ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វ័យចាស់​7​មក​រា លើក​ពាន​លោក​អភិបាល​រាជធានី​អបអរខួប​អនុស្សាវរីយ៍​លើក​ទី​37 ទិវា​ជ័យជម្នះ​7 មក​រា​1979-2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជម្នះ​៧​មក​រា (៧​មក​រា​១៩៧៩-៧​មក​រា​២០១៦)​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​ជ័យជម្នះ​៧​មក​រា (៧​មក​រា​១៩៧៩-៧​មក​រា​២០១៦)​ដែល​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​២ មក​រា នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៣ មក​រា កន្លង​មកនេះ​។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ក្រោម​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​របស់​លោកស្រី​ហួត យ៉ា​រី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សាលា​រាជធានី​ភ្នំពេញ ផ្ដួចផ្ដើម​គំនិត​ឱ្យ​មានការ​ប្រកួត​ជា​លើក​ដំបូង​នេះ​ឡើង​ដោយ​មាន​កីឡាករ​តែ​៦​ក្រុម​ប៉ុណ្ណោះ​ចូលរួម​ប្រកួត គឺ​ក្រុម​វ័យចាស់​សាលា​រាជធានី​ភ្នំពេញ​, ក្រុម​វ័យចាស់​អាស៊ាន​, ក្រុម​វ័យចាស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​, ក្រុម​វ័យចាស់​ច្បារ​អំពៅ​, ក្រុម​វ័យចាស់​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ និង​ក្រុម​វ័យចាស់​៧​មក​រា​។ ក្រុម​ទាំង​៦​បែងចែក​ជា​២​ពូ​ល​ប្រកួត​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល ដោយ​យក​មួយ​ពូ​ល​២​ក្រុម​ឡើង​មក​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​។

ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​ថ្ងៃ​មកនេះ ក្រុម​វ័យចាស់​៧​មក​រា ជា​អ្នក​លើក​ពាន បន្ទាប់​ពី​បាន​លត់​ក្រុម​វ័យចាស់​អាស៊ាន​ឱ្យ​ចាញ់​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​៦-៣​រួច​មក​នោះ ។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ដែល​មាន​រយៈពេល​៤០​នាទី​នោះ ក្រុម​ទាំង​២​មានឱកាស​រកបាន​១​គ្រាប់​ម្នាក់​ស្មើគ្នា ។ លុះ​ចូល​ដល់​តង់​ទី​២ ក្រុម​ទាំង​២​រកបាន​១​គ្រាប់​ម្នាក់​ដូច​គ្នា​ទៀត ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ទាំង​ពីរ​តង់​ដែល​មាន​រយៈពេល​៨០​នាទី​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ស្មើគ្នា​២-២ ។ ដើម្បី​រក​ក្រុម​ឈ្នះ​លើក​ពាន​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ទាំង​២​ទាត់​បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​៥​នាក់​ម្ខាង​ប៉ុណ្ណោះ ។ ជា​លទ្ធផល ក្រុម​វ័យចាស់​អាស៊ាន​ធ្វើ​បាន​សម្រេច​តែ​១​គ្រាប់​ប៉ុណ្ណោះ ខណៈ​ក្រុម​វ័យចាស់​៧​មក​រា​ធ្វើ​បាន​សម្រេច​រហូត​ដល់​ទៅ​៤​គ្រាប់ ។ ដូច្នេះ​ក្រុម​វ័យចាស់​អាស៊ាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​វ័យចាស់​ច្បារ​អំពៅ​ក្នុង​លទ្ធផល​៥-២​រួច​មក​នោះ ។

សូម​បញ្ជាក់​ថា ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​ធ្លាក់​តាំងពី​វគ្គ​ប្រកួត​ជម្រុះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដំឡើង​ចំណាត់ថ្នាក់​លេខ​៤​ស្ទួន​ស្មើ​ៗ​គ្នា​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល​។ ក្រុម​លេខ​៣​ទទួល​បាន​១​លាន​៥​សែន​រៀល ក្រុម​លេខ​២​ទទួល​បាន​២​លាន​រៀល និង​ក្រុម​លេខ​១​ទទួល​បាន​៣​លាន​រៀល​។
 
លោកប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​នេះ​លោក​មាន​គម្រោង​បង្កើត​ឡើងជា​យូរ​មក​ហើយ និង​ចងក្រង​ទុកជា​ឯកសារ​ចាប់ពី​ពេល​នេះ​ទៅ ព្រោះថា​ការ​ប្រកួត​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​ក្រោយ​ៗ​លោក​សង្ឃឹមថា នឹង​មាន​ក្រុម​មក​ចូលរួម​ប្រកួត​កាន់តែ​ច្រើន​ជាង​នេះ ។ លោក​បាន​ជំរុញ​ដល់​បណ្ដា​ខណ្ឌ​ទាំងអស់​ឱ្យ​នាំ​គ្នា​បង្កើត​ក្រុមកីឡា​ឱ្យ​បាន​ច្រើន​មាន​ដូច​ជា​បាល់ទាត់ បាល់ទះ បាល់បោះ វាយ​កូន​ឃ្លី​លើ​តុ និង​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ជំរុញ​វិស័យ​កីឡា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ផុលផុស​ឡើង​។

លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជំរុញ​ឱ្យ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ជួយ​កែ​លម្អ​ទីលាន​តារាង​បាល់ទាត់​ក្នុង​វិទ្យាល័យ​ជា ស៊ី​ម​បឹង​កេងកង ឱ្យ​បាន​ល្អ​តាម​ស្តង់ដារ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជាមួយ​នេះ​លោក​បាន​បញ្ជាក់​ថា ការ​លេង​កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខភាព​ផ្លូវ​កាយ និង​ប្រាជ្ញា​​ស្មារតី​ប៉ុណ្ណោះ​នោះ​ទេ គឺ​ថែម​ទាំង​នាំ​មក​នូវ​ទំនាក់ ទំនង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អជា​មួយ​គ្នា​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​យើង​ដឹង​ហើយ​ថា នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ កម្ពុជា នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ។ ដូច្នេះ​ការ​ប្រកួត​នេះ គឺជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បំផុស​ដល់​យុវជន​ឱ្យ​ចូលរួម​លេង​កីឡា​កាន់តែ​ច្រើន ដើម្បី​ស្វែងរក​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ចូលរួម​ប្រកួត​ដណ្ដើម​ជ័យ​លា​ភី​ជូន​ជាតិ ៕