ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ស្រា​បៀរ​លី​អូ​វគ្គ​៣ មាន​សមាសភាព​ថ្មី​តិចតួច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រដាល់​ជើងឯក​ដែល​មានឈ្មោះ​ថា «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ លី​អូ​» អស់​២​រដូវ​កាល គេ​ចាប់អារម្មណ៍​ថា​ព្រឹត្តិ​​ការណ៍​ដែល​បាន​រៀបចំ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រដាល់​ជើងឯក​ដែល​មានឈ្មោះ​ថា «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ លី​អូ​» អស់​២​រដូវ​កាល គេ​ចាប់អារម្មណ៍​ថា​ព្រឹត្តិ​​ការណ៍​ដែល​បាន​រៀបចំ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​មួយ​នេះ ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

យ៉ាងណា​ក៏​ដោយ ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សមាស​ភាព​ថ្មី​សម្រាប់​រដូវ​កាល​ទី​៣ ដែល​ទើបបាន​ប្រកាស​ឡើង​កាលពី​ថ្ងៃ​ទី​៣ មក​រា ម្សិល​ម៉្ងៃ គេ​កត់​សម្គាល់ថា​មិនសូវ​មាន​សមាសភាព​ថ្មី​នោះ​ទេ​គឺ​នៅ​តែ​ប្រមូលផ្ដុំ​ដោយ​កីឡាករ​ដែល​ធ្លាប់​បង្ហាញខ្លួន​រួច​មក​ហើយ​កាលពី​ក្នុង​វគ្គ​១ និង​វគ្គ​២​ភាគច្រើន​នៅឡើយ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​របស់​ស្រា​បៀរ​លី​អូ​រដូវ​កាល​ថ្មី​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​នៅ​ថ្ងៃ​សន្និសីទ​ថា គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា​ដ្បិតថា​មាន​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​សមត្ថភាព និង​បទ​ពិសោធន៍​មិន​អាចមកត​តាំង​គ្នា​នៅ​លើ​សង្វៀន​បាន ។ លោក​បញ្ជាក់​ថា​ តាម​ការ​កត់សម្គាល់​វិស័យ​ប្រដាល់​មានការ​រីក​ចម្រើន​កីឡាករ​ថ្មី​ស្ទើរ​គ្រប់​ប្រភេទ​ទម្ងន់ ប៉ុន្តែ​ជម្រើស​ដែល​អាច​ឲ្យ​លោក និង​សហព័ន្ធ​យក​មក​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់ គឺ​មិន​ច្រើន​នោះ​ទេ ទើបត្រូវ​តែ​បង្ខំចិត្ត​ជ្រើស​យក​កីឡាករ​ដដែល​ៗ​មួយ​ចំនួន​ដែល​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​ស្រា​បៀរ​លី​អូ​កាលពី​វគ្គ​១ និង​វគ្គ​២​ឲ្យ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វគ្គ​៣​របស់​ស្រា​បៀរ​លី​អូ​មួយ​នេះ​ទៀត ដើម្បី​កុំ​ឲ្យ​ការ​ប្រកួត​អាក្រក់​មើល ។

លោក​មាន​ប្រសាសន៍​ថា រូប​លោក​ក៏​ចង់បាន​សមាសភាព​ថ្មី និង​ចង់​លើក​ស្ទួយ​កីឡាករ​ថ្មី​ៗ​ឲ្យ​បាន​កាន់តែ​ច្រើន​ផង​ដែរ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ចេះ​តែ​ធ្វើ​ទៅ​បាន​ទេ​ដោយសារ​កម្មវិធី​ប្រដាល់​ត្រូវការ​ប្រកួតប្រជែង​ខ្ពស់ ហើយ​អ្នក​ឃ្លាំមើល​ក៏​មិន​ចង់​ទស្សនា​កីឡាករ​ថ្មី​ដែល​ខ្វះ​បច្ចេកទេស​មក​ប្រកួត​ឲ្យ​ល្អមើល​នោះ​ដែរ​។ លោក​និយាយ​ថា​៖«​ការ​ប្រកួត​ជើងឯក​លី​អូ​វគ្គ​៣​ហ្នឹង ខ្ញុំ​ទទួលស្គាល់​សមាសភាព​ចាស់​ៗ​ត្រឡប់​មក​វិញ​ច្រើន ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​នោះ​មិនមែន​ដោយសារ​បក្សពួក ឬ​ខ្សែស្រឡាយ​អី​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​កីឡាករ​ទម្ងន់​៦៧​គីឡូក្រាម​ហ្នឹង វា​អត់​សូវ​មាន​កីឡាករ​ល្អ ប៉ុន្តែ​ការ​រៀបចំ​លើក​នេះ​ខ្ញុំ​ក៏​ប្រឹង​រំលេច​រក​កីឡាករ​ថ្មី​ៗ​ដែល​មាន​សមត្ថភាព​ឲ្យ​មក​ចូល​ប្រកួត​បាន​ច្រើន​ដែរ គឺ​មិនមែន​ដាក់​ដដែល​ទាំងអស់​ទេ​!» ។ លោក​ថា ការ​ប្រកួត​មួយ​នេះ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣ មក​រា កន្លង​ទៅ ដោយ​ការ​ប្រកួត​នឹង​បែងចែក​ជា​ពូ​លហើយ​មាន​រូបមន្ត​ប្រកួត​គ្នា​សន្សំ​ពិន្ទុ និង​បន្ត​ប្រកួត​គ្នា​ឆ្លង​ពូ​ល រហូត​ទាល់តែ​ស្វែងរក​ឃើញ​ជើង​ខ្លាំង​២​រូប​ចុង​ក្រោយ ដើម្បី​ប្រកួត​គ្នា​យក​លេខ​១ និង​លេខ​២ ។

កីឡាករ​ដែល​ចូលរួម​សម្រាប់​ព្រឹត្តិការណ៍​ជើងឯក​លី​អូ​វគ្គ​៣​ទាំង​៨​រូប​រួម​មាន កីឡាករ​ចៅ ផល​ឌឿ​, កីឡាករ រិ​ន មុន្នី​, កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី​, កីឡាករ ឯម ខ្លឹម​ខ្មៅ​, កីឡាករ ផា​ន់ ចំណាន​,  កីឡាករ វី​សេរី ចាន់​ឌី​ន​, កីឡាករ ហាក់ ចាន់​ធី និង កីឡាករ រឿ​ម វណ្ណៈ ។

លោក​ព្រាប សុវណ្ណ តំណាង​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​អះអាង​ថា ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៣ ។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​លើក​ស្ទួយ​វិស័យ​កីឡា និង​ជួយ​រំលេច​កីឡាករ​ជំនាន់​ចាស់ និង​ជំនាន់​ថ្មី​ឲ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​នា​ពេល​កន្លង​មក​ផង​ដែរ ជា​ពិសេស​ចំពោះ​កីឡាករ​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ជើងឯក​កាលពី​វគ្គ​១ និង​វគ្គ​២​។

លោក​នៅ​តែ​រំពឹង​ថា​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​វគ្គ​៣»​នឹង​បញ្ចប់​ដោយ​រក​ឃើញ​ជើង​ខ្លាំង​ដែល​មាន​ប្រជាប្រិយភាព​ភាព ហើយ​បើជា​សមាសភាព​របស់​កីឡាករ​ថ្មី​ដែល​មិន​ធ្លាប់​ប្រកួត​កន្លង​មក គឺ​កាន់តែ​ប្រសើរ​។ ក្នុង​នោះ​ក្រុមហ៊ុន​ក៏​ទទូច​ឲ្យ​កីឡាករ​ថែទាំ​សុខភាព​ក្នុង​អំឡុង​នៃ​ការ​ប្រកួត ដើម្បី​កុំ​ឲ្យ​បាត់បង់​ឱកាស​ស្វែងរក​ភាព​ខ្លាំង​នៅ​វគ្គ​ដណ្ដើម​ជើងឯក​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​ទស្សនា​កត់សម្គាល់​ពី​សមត្ថភាព ហើយ​គាំទ្រ​ពេញទំហឹង​សម្រាប់​ការ​រៀបចំ​លើក​នេះ ៕