ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ាវេជ្ជបណ្ឌិត​គួច​ ម៉េងលី ចុះ​ជួយ​ពិគ្រោះ​ជំងឺ​និង​ពិនិត្យ​សុខភាព​ប្រជា​ជន​​នៅ​ខេត្ត​កំពង់ឆ្នាំង

15 ឆ្នាំ មុន

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​សុខា​ភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះ ដឹង​ផ្នែក​សុខភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​ដែល​រស់នៅ​តាម​ទី​ជនបទ កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ជា​វេជ្ជបណ្ឌិតផ្នែក​វេជ្ជសាស្ដ្រ ជំនាញ​វេជ្ជសាស្ដ្រ​ទូទៅ និង​អនុ​បណ្ឌិត​ផ្នែក​សុខភាព​សាធារណៈដែល​ជានា​យក​វេជ្ជសាស្ដ្រ គិលានដ្ឋាន​ព្យាបាលចល័តវេជ្ជបណ្ឌិតគួ​ច (Dr. Quach Mobile Medical Clinic) និង​ក្រុម ការងារនៃ​វិទ្យាស្ថាន និង​សាលារៀនអន្ដរទ្វីប អា​មេ​រិ​កាំ​ងសរុប​២២​នាក់ បាន​ចុះ​សួរសុខទុក្ខ ពិគ្រោះ​ជំងឺ និង​ពិនិត្យ​សុខភាព​ជូន​ប្រជាជននៅ​ភូមិ​កោះ​ឫស្សី ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់ លែង ខេត្ដកំពង់ឆ្នាំង ។

​ស្ថិត​នៅ​ក្នុង​ឱកាស​នោះ លោកឧកញ៉ាវេជ្ជ បណ្ឌិតគួ​ច ម៉េ​ង​លី បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយបងប្អូន​ប្រជាជន​ក្នុងភូមិ ហើយ​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ទាំងចាស់ទាំងក្មេង​សរុប​២៥០​នាក់ ដោយ​ឥត​គិតថ្លៃ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​ខ្វះ​ព័ត៌មាន​ស្ដី​អំពី​ការ​ថែទាំ​សុខភាព និង​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។ លោក ឧកញ៉ាវេជ្ជបណ្ឌិតបាន​សម្ដែង​នូវ​ក្ដី​អាណិតអាសូរ និង​បាន​ផ្ដល់​អនុសាសន៍ផ្ដាំផ្ញើ​ដល់​ប្រជាជន​ទាំងអស់ឱ្យ​បាន​យល់​ដឹង​អំពី​សុខភាព​សាធា រណៈដែល​ជា​កត្ដា​ធ្វើ​ឱ្យ​ខ្លួន​គាត់​ផ្ទាល់សមាជិក គ្រួសារ និង​សហគមន៍ មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់ និង​ជំងឺឆ្លង​ផ្សេង​ៗ ។ លោក ឧកញ៉ាបាន​មាន​ប្រសាសន៍​ថា ប្រជាជន​ទាំងអស់​ត្រូវ​ទទួលទាន​ទឹក​ឆ្អិន​ឱ្យ​បាន​គ្រប់គ្រាន់ លាង​សំអាត​ដៃ​នឹង​សាប៊ូ​មុន​នឹង​បរិភោគ​អាហារ ឬ បញ្ចុក​ចំណី​កូន ងូតទឹក​ឱ្យ​បាន​ស្អាតបាត និង ញ៉ាំ​អាហារ​ឱ្យ​បាន​ទៀងទាត់ ព្រមទាំង​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហ​ៗ​ជា​ប្រចាំ ម្យ៉ាងវិញ ទៀត លោកឧកញ៉ាវេជ្ជបណ្ឌិតក៏​បាន​ពន្យល់​ណែនាំ​ដល់​ប្រជាជន​ក្នុងភូមិអំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ពួក​គាត់​មាន​ជំងឺ​មក​យាយី​ជា​ប្រចាំ​ដូច​ជា ក្ដៅខ្លួន ផ្ដាសាយ ឈឺបំពង់ក ឈឺក្រពះ ឈឺក្បាល ។​ល​។ លោក​បាន​ណែនាំ​បំភ្លឺ​អំពី​ដំណោះស្រាយ​សង្គ្រោះ​បឋម​ងាយ​ៗ​ពេល​មាន​បញ្ហា​សុខភាព​បន្ទាន់ និង​ពេល​គ្មាន​សេវា​សុខភាព​នៅ​ក្បែរ ។

​ប្រជាជន​ទាំងអស់​ដែល​មាន​វត្ដ​មាននៅ​ក្នុង​ឱកាស​នោះ មានចិត្ដ​រំភើប​រីករាយ​យ៉ាង​ក្រៃ​លែង និង​សម្ដែង​នូវ​សេចក្ដី​អំណរអរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ដ​សប្បុរសធម៌​របស់ លោកឧកញ៉ាវេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ផ្ដល់​កម្លាំងចិត្ដ​ចុះ​មក​សួរសុខទុក្ខ​ពួក​គាត់​ដល់​លំនៅ​ដ្ឋា​ន​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ព្រមទាំង​បាន​ពិគ្រោះពិនិត្យ​ជំងឺ​ដោយ ឥត​គិតថ្លៃ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ស្ទើរ​គ្រប់​ៗ​គ្នា ហើយ​ថែម​ទាំង​ផ្ដល់​នូវ​ចំណេះដឹង​ថ្មី​ៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ដែល ចំណេះដឹង​ទាំងនេះ​ជា​ទុន​មួយ​ដ៏​ប្រសើរ​សម្រាប់​ពួក​គាត់​អនុវត្ដ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​មិន​ធ្វើ​ឱ្យ​ពួក​គាត់​ខាតបង់​ថវិកា និង​ខាត​ពេលវេលា​សម្រាប់​ទៅ​ព្យាបាល​ជំងឺ ហើយ​ផ្ទុយ​ទៅ​វិញ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួ​សារបាន​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត ៕