រាជធានីភ្នំពេញ ៖ បទល្មើសព្រហ្មទណ្ឌនៅឆ្នាំ២០១0 ក្នុងខណ្ឌប្ញស្សីកែវ បានកើតឡើងចំនួន៦១លើក បើប្រៀបធៀបនឹងឆ្នាំ២០០៩ គឺថយចុះចំនួន៥៣លើក។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១០ របស់សាលាខណ្ឌប្ញស្សីកែវនៅក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ ដែលបានប្រារព្ធធ្វើនៅសាលាខណ្ឌកាលពីព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០១១ ក្រោមអធិបតីភាពលោកឃ្លាំង ហួត អភិបាលខណ្ឌ ។
លោកនុត ពុធដារ៉ា អភិបាលរងខណ្ឌប្ញស្សីកែវបានអានសុន្ទរកថា បើកសន្និបាតឱ្យដឹងថា សន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១របស់សាលាខណ្ឌប្ញស្សីកែវ ដែលបានរៀបចំឡើងនៅពេលនេះ គឺសំដៅឆ្លុះបញ្ចាំង និងរំលេចឱ្យឃើញពីស្នាដៃ និងបណ្តាសមិទ្ធផលជាច្រើនដែលសម្រេចបានលើកិច្ចសហការអនុវត្តប្រកបដោយ ប្រសិទ្ធភាពក្នុងការការពារសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ បង្ក្រាបបានទាន់ពេលនូវសកម្មភាពចោរលួច ឆក់ ប្លន់ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង ល្បែងស៊ីសងគ្រឿងញៀន អំពើល្មើសច្បាប់នានា ការជួញដូរមនុស្ស ជួញដូរផ្លូវភេទដោយអនុវត្តតាមគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» រួមទាំងការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងតែត្រូវបានអនុវត្តយ៉ាងម៉ឺង
ម៉ាត់ ។ នេះគឺជាកត្តាគន្លឹះក្នុងការបង្កលក្ខណៈ និងជំរុញឱ្យការអភិវឌ្ឍមូលដ្ឋានទទួលបានជោគជ័យ រួមចំណែកដល់កិច្ចអភិវឌ្ឍន៍រាជធានី ភ្នំពេញទាំងមូល ឈានទៅកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ត្រចតុកោណជំហានទី២របស់រាជ រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។
លោកស្រីកែវ ច័ន្ទស៊ុនណារី នាយិការដ្ឋបាលសាលាខណ្ឌប្ញស្សីកែវ បានអានរបាយការណ៍បូកសរុបលទ្ធផលអនវុត្តការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ឱ្យដឹងថា សកម្មភាពបទល្មើសព្រហ្មទណ្ឌនៅក្នុងខណ្ឌប្ញស្សីកែវកើតឡើងចំនួន៦១លើកប្រៀបធៀបនឹងឆ្នាំ២០០៩ ថយចុះចំនួន៥៣លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន៤នាក់ របួសធ្ងន់៤នាក់ របួសស្រាល៤នាក់ នៅក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង២៤លើក (ថយចុះ២៣លើក) និងបទល្មើសមជ្ឈិមកើតឡើងចំនួន៣៧លើក (ថយចុះ៣០លើក) ។ ចំពោះលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ យើងទទួលបានលទ្ធផលល្អដោយបង្ក្រាបសរុបចំនួន១០២លើក ឃាត់ខ្លួនបានចំនួន១២៨នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
លោកឃ្លាំង ហួត បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់អំពីសេចក្តីសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានញៀន ធ្វើយ៉ាងណាគ្មានអំពើលួច ឆក់ ប្លន់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ គ្មានការប្រើប្រាស់គ្រឿង គ្មានការជួញដូរស្ត្រី និងកុមារ និងជួញដូរផ្លូវភេទ គឺការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។ លោកឃ្លាំង ហួត បានបញ្ជាក់ថា មិនអនុញ្ញាតឱ្យមន្ត្រីណាមួយមានការពាក់ព័ន្ធនឹងថ្នាំញៀនឡើយ ហើយបើមានការពាក់ព័ន្ធគឺគ្មាននរណាអាចជួយបានទេ ។ លោកឃ្លាំង ហួត បានស្តីបន្ទោសដែរថា មន្ត្រីប៉ូលិសឥឡូវមេច្រើនជាងកូនចៅ ហើយមន្ត្រីប៉ូលិសខ្លះពេលមានភ្លើងឆេះទើបឃើញមុខ។ លោកក៏បានសំណូមពរដល់លោកអធិការខណ្ឌប្ញស្សីកែវ ត្រូវអនុវត្តឱ្យម៉ឺងម៉ាត់ កុំស្លូតពេកប្រយ័ត្នគេហៅថា អធិការស៊ីមពីរ ៕


ចែករំលែកព័តមាននេះ