផល​គឺ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ និង​សម្ភារ​កីឡា​ដ៏​ធំ​របស់​ថៃ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់ Home Sport បាន​ជួយ​ផលិត​សម្លៀក​បំពាក់​ឱ្យ​ក្រុម​នេះ ដោយ​ហាង​របស់ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួល​ចែកចាយ ដើម្បី​ឱ្យ​អ្នកគាំទ្រ​របស់​គាត់​ងាយស្រួល​ដើរ​រក​ទិញ​ប៉ុណ្ណោះ​!» ។ លោក​ថា ក្រុមហ៊ុន​ថៃ​នៅ​មិន​ទាន់​ច្បាស់​ថា ត្រូវ​នឹង​ចែក​ភាគរយ​ជាមួយ​ក្រុម​បឹង​កេ​ត ក្នុង​ការ​លក់​សម្លៀក​បំពាក់​របស់​ក្រុម​នេះ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​អ្វី​សម្រាប់ Home Sport គ្រាន់តែ​ជា​អ្នក​ដាក់​លក់​សម្លៀក​បំពាក់​បែប​នេះ​ឱ្យ​ក្រុម​បឹង​កេ​ត និង​ប្រគល់​លុយ​ទៅ​ឱ្យ​ក្រុម​បឹង​កេ​ត​ជា​អ្នក​ចាត់ចែង​បន្ត ។

លោក​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវ​ហ្នឹង​បើ​តាម​ខ្ញុំ​ដឹង​គឺ​ខាង​ក្រុមហ៊ុន​ថៃ​គេ​ផ្ដល់​ការ​បោះពុម្ព និង​ការ​ផលិត​ដើម្បី​ឱ្យ​សម្លៀក​បំពាក់​របស់​ក្រុម​បឹង​កេ​ត​បាន​ចរាចរ​លក់​ដល់​អ្នកគាំទ្រ ហើយ​បើ​តាម​ខ្ញុំ​ដឹង​ដូច​ជា​ក្រុមហ៊ុន​ថៃ​ហ្នឹង​គេ​ផលិត​ដោយ​ឥត​គិត​ភាគរយ​ផង ព្រោះ​គេ​អត់​ចង់​ជួយ​ជា​លុយ​មក​ក្រុម​តែ​ម្ដងនោះ​ទេ គឺ​គេ​ជួយ​ជា​ផលិតផល​វិញ ដោយសារ​គេ​យល់​ថាបើ​ធ្វើ​អ​ញ្ចឹ​ង​នឹង​ល្បី​ផលិតផល​របស់​គេ​ផង ហើយ​ក្រុម​បឹង​កេ​ត​ក៏​ទទួល​បាន​ថវិកា​ពី​ការ​លក់​សម្លៀក​បំពាក់​ហ្នឹង​ដើម្បី​យក​មក​ប្រើ​ក្នុង​ក្រុម​ផង ។ ប៉ុន្តែ​សម្រាប់​ភាព​ជាក់ស្ដែង តើ​ក្រុមហ៊ុន​ថៃ​នឹង​កែប្រែ​សុំ​កាត់​ភាគរយ​វិញ​ឬ​អត់​នោះ​នៅ​មិន​ទាន់​ច្បាស់​ទេ ទាល់តែ​ចាំ​មើល​សិន​!» ។ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា ក្រុម​បាល់ទាត់​បឹង​កេ​ត ទទួល​បាន​ផលប្រយោជន៍​ពី​MOU នេះ​ច្រើន​ជាងគេ ដោយសារ​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ក្រុម​កាន់តែ​ល្បី ហើយ​អាច​ទទួល​បាន​ចំណូល​ក្នុង​ការ​អភិវឌ្ឍ​ក្រុម​ទាំងមូល​ទៀត​ផង ។

លោក​បែរ មក​រា ប្រធាន​ក្រុម​បឹង​កេ​ត បាន​អះអាង​ថា កិច្ចចរចា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឈាន​ដល់​ការ​ឯកភាព​គ្នា​ដោយ​មាត់​និង​មាត់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​MOU នៅឡើយ​ទេ ដោយ​ទំនង​រហូត​ដល់​អំឡុង​ខែកុម្ភៈ​ខាង​មុខ​ឯណោះ ទើប​កំណត់ពេល​ចុះហត្ថលេខា ។ យ៉ាងណា​ក៏​ដោយ​លោក​ហាក់​មិន​ចង់​ទម្លាយ​ព័ត៌មាន​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ ដោយ​អះអាង​ថា បញ្ជាក់​មិន​ទាន់​បាន​និង​ស្នើ​ឱ្យ​រង់ចាំ ។

ប្រភព​ច្បាស់​ការណ៍​បាន​អះអាង​ថា ក្រុមបាល់ទាត់​បឹង​កេ​ត នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​MOU នោះ​បើ​នៅ​តែ​រក្សា​លំដាប់​ជា​ក្រុម​កំពូល​ក្នុង​រយៈពេល​យូរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឈី ហុ​ក​លី​ក៏​អះអាង​ថា នឹង​ស្វះស្វែង​ឱ្យ​ក្រុមហ៊ុន​ដែល​បាន​សម្រេច​ជួយ​ដល់​ក្រុម​បឹង​កេ​ត​ធ្វើ​បែប​នេះ​ចំពោះ​ក្រុមបាល់ទាត់​ផ្សេង​ទៀត ដើម្បី​បំផុស​ឱ្យ​អ្នកគាំទ្រ​កាន់តែ​ពុះកញ្ជ្រោល​នឹង​វិស័យ​បាល់ទាត់​ទ្វេ​ដង ៕