ខេត្តបាត់ដំបង ៖ គោយន្តកន្ត្រៃមួយគ្រឿងដែលជាកម្មសិទ្ធិរបស់កូនប្រសាលោកនាយប៉ុស្តិ៍មួយរូបបានត្រូវក្រុមចោរលួចយកទៅបាត់យ៉ាងស្ងាត់ស្ងៀមកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៩ មីនា ដែលគោយន្តនេះទុកនៅខាងមុខផ្ទះលោកនាយប៉ុស្តិ៍ស្ថិតក្នុងភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
លោកយ៉ុន យី នាយប៉ុស្តិ៍នគរបាលសង្កាត់អូរម៉ាល់បានថ្លែងថា គោយន្តកន្ត្រៃនេះជារបស់កូនប្រសាគាត់ឈ្មោះវង់ កុសល ភេទប្រុស អាយុ២៨ឆ្នាំ។ ក្រុមចោរយ៉ាងតិចចាប់ពី៣នាក់ឡើងទៅទើបអាចធ្វើសកម្មភាពរុញគោយន្តនេះចេញទៅបាន។ គាត់និយាយថា ពួកចោរបានបំពុលឆ្កែងាប់មួយក្បាល ហើយចូលរុញយកគោយន្តនេះទាំងក្បាល ទាំងកន្ទុយដែលកូនប្រសាទុកខាងមុខផ្ទះគាត់ សំដៅទៅខាងក្រោយភូមិរួចឡើងទៅផ្លូវបើកទៅបាត់ស្រមោល។
ចំណែកម្ចាស់គោយន្តលោកវង់ កុសល និយាយថា ក្រុមចោរបានចូលមកលួចគោយន្តខណៈក្រុមគ្រួសារកំពុងដេកលក់ រីឯឪពុកក្មេក គាត់រវល់ទៅប្រចាំការនៅឯប៉ុស្តិ៍ជាមួយក្រុមប្រជាការពារ។ បុរសនេះបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ មីនា ចោរបានចូលលួចកាបូបលុយរបស់គាត់អស់ម្តងហើយ លុះវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៩ មីនា ស្រាប់តែក្រុមចោរចូលមកលួចគោយន្តទៀត ដែលគោយន្តនេះគាត់ទិញតំលៃ៣.៩០០ដុល្លារ។
បើតាមសាក្សីម្នាក់និយាយថា នៅយប់កើតហេតុវេលាម៉ោង១២អធ្រាត្រ ខណៈខ្លួនដើរកាត់មុខផ្ទះមេប៉ុស្តិ៍ គឺបានឃើញគោយន្តនេះបត់ក្បាលចេញទៅទិសខាងកើត ហើយខ្លួនឆ្ងល់ក៏ហៅម្ចាស់ផ្ទះឱ្យចុះមកមើល តែម្ចាស់ផ្ទះដេកលក់គ្មានអ្នកឆ្លងឆ្លើយទេ ទើបខ្លួនដើរទៅដេកទៅ លុះព្រឹកឡើងឮថាចោរលួចគោយន្តនោះបាត់។ រីឯតាមការបញ្ជាក់ប្រាប់ពីអ្នកភូមិផ្សេងទៀតថា កាលពីយប់ថ្ងៃទី៦ មីនា ក៏មានចោរមួយក្រុមព្យាយាមលួចគោយន្តមួយគ្រឿងដែរនៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់នេះ ប៉ុន្តែសំណាងល្អម្ចាស់ភ្ញាក់ទាន់ក្រុមចោរក៏រត់អស់ទៅ។ អ្នកភូមិនិយាយថា បច្ចុប្បន្នក្នុងសង្កាត់អូម៉ាល់នេះប្រជាពលរដ្ឋកំពុងជួបបញ្ហាអសន្តិសុខខ្លាំងណាស់។ លោកយ៉ុន យី នាយប៉ុស្តិ៍នគរបាលអូរម៉ាល់បានថ្លែងថា លោកមិនទាន់កំណត់មុខសញ្ញាក្រុមចោរនេះបាននៅឡើយទេ។ ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា រាល់យប់កំលាំងរបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងជាមួយកំលាំងប្រជាការពារដើម្បីភូមិ-ឃុំមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ