ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​សាំង​គេច​ពន្ធ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ឆ្លង​ដែន​តាម​ផ្លូវ​ទឹក

15 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ដើម​ឆ្នាំ​២០១១នេះ ​នៅ​តាម​ច្រក​របៀង​ព្រំ​ដែន​នានា​ជា​​ពិសេស​ច្រក​របៀង​នៅ​សង​ខាង​​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​គេ​សង្កេត​ឃើញ​សកម្ម​ភាព​​ក្រុម​ឈ្មួញ​រត់​ពន្ធ​ប្រេង​សាំង​កំរើក​ឡើង​វិញ​ទាំង​ផ្លូវ​ទឹក​ និង​តាម​ផ្លូវ​គោក​។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាប់​ច្រក​របៀង​បាន​និយាយ​ថា ជំនួញ​​ប្រេង​សាំង​ត្រូវ​បាន​គេ​ផ្អាក​សកម្ម​ភាព​ដឹក​ជញ្ជូន​​ពី​ប្រទេស​វៀត​ណាម​​រយៈ​ពេល​២​ឆ្នាំ​ហើយ​ ទើប​តែ​នៅ​ដើម​ឆ្នាំ​២០១១​នេះ​​ប្រេង​សាំង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​​ឡើង​វិញ​​ឆ្លង​កាត់​មក​ចូល​ខេត្ត​កំពត​។ ជាក់​ស្តែង​នៅ​ខាង​កើត​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក គឺ​មាន​សកម្ម​ភាព​​ដឹក​ជញ្ជូន​​ជា​ប្រចាំ​តាម​ផ្លូវ​ទឹក​។ ពេល​ខ្លះ​ក្រុម​ឈ្មួញ​បាន​គេ​ជួល​ប្រជា​ពល​រដ្ឋ​ឱ្យ​ចង​ខ្សែ​អូស​ប៊ី​ដុង​ប្រេង​តាម​ទឹក​ ឬ​ដឹក​តាម​ទូក​​ ហើយ​បើ​អ្នក​ខំ​ក្នុង​មួយ​ថ្ងៃ​គេ​ដឹក​តាម​ទូក​បាន​ទៅ​ដល់​១០​ជើង​ ដែល​​ក្នុង​មួយ​ជើង​គេ​ដឹក​បាន​ពី​៣០​ទៅ​៤០​ប៊ី​ដុង​។ អ្នក​រក​ស៊ី​ដឹក​ប្រេង​សាំង​គេច​ពន្ធ​ទាំង​នេះ​មិន​ខ្លាច​សមត្ថ​កិច្ច​ទេ ព្រោះ​មាន​អ្នក​អង្គុយ​ចាំ​យក​លុយ​។

មន្ត្រី​នគ​របាល​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​មួយ​រូប​និយាយ​ថា កម្លាំង​នគរ​បាល​អាច​​​ចល័ត​ចេញ​ពី​ប៉ុស្តិ៍​ចំងាយ​១.៥០០​ម៉ែត្រ​ ប៉ុន្តែ​ការ​អង្គុយ​ចាំ​យក​លុយ​នោះ​បាន​ត្រឹម​តែ​រួច​ថ្លៃ​ម្ហូប​ប៉ុណ្ណោះ​ ។ ចំណែក​ឯ​មន្ត្រី​គយ​វិញ​មិន​អាច​រក​ការ​បំភ្លឺ​​បាន​ទេ តែ​កន្លង​មក​គេ​ក៏​ធ្លាប់​ឃើញ​ខាង​គយ​ទៅ​បង្អើល​ម្តង​ម្កាល​ដែរ​ ៕